ភ្នំពេញៈ គណបក្ស​ខ្មែរ​ក្រោក​ក្រោយ​ការបោះឆ្នោត​ ៤ ​ថ្ងៃ​ប្រកាស​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ ៥០០០០ ​នាក់​ដើម្បី​ដាក់​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ស្នើ​ឲ្យ​ស្ថាប័ន​កំពូល​នេះ​សើរើ​ច្បាប់​ឡើង​វិញ​ដើម្បី​ជំរុញ​រដ្ឋាភិបាល ចរចា​យក​កោះត្រល់​របស់​កម្ពុជា ពី​ការ​គ្រប់គ្រង​របស់​វៀតណាម​មក​វិញ ប៉ុន្តែ​ប្រធាន​រាជបណ្ឌិត្យ​សភា​ព្រមាន​វិធានការ​ផ្លូវ​ច្បាប់ ហើយ​ថា​ការទាមទារ​នេះ​មាន​ចរិត​នយោបាយ​ដែល​មិន​អាច​ទៅ​រួច​។

ប្រធាន​កិត្តិយស​គណបក្ស​ខ្មែរ​ក្រោក​លោក​ ព្រហ្ម ពិសិដ្ឋ ដែល​ជា​អ្នក​ជំនាញ​ច្បាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ម្សិលមិញ​ថា​គណបក្ស​ខ្មែរ​ក្រោក​មាន​គោលនយោបាយ​ទៅ​យក​កោះត្រល់​របស់​ខ្មែរ ដែល​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​នេះ​តាំងពី​មិន​ទាន់​បោះឆ្នោត ទោះបី​ជា​មិន​បាន​ឈ្នះ​កៅអី​រដ្ឋសភា​ក៏ដោយ​។ ដូច្នេះ​គណបក្ស​ត្រូវ​តែ​អនុវត្ត​គោលនយោបាយ​មួយ​នេះ ហើយ​គណបក្ស​នឹង​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ចាប់ពី​ថ្ងៃទី​ ៨ ខែ​សីហា​នេះ​តទៅ ដោយ​មិន​កំណត់ពេល​ដែល​ត្រូវ​ឈប់​រហូត​ទាល់​តែ​បាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ ៥០០០០ ​នាក់ ធ្វើ​ជា​ញត្តិ​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​ទុក​ជា​មោឃៈ​នូវ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥​។

លោក​ ពិសិដ្ឋ បាន​បញ្ជាក់​ថា​៖ «​មាន​តែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​មាន​សមត្ថកិច្ច​បដិសេធ​ទុក​ជា​មោឃៈ​នូវ​ច្បាប់​នានា​ ឬ​សន្ធិសញ្ញា​ផ្សេងៗ​ទៅ​តាម​រដ្ឋធម្មនុញ្ញ​របស់​យើង​។ ប្រសិន​បើ​យើង​ហែ​ញត្តិ​ទៅ ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល ឬ​ក៏​មិន​ទទួល​ទេ ឬ​ទទួល​ហើយ​មិន​ [​ដោះស្រាយ​] នោះ​វា​បញ្ជាក់​ច្បាស់​ហើយ​ថា រដ្ឋាភិបាល​មួយ​ហ្នឹង រដ្ឋសភា​មួយ​ហ្នឹង គាត់​មាន​ឆន្ទៈ​បម្រើ​រាស្ត្រ​ដែរ​ឬ​យ៉ាង​ម៉េច​?»​។

លោក​ពិសិដ្ឋ បន្ថែម​ថា​៖ «​សន្និសញ្ញា​បំពេញ​បន្ថែម​ [២០០៥] ​នេះ វា​អត់​មាន​អី​ពិបាក​ក្នុង​ការបដិសេធ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ក្រោយ​នេះ​គាត់​ចង់​ធ្វើ ឬ​សភា​ក្រោយ​នេះ​គាត់​ចង់​ធ្វើ​។ ក្នុង​យន្តការ​ថ្នាក់ជាតិ​ [​ក្រុមប្រឹក្សា​ធម្មនុញ្ញ​] ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​លុប​សន្ធិ​សញ្ញា​ ឬ​ច្បាប់​ផ្សេងៗ​ដែល​មិន​ស្រប​រដ្ឋធម្មនុញ្ញ​»​។

ប៉ុន្តែ​លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ចាត់ទុក​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ទាមទារ​កោះត្រល់​ពី​វៀតណាម​មកវិញ​នេះ គឺជា​សកម្មភាព​ក្នុង​ទិដ្ឋភាព​នយោបាយ​សុទ្ធសាធ ហើយ​អះអាង​ថា​កោះត្រល់​មិនមែន​បាត់​ក្នុង​ជំនាន់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ទេ គឺ​ត្រូវ​បាន​បាត់បង់​តាំង​ពី​មុន​សង្គម​រាស្ត្រនិយម​មក​ម្ល៉េះ គឺ​ជំនាន់​អាណានិគម​បារាំង​។

លោក​ សុខ ទូច ព្រមាន​ថា​៖ «​ខ្ញុំ​យល់​ថា​នេះ​ជា​រលក​នយោបាយ​ទេ​។ បើ​ខ្ញុំ​ជា​រាជរដ្ឋាភិបាល​វិញ ខ្ញុំ​បោះ​បញ្ចូល​គុក​ហ្មង អត់​មាន​ទុក​ទេ​។ ដំណាក់កាល​នេះ ខ្ញុំ​ត្រូវការ​អភិវឌ្ឍ​ប្រទេស​ជាតិ ខ្ញុំ​មិន​ត្រូវការ​មក​ធ្វើការ​ចាត់ចែង​រលក​នយោបាយ​អ៊ីចឹង​ទេ​»​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​ដឹង​រឿង​ហ្នឹង​ច្បាស់​ណាស់​ថា យើង​ទៅ​មិន​រួច​ទេ ព្រោះ​យើង​បាន​ព្រមព្រៀង​គ្នា​រួច​អស់​ហើយ​។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​បាន​ព្រមព្រៀង​គ្នា​យក​ផែនទី​ឆ្នាំ​ ១៩៣៣-១៩៥៣»​។

លោក​អះអាង​ថា​បើ​ផ្អែក​ទៅ​លើ​ភូមិសាស្ត្រ​ផ្លូវទឹក​គឺ​កោះត្រល់​ត្រូវ​តែ​បាន​មក​ខាង​កម្ពុជា ព្រោះ​បើ​គិត​ចម្ងាយ​ពី​កោះត្រល់​មក​កម្ពុជា​គឺ​នៅ​ជិត​ជាង​ទៅ​ខាង​វៀតណាម ព្រោះ​កោះត្រល់​នៅ​ជិត​កោះសង្សារ​របស់​កម្ពុជា ប្រហែល​ ២ ​គីឡូម៉ែត្រ​។ ឯ​ចម្ងាយ​ពី​កោះត្រល់​ទៅ​ខាង​ប្រទេស​វៀតណាម​គឺ​មាន​ចម្ងាយ​ ៤៥ ​គីឡូម៉ែត្រ​។

លោក​ថា​៖ «​អ៊ីចឹង​យើង​និយាយ​ពី​ច្បាប់​សមុទ្រ អ្នក​ណា​ជិត​ជាង​ [​របស់​] អ្នក​ហ្នឹង​ហើយ​។ ខ្ញុំ​ក៏​ស្រក់​ទឹកភ្នែក​ដែរ នៅពេល​របស់​មួយ​នៅ​ជិត​យើង​ហើយ​ត្រូវ​បាត់បង់​។ អា​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ ជា​រឿង​អ្វី​ដែល​បន្សល់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​»​។

អ្នកវិភាគ​នយោបាយ​លោក​ មាស នី ថ្លែង​ថា​ក្នុង​ដំណាក់កាល​ដែល​ខ្មែរ​មិន​ទាន់​មាន​ការឯកភាព​ជាតិ​ជាមួយ​គ្នា​គឺ​មិនមែន​ជា​ឱកាស​ល្អ​ត្រូវ​ទាមទារ​យក​កោះត្រល់​មក​វិញ​នោះ​ទេ ហើយ​ថា​ចលនា​នេះ​គ្រាន់​តែ​ជា​ការ​ធ្វើ​ប្រជាភិថុត​ប៉ុណ្ណោះ​។

លោក​ មាស នី ថា​៖ «​យើង​ដឹង​ហើយ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​គឺ​មិន​មាន​លទ្ធភាព​អី​ក្នុង​ការ​ធ្វើការ​នៅ​ក្នុង​រឿង​ហ្នឹង​ទេ​។ រដ្ឋាភិបាល​ហ្នឹង​មិនមែន​ជា​រដ្ឋាភិបាល​បច្ចុប្បន្ន អាហ្នឹង​បាន​អាច​មើល​ឃើញ​ពន្លឺ​ខ្លះ​នៅ​ក្នុង​ករណី​ទាក់ទង​នឹង​កោះត្រល់ ដោយសារ​តែ​រដ្ឋាភិបាល​នេះ​មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​វៀតណាម ហើយ​ក៏​មាន​បន្សល់​ទុក​នូវ​ការដឹងគុណ​»៕