ភ្នំពេញៈ បក្ស​កាន់អំណាច​បាន​បង្ហាញ​ជំហរ​កាន់តែ​រឹងមាំ​ក្នុង​ការមិន​ចុះ​ញ៉ម​នឹង​សម្ពាធ​អន្តរជាតិ ជាពិសេស​សហគមន៍​អឺរ៉ុប​ដែល​គំរាម​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ខណៈ​ប្រទេស​មហាអំណាច​ចំនួន ៣ ទៀត​គឺ​សហរដ្ឋអាមេរិក បារាំង និង​អាល្លឺម៉ង់​ដែល​មន្ត្រី​បក្ស​នេះ​ចាត់​ទុក​ថា ងាក​មក​គាំទ្រ​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត បន្ទាប់ពី​មហាយក្ស​ចិន និង​រុស្ស៊ី​នោះ​។

មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច លោក សុខ ឥសាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ពី​សំណាក់​សភា​សហភាព​អឺរ៉ុប ឬ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ដែល​បង្ខំ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើ​យ៉ាងណា​រក​ច្រក​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្សប្រឆាំង​មាន​វត្តមាន​ឡើង​វិញ​ក្នុង​ឆាកនយោបាយ​អាណត្តិ​នេះ ឬ​ចង់​ឲ្យ​មាន​ការចរចា​នយោបាយ​ជាមួយ​អតីត​មេដឹកនាំ​បក្សប្រឆាំង​នោះ គឺជា​រឿង​មិន​អាច​កើត​មាន​បាន​។ ការបង្ហាញ​ជំហរ​កាន់តែ​រឹងមាំ​បែប​នេះ ក្រោយ​ពី​ថ្មីៗ​នេះ​ប្រទេស​មហាអំណាច​ធំៗ​មាន សហរដ្ឋ​អាមេរិក បារាំង និង​អាល្លឺម៉ង់​បាន​ចេញ​លិខិត​បង្ហាញ​ពី​ការចង់​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន សែន ដោយ​បក្ស​កាន់អំណាច​ចាត់ទុក​ថា​ជំហរ​ប្រទេស​ខាង​លើ​គឺជា​ការគាំទ្រ​រដ្ឋាភិបាល​ថ្មី​។

តាមរយៈ​ការ​ថ្លែង​របស់​អនុប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Frederica Mogherini ក្នុង​កិច្ចប្រជុំសភា​អឺរ៉ុប​កាលពី​ថ្ងៃទី​ ១៣ ខែ​កញ្ញា ហើយ​ត្រូវ​បាន​បកប្រែ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​បក្ស​សង្គ្រោះជាតិ​គឺ​លោកស្រី​ព្រមាន​ដាក់​ទណ្ឌកម្ម​ជាក់ស្តែង​ និង​សមស្រប​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រសិន​បើ​ការ​ស្នើ​ឲ្យ​មាន​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​កម្ពុជា​ត្រូវ​បាន​ព្រងើយកន្តើយ​នោះ​។ ទណ្ឌកម្ម​ដែល​សហភាព​អឺរ៉ុប​ត្រៀម​នឹង​ដាក់​មក​លើ​រដ្ឋាភិបាល​កម្ពុជា គឺ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ (Everything But Arms, EBA) ដែល​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជា និង​ការ​ផ្តាច់​ជំនួយ​ផ្សេងៗ​ទៀត​ដល់​កម្ពុជា​។

លោកស្រី Mogherini ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា​៖ «​ការគោរព​សិទ្ធិ​មនុស្ស​ជា​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​ឲ្យ​យើង​លើក​លែង​ពន្ធដា​ចំពោះ​ទំនិញ​ផលិត​នៅ​កម្ពុជា​។ សហភាព​អឺរ៉ុប​បាន​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ច្រើន​វិស័យ ច្រើន​ឆ្នាំ​មក​ហើយ​។ យើង​មាន​បំណង​ចង់​ជួយ​ប្រទេស​កម្ពុជា​តទៅទៀត​។ តែ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ឈប់​ការគាបសង្កត់​មក​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង​»​។

លោកស្រី​បញ្ជាក់​ថា​៖ «​យើង​ស្នើ​ឲ្យ​មាន​ការចរចា​ឡើងវិញ​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​។ យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​មក​លើ​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​។ យើង​ចង់​ឃើញ​មន្ត្រី​គណបក្ស​ប្រឆាំង​ ១១៨ ​រូប​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​»​។

លោកស្រី​ក៏​បាន​ស្នើ​រដ្ឋាភិបាល​ប្រគល់​សង​តំណែង​ជាប់​ឆ្នោត​ឲ្យ​ទៅ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មកពី​គណបក្ស​ប្រឆាំង​ដែល​បាន​ជាប់ឆ្នោត​ខែ​មិថុនា ឆ្នាំ​ ២០១៧​។ មន្ត្រី​ និង​សកម្មជន​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ដែល​កំពុង​និរទេស​ខ្លួន​ត្រូវ​តែ​មាន​សិទ្ធិ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​។ លោកស្រី​ក៏​បាន​រំឭក​ថា យោង​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ឆ្នាំ​ ១៩៩១ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​អនុវត្ត​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។

ជាមួយ​នឹង​ការស្នើ​នេះ​លោកស្រី​សង្កត់​ធ្ងន់​ថា​៖ «​បើ​ចរន្ត​អាក្រក់​ដូច​សព្វថ្ងៃ នៅ​តែ​បន្ត​ទៅ​មុខ​ទៀត យើង​នឹង​មាន​វិធានការ​ជាក់ស្តែង និង​សមស្រប​ជា​ពុំខាន​»​។

ប៉ុន្តែ​លោក​ សុខ ឥសាន អះអាង​ថា​ការ​គំរាម​របស់​សភា​នៃ​សហភាព​អឺរ៉ុប​ទាំង​ឡាយ​នោះ​មិន​មាន​អនុភាព​គតិយុត្តិ​មក​អនុវត្ត​នៅ​កម្ពុជា​ទេ វា​គ្រាន់​តែ​ជា​ការ​សម្រេច​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ហើយ​ការសម្រេច​បណ្តោះអាសន្ន​នេះ នៅ​ថ្ងៃ​ខាង​មុខ​នឹង​ត្រូវ​យក​ទៅ​ដាក់​នៅ​ក្រុមប្រឹក្សា​រដ្ឋាភិបាល​របស់​សហភាព​អឺរ៉ុប​ទៀត​។ ម្

យ៉ាង​ទៀត​លោក​បាន​ផ្អែក​ទៅ​លើ​សហរដ្ឋ​អាមេរិក​បាន​ទទួល​សារ​តាំង​ពី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក និង​បាន​ឆ្លើយតប​ថា អាមេរិក​ចង់​ធ្វើការ​ជាមួយ​កម្ពុជា ឯ​បារាំង និង​អាល្លឺម៉ង់​ផ្ញើ​លិខិត​មក​ឲ្យ​លោក ហ៊ុន សែន ដែល​បង្ហាញ​ជំហរ​ចង់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​និយាយ​ពី​ស្ថានភាព​នយោបាយ​ចង់​ឲ្យ​មាន​ការ​សន្ទនា​គ្នា​រវាង​អ្នកនយោបាយ​ក្តី ប៉ុន្តែ​លោក​ ឥសាន អះអាង​ថា​ប្រទេស​មហាអំណាច​ទាំងនោះ​គាំទ្រ​រដ្ឋាភិបាល​ថ្មី​កើត​ចេញ​ពី​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា បើ​ទោះ​ជា​ការបោះឆ្នោត​នោះ​ត្រូវ​បាន​ប្រទេស​លោក​សេរី​ជាច្រើន​រិះគន់​ថា មិន​យុត្តិធម៌ និង​មិន​ឆ្លុះ​បង្ហាញ​ពី​ឆន្ទៈ​ពលរដ្ឋ ដោយសារ​តែ​មិន​មាន​បក្សប្រឆាំង​ចូលរួម​យ៉ាង​ណា​ក៏ដោយ​។

លោក​បញ្ជាក់​ថា​៖ «​ហើយ​សួរថា ឥឡូវ​បារាំង​គាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន អាល្លឺម៉ង់​គាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន សួរ​ថា EU រក​ [​សំឡេង​ដើម្បី​] ​កុងសង់ស៊ីស​ទាំង​ ២៨ ​ប្រទេស​បាន​ដែរ​ឬទេ​? បើ​បារាំង និង អាល្លឺម៉ង់ មិន​ឯកភាព​ហើយ អា​ ២៦ ​ប្រទេស​ទៀត​យក​មុខ​ទៅ​ទុក​ឯណា​។ អ៊ីចឹង​ទេ រាល់​ការសម្រេច​បណ្តោះអាសន្ន​របស់​សភា EU គ្មាន​អនុភាព​គតិយុត្ត​សម្រាប់​បង្ខំ​ឲ្យ​កម្ពុជា​អនុវត្ត​តាម​គាត់​សម្រេច​នោះ​ទេ​»​។

លោក​ថ្លែង​ថា​៖ «​ឥឡូវ​ ៥ ​ប្រទេស​ក្នុង​ ៥ ​ប្រទេស​ហ្នឹង​យើង​គិត​មើល៍ [​កាន់តែ​ច្បាស់​ហើយ​] ចិន រុស្ស៊ី អាមេរិកាំង គាំទ្រ​រដ្ឋាភិបាល​ថ្មី បារាំង គាំទ្រ​រដ្ឋាភិបាល​ថ្មី អង់គ្លេស ដែល​គេ​ឲ្យ​ទូត​គេ​មក​ជួប​នាយករដ្ឋមន្ត្រី​កម្ពុជា មុន​កាល​ដែល​ប្រជុំ​ប្រកាស​សុពលភាព​រាជរដ្ឋាភិបាល​។ សួរ​ថា​មហាអំណាច​ ៥ ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​ទាំងអស់​ហើយ សួរ​ថា តើ​គេ​គាំទ្រ​ សម រង្ស៊ី អត់​? [​ដូច្នេះ​ការដាក់​ទណ្ឌកម្ម​] មិន​អាច​ទៅ​រួច​ទេ ពីព្រោះ EU ​សម្រេច​អ្វី​កុងសង់ស៊ីស​»​។

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​លោក​ មាស នី មិន​ចាត់ទុក​លិខិត​របស់​ប្រទេស​លោក​សេរី​នេះ​ថា​ជា​ការ​គាំទ្រ​រដ្ឋាភិបាល​នោះ​ទេ​ដោយ​លោក​ថា ធម្មតា ក្នុង​ន័យ​នយោបាយ​ការទូត លិខិត​ផ្ញើ​ទៅ​មេដឹកនាំ​ប្រទេស​ណា​មួយ គេ​ត្រូវ​ប្រើ​ពាក្យ​ការទូត​បង្ហាញ​នូវ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ ២ ហើយ​ថា ដំណាក់កាល​នេះ​រដ្ឋាភិបាល​កំពុង​តែ​ដើរ​សន្សំ​ពិន្ទុ​ពី​មហាជន ដើម្បី​បង្ហាញ​ថា អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​គឺ​មិន​បាន​ទទួល​នូវ​ទណ្ឌកម្ម​ណា​ធំដុំ​ទេ​។

លោក​ថ្លែង​ថា​៖ «​នៅក្នុង​ឯកសារ​ដើម​ (​លិខិត​ផ្ញើ​ទៅ​លោក​ ហ៊ុន សែន​) ​ទាំង​បារាំង ទាំង​អាល្លឺម៉ង់​ហ្នឹង គឺ​យើង​ឃើញ​មាន​ពាក្យពេចន៍​នៅ​ចុង​ក្រោយ​គឺ​ទាក់ទង​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ប៉ុន្តែ​ដល់​ពេល​អ្នក​នាំពាក្យ​រឿង​អី​គាត់​លើក​យក​តែ​អា​ចំណុច​ណា​ដែល​ជា​ចំណុច​វិជ្ជមាន​យក​មក​ដើម្បី​ផ្សព្វផ្សាយ​»​។

លោក​បន្ថែម​ថា​កម្ពុជា​ដែល​ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​ពី​ចិន​នោះ ប្រសិន​បើ​ចិន​មិន​ជួប​ឧបសគ្គ​អ្វី​ទេ ចិន​នឹង​អាច​ជួយ​កំដរ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ឲ្យ​ដល់​ពេល​បោះឆ្នោត​អាណត្តិ​ក្រោយ​។ ប៉ុន្តែ​បើ​ចិន​ជួប​វិបត្តិ​ផ្សេងៗ​ទាក់ទង​នឹង​សកលលោក វា​អាច​នឹង​ធ្វើឲ្យ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ថយ​ចុះ​។

លោក Paul Chambers អ្នក​វិភាគ​នយោបាយ​ និង​ជាទីប្រឹក្សា​ពិសេស​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Naresuan នៅ​ប្រទេស​ថៃ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ តាម​សារ​អេឡិចត្រូនិក​ពី​ម្សិលមិញ​ថា​ក្នុង​កាលៈទេសៈ​នេះ​ពេល​ដែល​ប្រទេស​ចិន​ក្លាយ​ទៅ​ជា​តួអង្គ​យ៉ាង​សំខាន់ ខាង​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ​នៅ​កម្ពុជា និង​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ទៀត​នោះ​ជា​កាពិត​ណាស់​អាមេរិក​ និង​សហភាព​អឺរ៉ុប​លែង​ជា​តួអង្គ​ដ៏មាន​ឥទ្ធិពល​ដូច​កាលពី​មុន​ទៀត​ហើយ​។

លោក Paul ថា​៖ «​ទោះ​យ៉ាង​ណា​ប្រសិន​បើ​លោក​ ហ៊ុន សែន ​មិន​ចង់​ក្លាយ​ជា​មនុស្ស​នៅ​ក្នុង​បន្ទុក​លើ​ប្រទេស​ចិន​ខ្លាំង​ហួសហេតុ​នោះ​ទេ លោក​គួរ​តែ​សាកល្បង​ស្វាគមន៍​ប្រទេស​មហាអំណាច​ដទៃ​ទៀត​ដែល​មាន​ដូចជា​សហភាព​អឺរ៉ុប​ជាដើម​»៕