ភ្នំពេញៈ បក្សកាន់អំណាចអះអាងថា ប្រសិនបើរដ្ឋាភិបាលថ្មី អន្តរជាតិមិនទទួលស្គាល់នោះ អង្គការសហប្រជាជាតិមិនអញ្ជើញទៅចូលរួមប្រជុំឡើយ ខណៈអ្នកវិភាគថា រដ្ឋាភិបាលបង្កើតឡើងក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះមិនអាចស្មើមុខលើឆាកអន្តរជាតិ។
ក្រុមអ្នកវិភាគនយោបាយលើកឡើងថា សហគមន៍អន្តរជាតិលែងមានជំនឿទៅលើអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយអំពីការប្តេជ្ញាចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហើយ។ ក្រៅពីនេះរដ្ឋាភិបាលថ្មីដែលគ្រោងនឹងបង្កើតនៅខែក្រោយក៏មិនអាចស្មើមុខស្មើមាត់លើឆាកអន្តរជាតិបានដែរ ខណៈលោក ហ៊ុន សែន គ្រោងនឹងទៅប្រាប់អង្គការសហប្រជាជាតិនាខែក្រោយអំពីស្ថានការណ៍នយោបាយ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស ប៉ុន្តែបក្សឈ្នះឆ្នោតថាបើអន្តរជាតិមិនជឿ ឬមិនទទួលស្គាល់ នោះពួកគេមិនអញ្ជើញកម្ពុជាទៅចូលរួមប្រជុំឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចសម្តែងការអស់សំណើចចំពោះអ្នកវិភាគដែលលោកចាត់ទុកថាជាការវិភាគដែលមិនស្មើនឹងការដេកយល់សប្តិនោះផង។ លោកថានាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលត្រូវបានអង្គការសហប្រជាជាតិអញ្ជីញទៅចូលរួមប្រជុំនេះគឺសុទ្ធតែមានកិត្តិយស និងលិខិតអញ្ជើញពីម្ចាស់ផ្ទះ។
លោក សុខ ឥសាន បញ្ជាក់ថា៖ «តែគេអញ្ជើញហើយ គេទទួលស្គាល់តាំងពីគេអញ្ជើញម្ល៉េះមិនមែនដល់តែទៅហើយបានគេទទួលស្គាល់ ឬមិនទទួលស្គាល់ដូចគាត់ថាទេ។ គេទទួលយើងហើយបានគេអញ្ជើញ មិនមែនដូចអ្នកវិភាគចេះតែនិយាយ វាគួរឲ្យខ្មាសអៀនណាស់។ គាត់ចង់ថា ហ្នឹងគឺថាគេហៅលម្អៀងខាងនយោបាយច្បាស់ទែងហ្មង»។
លោកសង្កត់ធ្ងន់ថា៖ «នយោបាយការទូតវាអ៊ីចឹង បើសិនណាជាគេមិនទទួលស្គាល់រាជរដ្ឋាភិបាល គេផ្តាច់ទូតបាត់ហើយ គេមិនមែនបញ្ជូនទូតគេមក គេទទួលសារតាំងអីត្រឹមត្រូវទេ»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថាកម្ពុជាជាសមាជិកពេញលេញរបស់អង្គការសហប្រជាជាតិ ហើយបានដើរតួសំខាន់ណាស់នៅក្នុងការងាររបស់អង្គការសហប្រជាជាតិ។
លោកថា៖ «ដូច្នេះសម្តេចលោកអញ្ជើញទៅក្នុងនាមជាអ្នកជាប់ឆ្នោត ក្នុងនាមជានាយករដ្ឋមន្ត្រីផ្លូវការ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិដែលជួយសហការជាមួយអង្គការនេះ។ ដូច្នេះអ្នកលើកហ្នឹងគ្រាន់តែលើកដើម្បីយកអវិជ្ជមានវាយប្រហារលើកម្ពុជាតែប៉ុណ្ណោះ»។
លោក Paul Chambers អ្នកវិភាគនយោបាយ និងជាទីប្រឹក្សាពិសេសកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan នៅឯប្រទេសថៃប្រាប់ភ្នំពេញប៉ុស្តិ៍ តាមរយៈសារអេឡិចត្រូនិកកាលពីថ្ងៃអាទិត្យថានៅពេលចុងក្រោយ សហគមន៍អន្តរជាតិនឹងទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុន្តែដំណើរការនោះនឹងទំនងជាប្រព្រឹត្តទៅយឺតយូរជាងការរំពឹងទុក។
លោកថា សហគមន៍អន្តរជាតិអស់ជំនឿលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
លោកសរសេរថា៖ «ខ្ញុំគិតថា សហគមន៍អន្តរជាតិបានបញ្ចប់យូរមកហើយនូវការជឿជាក់ទៅលើអ្វីដែលលោក ហ៊ុន សែន និយាយអំពីការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ឬភាពស្របច្បាប់ខាងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»។
លើសពីនេះលោកក៏បានលើកឡើងដែរថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងប្រឈមនឹងការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក និងទំនងជាប្រឈមនឹងការកាត់ជំនួយពីប្រទេសនៃសហភាពអឺរ៉ុបផងដែរ។
លោកថា៖ «នេះដោយសារតែលោក ហ៊ុន សែន ត្រូវបានថ្កោលទោសដោយប្រទេសលោកខាងលិចជាច្រើន ព្រោះថាបានបញ្ចប់ទាំងស្រុងនូវលទ្ធិប្រជាធិបតេយ្យទន់ខ្សោយរួចទៅហើយ និងជាក់ស្តែងគណបក្សប្រជាជនកម្ពុជាបានរៀបចំច្បាប់របស់កម្ពុជា តុលាការ និងគណបក្សនយោបាយ ដើម្បីបង្កើតនូវអ្វីតាំងពីការបោះឆ្នោតកាលពីខែកក្កដាដែលមានអំណាចផ្តាច់ការគណបក្សតែ ១»។
ស្រដៀងគ្នានេះដែរប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជាលោក រស់ សារ៉ុម ចាត់ទុកការត្រៀមទៅថ្លែងនៅអង្គការសហប្រជាជាតិរបស់លោក ហ៊ុន សែន ថាគ្រាន់តែជាល្បែងគោះទឹក ដើម្បីចង់ដឹងថាតើសាធារណជនជាតិ និងអន្តរជាតិនឹងទទួលស្គាល់រដ្ឋាភិបាលដែលបង្កើតឡើងក្រោយការបោះឆ្នោតចម្រូងចម្រាសនេះមានកម្រិតប៉ុនណា?
លោកបានថ្លែងថា៖ «បំណងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ដែលនឹងទៅបកស្រាយនៅអង្គការសហប្រជាជាតិនោះ ខ្ញុំយល់ថាវាមានប្រសិទ្ធភាពតិចតួច បើប្រៀបធៀបជាមួយនឹងអ្វីដែលជាសមិទ្ធផលដែលរដ្ឋាភិបាលកម្ពុជារំពឹងទុកថាសហគមន៍អន្តរជាតិទទួលស្គាល់នោះ»។
លោកថា៖ «មិនអាចស្មើមុខស្មើមាត់លើឆាកអន្តរជាតិបានទេព្រោះការបោះឆ្នោតហាក់មិនបានឆ្លុះបញ្ចាំងឆន្ទៈ [ពលរដ្ឋ]»៕