កំពង់ធំៈ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​អះអាងថា​នឹង​បញ្ជូន​សំណុំរឿង​លោក​ឧត្តមសេនីយ៍ឯក គាំ សារឿន ​ទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ពលរដ្ឋ​ ៩ ​ភូមិ​ មាន​ជាង​ ១ ០០០ គ្រួសារ​ បាន​ប្ដឹង​បុគ្គល​រូបនេះ​ពី​បទរំលោភ​យក​ដី​នៅ​អាងទឹក​សាធារណៈ​របស់​រដ្ឋ​ក្នុង​តំបន់​ ២ តំបន់​ ៣ នៅ​ឃុំ​ចំណារលើ ស្រុក​ស្ទោង​។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា នេះ​ជា​លើក​ទី​ ២ ​ហើយ​ដែល​លោក​ក្នុងនាម​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បានទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​មកពី​ ៩ ​ភូមិ​ ដែល​មាន​ជាង​ ១ ០០០ ​គ្រួសារ ​បាន​ប្ដឹង​លោក​ សារឿន មាន​ងារ​ជា​ឧត្តមសេនីយ៍ឯក​ពាក់​ផ្កាយ​ ៣ បាន​រំលោភ សជណ របស់​រដ្ឋាភិបាល​ដោយ​យក​ដី​នៅ​អាងទឹក​សាធារណៈ​តំបន់ ២ តំបន់​ ៣ របស់​រដ្ឋ​មក​ធ្វើ​អាជីវកម្ម​។

លោក សាប៊ុង បន្ថែមថា ​ការយក​ដី​រដ្ឋ​ធ្វើ​អាជីវកម្ម​នេះ​ និង​ថែមទាំង​បាន​ជំរិត​យកលុយ​ពី​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការប្រើប្រាស់​ទឹក​ក្នុង​អាង​នេះ​។

លោក​បន្តថា ជាមួយ​នឹង​ការប្តឹងផ្តល់​មិន​សុខចិត្ត​ពី​ពលរដ្ឋ​នេះ​លោក សារឿន ក៏បាន​ប្ដឹងទៅ​តុលាការ​ចាប់​តំណាង​ពលរដ្ឋ​ម្នាក់​ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​ពន្ធនាគារ​ផងដែរ បន្ទាប់ពី​ក្រុមប្រឹក្សាឃុំ​រូបនោះ​ត្រូវ​បាន​ពលរដ្ឋ​ជ្រើសរើស​ជា​តំណាង​តវ៉ា​ប្រឆាំង​នឹង​ការបំពាន​យក​ដី​រដ្ឋ​ទៅ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ហើយ​រហូត​ដល់​ពេលនេះ មិនទាន់​ត្រូវ​បាន​ដោះលែង​នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ករណីនេះ (​យើង​) កំពុង​រៀបចំ​របាយការណ៍ បញ្ជូន​ទៅ​សម្ដេចតេជោ​ហើយ​។ ករណី​នេះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​កំពុង​សិក្សា​រក​អ្នក​ពាក់ព័ន្ធ​អ្នក​ឃុបឃិត​បន្ថែមទៀត ដើម្បី​ទទួល​បាន​តម្រុយ​ដាក់ជូន​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ​ចាត់វិធានការ​»​។

លោក គាំ សារឿន មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​លោក​ពុំមាន​អ្នក​ទទួល​។

ប៉ុន្តែ​លោក ផាត់ ថាច អ្នកមើល​ការខុសត្រូវ​លើ​អាងទឹក​ទាំង​ ២ ​នេះ​ដែល​តំណាង​ឲ្យ​លោក សារឿន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ការយក​លុយ​ពី​ពលរដ្ឋ​ក្នុង​ ១ ​គ្រួសារ​ ៧៥ ​ម៉ឺន​រៀល​ក្នុង​ ១ ​ឆ្នាំ​ក៏​ព្រោះតែ​លោក​ សារឿន បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្នុង​ការកសាង និង​ជួសជុល​អាងទឹក​ទាំង​ ២ ​នេះ​។

លោក​ថ្លែងថា លោក​ សារឿន មិនបាន​ជំរិត​ទារលុយ​ពី​ពលរដ្ឋ​នោះ​ទេ ព្រោះ​ពលរដ្ឋ​នៅក្នុង​ឃុំ​នេះ​បាន​ឯកភាព​ផ្តល់​លុយ​ចំពោះ​ការផ្គត់ផ្គង់​ទឹក​ពី​អាង សម្រាប់​ប្រើប្រាស់​ក្នុង​ស្រែ​របស់​ពួកគេ ខណៈ​មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ប៉ុណ្ណោះ​ដែល​មិន​ពេញចិត្ត និង​មិន​ព្រម​ផ្តល់​ថ្លៃ​សេវា​តាម​ការព្រមព្រៀង​។

លោក​បញ្ជាក់ថា​៖ «​ការលើកឡើង​នេះ​យើង​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​រួចហើយ ព្រោះ​វា​មិនមែន​ជា​រឿង​ពិត​។ ចំពោះ​អាង​ដែល​ចោទប្រកាន់​ថា លោក​ឧត្តមសេនីយ៍ឯក គាំ សារឿន ​ធ្វើ​អាង​នៅ​លើ​ដី​រដ្ឋ គឺ​មិនមាន​ទេ​ហើយ​ក៏​មិនមាន​ពលរដ្ឋ​ដល់​ទៅ​ជាង ១ ០០០ ​គ្រួសារ​ ដូច​ការអះអាង​ដែរ គឺ​មានតែ​ប៉ុន្មាន​គ្រួសារ​ដោយ​មាន​ខ្លះ ១ ​គ្រួសារ​បាន​ផ្តិតមេដៃ ៤ ទៅ​ ៥ ​នាក់ ដើម្បី​ដាក់ពាក្យ​បណ្តឹង​នេះ​»​។

លោក​ សុខ លូ អភិបាលខេត្ត​កំពង់ធំ​ថ្លែង​ថា លោក​មិន​បានដឹង​ច្បាស់​ពី​បញ្ហា​នេះ​នោះ​ទេ ព្រោះ​ជម្លោះ​នេះ​បាន​កើត​មាន​ឡើង​យូរហើយ និង​ក៏​មាន​ការប្តឹងផ្តល់​គ្នា​ជាច្រើន​លើក​ច្រើនសា​ផងដែរ​។ លោក​ សុខ លូ ក៏បាន​ត្រៀម​របាយការណ៍​ផ្សេងៗ​ជុំវិញ​បញ្ហា​នេះដែរ​ថា វា​មិន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ខេត្ត​នោះទេ​។

លោក​បញ្ជាក់​ថា​៖ «​ការងារ​នេះ​មាន​ក្រុម​ថ្នាក់ជាតិ​បាន​ចុះមក​ដោះស្រាយ​ជូន​ពួកគាត់​ហើយ​ដែល​ក្នុង​ការចុះ​ដោះស្រាយ​កន្លងមក​គឺ​មាន​អស់ហើយ ប៉ុន្តែ​នៅតែ​មាន​ពលរដ្ឋ​មួយចំនួន​គាត់​មិន​ពេញចិត្ត​។ ដូច្នេះ​យើង​មិនអាច​ថា ភាគី​ខាងណា​ត្រូវ ឬ​ខុស​បាន​ទេ ហើយ​បើ​គណបក្ស​ខ្មែរ​ក្រោក គាត់​ថា​ដាក់​រាយការណ៍​ទៅ​សម្តេច​ចំពោះ​ខេត្ត​ក៏បាន​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ជា​បន្តបន្ទាប់​ដែរ​»​។

បើ​តាម​លោក ឡុច ប៊ុនធត អតីត​មេឃុំ​ចំណារលើ ស្រុក​ស្ទោង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​អាងទឹក​ទាំង​ ២ ​នេះ​ត្រូវបាន​ឈ្មួញ​សាងសង់​ឡើង​តាំងពី​ឆ្នាំ ២០០៧ ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​សម្រាប់​ផ្គត់ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ​ធ្វើស្រែ​ដោយ​ការបង់​កម្រៃ​តាម​ការព្រមព្រៀង​ដែល​អាច​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០ ​គ្រួសារ​។

ប៉ុន្តែ​បើ​តាម​លោក សុក រដ្ឋា អ្នកសម្របសម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹងថា ការផ្គត់ផ្គង់​ទឹក​ពី​អាង​ខាងលើ​នេះ​ត្រូវ​លុបចោល​វិញ កាលពី​ឆ្នាំ​ ២០១៤ បន្ទាប់ពី​មាន សជណ របស់​រដ្ឋាភិបាល​ដោយបាន​ប្រគល់​អាងទឹក​នេះ​ដល់​សហគមន៍​សម្រាប់​ទុក​ប្រើប្រាស់​រួម​។ ស្រាប់តែ​នៅ​ឆ្នាំ ២០១៥ ​លោក សារឿន អះអាង​ថា​លោក​បាន​សិទ្ធិ​គ្រប់គ្រង​អាង​នេះ​ជាថ្មី​នឹង​បន្ត​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ​រហូត​កើតមាន​ការតវ៉ា និង​ឈាន​ទៅ​ដល់​ការចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សាឃុំ​ម្នាក់​ឈ្មោះ ថៃ ថែន រហូតដល់​បច្ចុប្បន្ន​។

លោក រដ្ឋា បន្ត​ថា​ ករណី​នេះ​ជា​ជម្លោះ​រ៉ាំរ៉ៃ​ជា​យូរ​មកហើយ​ដោយសារ​តែ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​ការ​ឲ្យ​ឈ្មួញ​យក​អាងទឹក​របស់​រដ្ឋ​ទៅ​គ្រប់គ្រង​សម្រាប់​ធ្វើ​អាជីវកម្ម​នេះ​។

លោក​ថ្លែងថា លោក​ចង់ឃើញ​ថ្នាក់ដឹកនាំ​មាន​ការដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ ជាពិសេស​ត្រូវធ្វើ​ការដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ឃុំខ្លួន​ដោយ​អយុត្តិធម៌​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនដឹងថា នីតិវិធី​របស់​អាជ្ញាធរ​នេះ​កន្លងមក​ដោះស្រាយ​យ៉ាងម៉េច​បាន​ប្រជាពលរដ្ឋ​នៅតែ​មាន​ការទាមទារ​តវ៉ា ហើយ​មិន​ចប់​។ យើង​មើលឃើញ​ថា បើ​អាជ្ញាធរ​អនុវត្ត សជណ ហ្នឹង​ប្រហែល​ជា​ទំនាស់​ហ្នឹង វា​ចប់​បាត់​ហើយ ប៉ុន្តែ​ហេតុអ្វី​បាន​មាន​ឈ្មួញ​ទៅគ្រប់​គ្រង​អាងទឹក​ហ្នឹង​បន្តទៀត​ចំណុច​នេះ​សំខាន់​ណាស់​»៕