ភ្នំពេញៈ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់​កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់​របាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ករណី​ភាពមិនប្រក្រតី​ក្នុង​ដំណើរ​ការប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ហើយ​ក៏​គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មក​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ផងដែរ​។

លោក វឌ្ឍនាសាប៊ុង បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​កាលពីដើម​ខែមករា បេក្ខជន​ប្រឡង​ចៅក្រម​ចំនួន ៣ រូបតំណាង​ឲ្យ​ ៥ ​រូប​បាន​ដាក់​ពាក្យ​ប្ដឹង​មកកាន់​លោក​ចំពោះ​ភាពមិនប្រក្រតី​លើ​នីតិវិធី​នៃ​ការប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ​ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ និង​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ដែល​ប្រព្រឹត្តទៅ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។

លោក​បន្តថា ក្រោយពី​បើក​ការស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ​លោក​បានដាក់​របាយការណ៍​ទៅ​លោក ហ៊ុន សែន ដើម្បី​ពិនិត្យ​ជុំវិញ​ការរកឃើញ​ទាំងនេះ​។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ពី​ការអនុវត្ត​ច្បាប់​ភាពមិន​ប្រក្រតី​នៃ​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់ ១០ និង​ភាពមិន​ប្រក្រតី​នៃ​ការប្រឡង​ផ្ទៃក្នុង​នៃ​ការជ្រើសរើស​សិស្ស​ចៅក្រម​ព្រះរាជអាជ្ញា ឆ្នាំ ២០១៩ យើង​ពិនិត្យ​ឃើញ​មាន​ ២ ​ចំណុច​។ ខ្ញុំ​មិនទាន់​អាច​បញ្ជាក់​បាន​ទេ ចំពោះ​ភាពមិន​ប្រក្រតី​ដែល​បាន​ស្រាវជ្រាវ​ឃើញ ព្រោះ​កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត ដែល​មិនអាច​ទម្លាយ​បាន​នោះទេ ដោយ​រង់ចាំ​លោកនាយករដ្ឋមន្ត្រី​ជា​អ្នកពិនិត្យ​ផ្ទាល់​»​។

ក្រៅពី​ដាក់​របាយការណ៍​ទៅ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​រូបនេះ​បាន​អះអាង​ថា លោក​ក៏​នឹង​កោះហៅ​លោក អង្គវង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការរៀបចំ​ការប្រឡង​មក​សាកសួរ​តាមរយៈ​ឧត្តម​ក្រុមប្រឹក្សា​ផងដែរ​។

លោក​បន្ថែមថា​៖ «​យើង​មើលឃើញ​ថា មិន​ថា​តែ​និស្សិត​ខ្លួនឯង​ដែល​ប្រឡង​គ្រប់​ជំនាន់​ទេ​សូម្បីតែ​គ្រប់​ស្ថាប័នរដ្ឋ​ដែល​ដឹង​រឿង​ (​មិន​ប្រក្រតី​) ​ហ្នឹង ក៏​មិន​ហ៊ាន​ធ្វើ​ដែរ ព្រោះ​ករណីនេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នក​មាន​អំណាច​គ្រាក់ៗ​។ ប៉ុន្តែ​ស្ថិត​ក្នុងឋានៈ​ជា​ឧត្តម​ក្រុមប្រឹក្សា យើង​ត្រូវតែ​ធ្វើ បើ​យើង​មិន​ធ្វើ​នឹង​មិនមាន​អ្នកណា​ធ្វើ​នោះទេ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា​ការចូលទៅ​បំភ្លឺ​ចំពោះមុខ​យន្តការ​របស់​ឧត្តមក្រុមប្រឹក្សា ជុំវិញ​បញ្ហា​ទាំងនេះ​គឺ​អាស្រ័យ​ទៅលើ​ការសម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​។

លោក​ថា​៖ «​ចំពោះ​នីតិវិធី​នៃ​ការប្រឡង​ក្រសួង​បាន​ធ្វើ​ការពន្យល់​បកស្រាយ​ជាច្រើន​លើក​ច្រើនសា​ហើយ អំពី​តម្លាភាព​នៃ​ការរៀបចំ​។ គ្រប់​ដំណើរការ​នីតិវិធី​ទាំងអស់​ដោយ​មិនមាន​ការលាក់លៀម​អ្វី​ទេ ដោយ​មាន​ការចូលរួម​ពី ACU នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ ទាំង​ដំណាក់កាល​សរសេរ វិញ្ញាសាផ្ទាល់មាត់ និង​ដំណាក់កាល​នៃ​ការកែ​វិញ្ញាសា​នីមួយៗ​។ ខាង ACU ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​គាំទ្រ​នូវ​ការរៀបចំ​របស់​ក្រសួងយុត្តិធម៌​អំពី​តម្លាភាព​នៃ​ការរៀបចំ​នេះ​ផងដែរ​»​។

កាលពី​ថ្ងៃទី ២៣-២៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ក្រុមការងារ ACU ៤៤ រូប​បាន​ចូលរួម​សង្កេត​ក្នុង​ដំណើរ​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ដែល​ជ្រើសរើស​សិស្ស​ចៅក្រម​ចំនួន​ ៥០ ​រូប​ក្នុង​ចំណោម​បេក្ខជន​មាន​សិទ្ធិ​ប្រឡង​ ៦៥០ រូប​។

ក្រោយ​ប្រកាស​លទ្ធផល​ក៏​មាន​មតិ​រិះគន់ និង​មាន​ការលើក​ឡើង​ពី​ប្រធាន​បក្ស​ខ្មែរ​ក្រោក​ថា​មាន​ភាពមិនប្រក្រតី​ក្នុង​ការប្រឡង​។ ប៉ុន្តែ​ភ្លាមៗ​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​បំភ្លឺថា ការជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ​បាន​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ​ទាំង​លក្ខខណ្ឌ​សមត្ថភាព​លក្ខខណ្ឌ​អាយុ និង​ទាំង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ដែល​ច្បាប់​បាន​កំណត់​៕

វីដេអូ​៖