ភ្នំពេញៈ បក្សកាន់អំណាចនៅតែមានជំនឿថា ទណ្ឌកម្មអន្តរជាតិដែលមានចេតនាចង់ឲ្យមានការសម្របសម្រួលនយោបាយជាមួយអតីតបក្សប្រឆាំងគឺមិនអាចមានប្រសិទ្ធភាពមកលើរដ្ឋាភិបាលកម្ពុជាបានឡើយ ក្រោយការបោះឆ្នោតដែលខ្លួនឈ្នះកាន់កាប់អំណាចទាំងស្រុងនោះដោយអះអាងថា សន្ធឹកសូរសំឡេងនៃការដាក់សម្ពាធទាំងឡាយ វាគ្រាន់តែជាការគំរាមកំហែងដដែលៗតែប៉ុណ្ណោះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សឈ្នះឆ្នោតលើសលប់គ្រប់គ្រងអាសនៈរដ្ឋសភាទាំង ១២៥ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដាដោយមិនមានគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ចម្បងត្រូវបានរំលាយចូលរួមប្រកួតប្រជែងនោះបានថ្លែងដោយមានជំនឿមុតមាំថា សម្ពាធ ឬទណ្ឌកម្មពីអន្តរជាតិដែលចង់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ថយក្រោយមួយជំហាន ដើម្បីងាកទៅរកតុចរចាជាមួយអតីតគណបក្សប្រឆាំងគឺជារឿងមិនអាចទៅរួច។
លោក ឥសាន បញ្ជាក់ថា៖ «រឿងដែលថាសម្ពាធបរទេសកាន់តែខ្លាំងឡើងៗ ខ្ញុំនិយាយទៅវាគ្មានឃើញខ្លាំងអីទេ។ ខ្លាំងតាំងពីដើមមកតាំងពីមុនបោះឆ្នោត។ ខ្លាំងហ្នឹងដើម្បីទប់កុំឲ្យមានការបោះឆ្នោត ឥឡូវដល់បោះឆ្នោតហើយរឿងខ្លាំងអីទៀត វាទៅហើយទប់វាអត់កើតទេចរន្តនៃលទ្ធិប្រជាធិបតេយ្យកំពុងរីកចម្រើននៅកម្ពុជាមិនអាចមានជនបរទេស ឬក៏ពួកឧទ្ទាមក្រៅច្បាប់មកទប់ស្កាត់បានទេ»។
ឆ្លើយតបនឹងការដកគម្រោងអនុគ្រោះពន្ធនាំទំនិញចេញទៅទីផ្សារសហភាពអឺរ៉ុបលើកលែងតែអាវុធ (EBA Everything But Arms) លោក សុខ ឥសាន អះអាងថាការព្រមានផ្តាច់គម្រោងអនុគ្រោះពន្ធសម្រាប់កម្ពុជានេះ ធ្លាប់ឮយូរមកហើយ ប៉ុន្តែមិនដែលឃើញអនុវត្តទេ ហើយឥឡូវសហភាពអឺរ៉ុបបានអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមប្រជុំនៅចុងឆ្នាំនេះទៀត។
លោកថា ការដកអនុគ្រោះពន្ធគឺមិនមែនចេះតែធ្វើងាយស្រួលទេ លុះត្រាតែមានកុងសង់ស៊ីសពីប្រទេសទាំង ២៨ នៅក្នុងសហភាពអឺរ៉ុបនោះ បើមិនដូច្នោះទេមិនអាចធ្វើបានឡើយ។
លោកថ្លែងថា៖ «អាហ្នឹងគ្រាន់តែជាការគំរាមជាការរំលោភសិទ្ធិលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំយល់ថា វាអត់មានអីប្លែកទេ គេស្រែកអារឿងគំរាមៗហ្នឹងយូរហើយតើ។ ឥឡូវវានៅតែគំរាមដដែលហ្នឹង គំរាមប៉ុន្តែដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា វាចេះតែទៅមុខ»។
លោកសង្កត់ធ្ងន់ថា៖ «អត់មានទេរឿងចរចានយោបាយពីព្រោះអតីតបក្សប្រឆាំងហ្នឹងហើយដែលបំផ្លាញវប្បធម៌សន្ទនាដែលជាការនាំឲ្យដល់ការបិទផ្លូវចរចានានាហ្នឹង។ លក្ខខណ្ឌក៏ដោយមិនមានលក្ខខណ្ឌក៏ដោយអត់មានរឿងចរចា យើងគោរពឆន្ទៈប្រជាពលរដ្ឋកម្ពុជា។ បើបោះឆ្នោតហើយចេញលទ្ធផលចរចា ចាំបាច់បោះឆ្នោតធ្វើអី»។
ក្រោយការបោះឆ្នោតសហគមន៍អន្តរជាតិដូចជា សហរដ្ឋអាមេរិកសហភាពអឺរ៉ុប កាណាដា អូស្ត្រាលី បារាំង និងប្រទេសនូវែលសេឡង់ដែលជាប្រទេសប្រជាធិបតេយ្យបានសម្តែងការសោកស្តាយ និងខកចិត្តចំពោះការបោះឆ្នោត ដែលមិនមានបក្សប្រឆាំងចូលរួម។ ពួកគេចាត់ទុកការបោះឆ្នោតនេះមិនស្របតាមឆន្ទៈពលរដ្ឋ និងមិនសេរីត្រឹមត្រូវគួរឲ្យជឿទុកចិត្តបានហើយបានជំរុញឲ្យមានការចរចា។
ប៉ុន្តែទោះជាយ៉ាងណាលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីកាលពីចុងសប្តាហ៍លោក រង្ស៊ី បានរំឭកថា ក្នុងកិច្ចសន្ទនា ឬ ចរចាជាមួយលោក ហ៊ុន សែន នាពេលកន្លងមកគឺលោកស្គាល់លោក ហ៊ុន សែន ច្បាស់ណាស់ថាលោក ហ៊ុន សែន បង្កើតវប្បធម៌សន្ទនាជាមួយលោកគឺជាវប្បធម៌សន្ទនាក្លែងក្លាយ។
លោក រង្ស៊ី ប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកថា៖ «ខ្ញុំបានសាកល្បងច្រើនលើកច្រើនសាខ្ញុំបានលេបថ្ម លេបក្រួសច្រើនដងហើយ។ ឥឡូវនេះខ្ញុំបានឃើញច្បាស់ហើយ លោក ហ៊ុន សែន កែអត់ឡើងទេ។ និយាយស្លូតៗកែអត់ឡើងទេ ទាល់តែឲ្យអន្តរជាតិសំពងបានគាត់ចេះកែខ្លួន»។
លោក រង្ស៊ី ប្រាប់អាស៊ីសេរីថា៖ «បងប្អូនមើលគាត់ទៅ គឺអ្វីដែលគាត់ធ្វើ ខ្លួនគាត់ ទង្វើរបស់គាត់គឺសុទ្ធតែក្លែងក្លាយ។ អ៊ីចឹងយើងមិនចាំបាច់ចរចាអីជាមួយមនុស្សក្លែងក្លាយទេ»។
លោក រង្ស៊ី បន្ថែមថា៖ «ពេលណាយើងមានសញ្ញា មានភ័ស្តុតាង ប្រជារាស្ត្រខ្មែរ អន្តរជាតិទាំងមូលឃើញថាលោក ហ៊ុន សែន ចេះកែខ្លួនហើយ អាហ្នឹងសឹមយើងចរចា»។
លោក រង្ស៊ី ចាត់ទុកស្ថានការណ៍នយោបាយដែលមិនមានវត្តមានបក្សសង្គ្រោះជាតិរហូតមកដល់ឆ្នាំ ២០១៨ នេះថាជាស្ថានការណ៍ល្អបំផុតដោយលោកហៅការរំលាយបក្សប្រឆាំងថាជាការភ្លាត់ស្នៀតរបស់លោក ហ៊ុន សែន។
លោកថា៖ «ហ៊ុន សែន ភ្លាត់ស្នៀតធំៗ ២ ផ្ទួនៗគ្នា ភ្លាត់ស្នៀតទី ១ រំលាយគណបក្សសង្គ្រោះជាតិ ភ្លាត់ស្នៀតទី ២ បោះឆ្នោតក្លែងក្លាយនេះ។ ឥឡូវនេះគាត់បរាជ័យទាំង ២ ចំណុចហ្នឹង»។
លោក រស់ សារ៉ុម ប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជាថ្លែងថា បើមិនមានការចរចា ដើម្បីរកច្រកផ្សះផ្សាជាតិទេ បក្សកាន់អំណាចដែលឈ្នះឆ្នោតតាមតួលេខពលរដ្ឋទៅបោះឆ្នោតមិនពិតប្រាកដនោះនឹងជួបសំណាងមិនល្អ ហើយសម្រាប់រដ្ឋាភិបាលថ្មីដោយសារទណ្ឌកម្មពីអន្តរជាតិនាំឲ្យខាតចំណូលជាង ៦០០ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ និងប្រជាពលរដ្ឋគ្មានការងារធ្វើ។
លោកថា៖ «ខ្ញុំតឲ្យគណបក្សប្រជាជន ៦ ខែទៀត ចាំមើលនៅពេលគណបក្សប្រជាជនបង្កើតរដ្ឋាភិបាលសួរថា តើប្រទេសណាខ្លះដែលគាំទ្ររដ្ឋាភិបាលខ្លួនឯងហ្នឹង ហើយអាចធ្វើការជាមួយសហគមន៍អន្តរជាតិបានទេ។ ថាតើរដ្ឋាភិបាលហ្នឹងស្របច្បាប់ទេ បើស្របច្បាប់ហើយចាំមើលអូសបានប៉ុន្មាន?»៕