ភ្នំពេញៈ ស្របពេលដែលកំពុងមានការរិះគន់ថា គណបក្សនយោបាយចំនួន ២០ ដែលក្នុងនោះបក្សចំនួន ១៩ ត្រូវបានគេលើកឡើងថា បង្កើតឡើងដោយមានការផ្ចុងផ្តើមពីអ្នកមានអំណាចដើម្បីឲ្យបានចូលរួមក្នុងការបោះឆ្នោត គ្រាន់កំដរបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បក្សមួយចំនួនបានចេញមុខបដិសេធដោយបញ្ជាក់ពីប្រភពថវិការបស់ពួកគេទៀតផង។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ដែលអតីតជាមិត្តរួមកម្លាំងជាមួយអតីតគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជាបានចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចរបស់លោក ហ៊ុន សែន នោះទេក្នុងការបង្កើតបក្សនយោបាយដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សនេះបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ ពីម្សិលមិញថាការបង្កើតគណបក្សនយោបាយដើម្បីចូលរួមបោះឆ្នោតនេះ គឺមិនខុសពីគណបក្សផ្សេងៗទៀតក៏ដូចជាគណបក្សសង្គ្រោះជាតិដែរ ហើយការចោទប្រកាន់ផ្សេងៗលោកមិនចាប់អារម្មណ៍នោះទេ ព្រោះវាគ្រាន់តែជាការបំភាន់មតិមហាជន។ ប៉ុន្តែការបង្កើតបក្សក៏ផ្តើមចេញពីការមិនពេញចិត្តនឹងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យលោកមិនមានជំនឿលើគណបក្សប្រឆាំងនោះទៀតសោតគឺបក្សនេះធ្វើមិនល្អរហូតដល់បក្សត្រូវបានគេរំលាយ។
លោក ម៉ម សូណង់ដូ បានថ្លែងថា៖ «[ខ្ញុំ] ធ្វើនយោបាយគាំទ្រអ្នកនយោបាយគណបក្សប្រឆាំងហ្នឹងហើយ។ [ប៉ុន្តែ] គណបក្សប្រឆាំងធ្វើទៅអត់ល្អរហូតដល់គេរំលាយគណបក្សរបស់គាត់។ [ខ្ញុំ] អត់ខ្វល់ [ខ្ញុំ] ធ្វើដោយខ្លួនឯង [ខ្ញុំ] មានឯករាជ្យ»។
ទោះជាយ៉ាងណាលោក សូណង់ដូ បដិសេធមិនបញ្ជាក់ថា តើប្រភពថវិការបស់លោកបានមកពីណាខ្លះក្នុងការបង្កើតគណបក្សនេះដោយលោកបញ្ជាក់ថាមានតែតុលាការទេដែលអាចសួរលោកអំពីរឿងប្រភពថវិកា។ «បើគេមានភ័ស្តុតាងអ្វីប្តឹងពូទៅចោទប្រកាន់ពូទៅពូនឹងឆ្លើយបញ្ហាទាំងអស់នៅតុលាការ»។
ទាក់ទងនឹងចំនួននៃការគាំទ្រលោក ម៉ម សូណង់ដូ មិនបានបង្ហាញពីតួលេខច្បាស់លាស់នោះទេ ប៉ុន្តែលោកថាមានពលរដ្ឋជាច្រើនដែលស្គាល់លោកហើយលោកមានប្រជាប្រិយភាពចំពោះប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «ពូនិយាយការពិត។ ទោះជាការពិតហ្នឹងប៉ះពាល់ដល់ការបោះឆ្នោតក៏ដោយពូនៅតែនិយាយការពិត។ បើប្រជាពលរដ្ឋមិនយល់ការពិតទេប្រជាពលរដ្ឋនៅតែគិតឃើញខុសហើយបោះឆ្នោតខុសរើសអ្នកដឹកនាំប្រទេសជាតិខុស អាហ្នឹងដែលធ្វើឲ្យប្រទេសខ្មែរមានគ្រោះថ្នាក់»។
ចំពោះគម្រោងចំណាយសម្រាប់ការឃោសនាបោះឆ្នោតខាងមុខលោក សូណង់ដូ ក៏មិនបានឲ្យដឹងពីចំនួនថវិកាដែលនឹងត្រូវត្រៀមសម្រាប់ការចំណាយនោះដែរដោយលោកបញ្ជាក់ថាលោកមិនមានទ្រព្យធនសម្រាប់ចំណាយទេ តែថាលោកមានដីធ្លីសម្រាប់ដាក់បញ្ចាំដើម្បីយកថវិកាទៅបម្រើក្នុងការឃោសនាតាមលទ្ធភាពដែលអាចទៅរួច។
ចំណែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP អះអាង ថា LDP ធ្វើដំណើរមកជាង ១០ ឆ្នាំរហូតមកដល់ពេលនេះគឺដោយសារមានប្រភពថវិកាមកពីសមាជិក និងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រដោយមិនមានពាក់ព័ន្ធនឹងការជួយទំនុកបម្រុងពីបក្សមានអំណាច ឬ បុគ្គលមានអំណាចណាមួយឡើយ។ ឯជំហរ LDP មិនពាក់ព័ន្ធ ឬលម្អៀងទៅរកគណបក្សនយោបាយណានោះទេ ហើយថាបើមានគោលជំហរលម្អៀងទៅរកបក្សណាមួយនោះមិនចាំបាច់បង្កើតគណបក្សធ្វើអ្វីទេ។
លោក ចិន ថុន អគ្គលេខាធិការ LDP ឲ្យដឹងថា គណបក្សលោកមានអ្នកគាំទ្រប្រមាណជាង ១០ ម៉ឺននាក់ចាប់តាំងពីការបោះឆ្នោតឃុំ សង្កាត់កន្លងមក។ លោកអះអាងថាបើតាមការប៉ាន់ប្រមាណមានតួលេខយុវជនគាំទ្រ LDP ច្រើនជាងមនុស្សវ័យចំណាស់ ហើយតំបន់ដែលមានការគាំទ្រច្រើននោះគឺខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។
លោក ចិន ថុន បញ្ជាក់ថា៖ «រឿងថវិកាដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានពីណាហ្នឹង គឺសូមបញ្ជាក់ថាបានពីប្រជាពលរដ្ឋទូទាំងប្រទេស និងគ្រប់ទីកន្លែងបងប្អូនយើងយល់ហើយគាត់ចូលរួម»។
សម្រាប់គម្រោងចំណាយក្នុងការឃោសនាលោក ចិន ថុន ថ្លែងថា៖ «យើងអត់ទាន់ធ្វើទនិ្នន័យហ្នឹងជាក់លាក់ទេ។ ប៉ុន្តែការចំណាយក្នុងការឃោសនាហ្នឹងខ្ទង់ម៉ឺនឡើង»។
ដោយឡែកគណបក្សឆន្ទៈខ្មែរដែលទើបបង្កើតថ្មីដោយលោក គង់ មុនីកា កូនប្រុសលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលស្និទ្ធនឹងលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរឈប់ក្រ ដឹកនាំដោយលោក ក្រវ៉ាញ ដារ៉ន ដែលមានសញ្ជាតិខ្មែរ អាមេរិកបានច្រានចោលដូចគ្នាដែរ ទៅនឹងការចោទប្រកាន់ថាបក្សរបស់ខ្លួនត្រូវបានផ្តួចផ្តើមបង្កើតឡើង និងឧបត្ថម្ភដោយបក្សកាន់អំណាច។
លោក ហ៊ីង យឿន អតីតអគ្គលេខាធិការរងព្រឹទ្ធសភាកូតាអតីតគណបក្សប្រឆាំង និងបច្ចុប្បន្នជាអនុប្រធានគណបក្សឆន្ទៈខ្មែរថ្លែងថា គណបក្សរបស់លោកគឺជា «ព្រលឹង» របស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ។ លោកមិនអាចបញ្ជាក់ពីចំនួននៃការចំណាយបាននៅឡើយចំពោះការបង្កើតបក្សដោយលើកឡើងថាធ្វើតាមលទ្ធភាព។ «គេថាយើងអ៊ីចេះ អ៊ីចុះ គេថាក៏ថាទៅ តែធាតុពិតយើងមិនមែនដូច្នេះទេ។ បើមិនពិតអ្នកដែលដើរបង្ខូចយើងនឹងបាត់បង់ប្រជាប្រិយភាពខ្លួនឯង»។
លោកថាហិរញ្ញវត្ថុគណបក្សលោកគឺជាធនធានរបស់ប្រធានបក្សលោក គង់ មុនីកា និងការឧបត្ថម្ភខ្លះរបស់បេក្ខជនឈរឈ្មោះតំណាងរាស្ត្រ។ «លោកប្រធានដែលជាកូនលោកតា គង់ គាំ គាត់មានលទ្ធភាពខ្លះជួយជាមួយបេក្ខជនខ្លះ។ គ្នាក៏មាន [ធនធាន] អីខ្លាំងដែរគ្រាន់តែមានកម្លាំងធ្វើតាមការជាក់ស្ដែង។ បើនិយាយពីលុយកាក់គគ្រឹកគគ្រេងគឺអត់ទេ»។
លោកក៏មិនអាចប៉ាន់ប្រមាណពីចំនួនអ្នកគាំទ្ររបស់ខ្លួនពិតប្រាកដនៅឡើយដែរ ដោយសារតែគណបក្សទើបត្រូវបានបង្កើតឡើង តែលោកជឿថាអតីតអ្នកគាំទ្ររបស់អតីតគណបក្សសង្គ្រោះជាតិនឹងបោះឆ្នោតជូនគណបក្សរបស់លោកដើម្បីបញ្ចៀសការកាន់កាប់អាសនៈសភាភាគច្រើនរបស់គណបក្សប្រជាជន។
លោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រប៉ាន់ប្រមាណថា គណបក្សរបស់លោកមានអ្នកគាំទ្រជិត ១ លាននាក់នៅទូទាំងប្រទេស។
លោកមិនបញ្ជាក់ថាចំនួនថវិកាប៉ុន្មានដែលនឹងត្រូវចំណាយសម្រាប់ការឃោសនានោះទេ ហើយថាមានការខ្វះខាតថវិកា តែថាហិរញ្ញវត្ថុរបស់គណបក្សមិនពឹងផ្អែកលើប្រធានបក្សលោក ក្រវ៉ាញ ដារ៉ន នោះទេតែជាការបរិច្ចាគរបស់សមាជិកមូលដ្ឋាន ដើម្បីផ្គត់ផ្គង់ការចំណាយ។
លោកបានថ្លែងថា៖ «ធម្មតាការធ្វើនយោបាយតែងតែត្រូវបានគេលាបពណ៌ មានការចោទប្រកាន់ពីអ្នកនយោបាយ ឬក៏ពីមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែចំពោះគណបក្សខ្មែរឈប់ក្រគឺយើងមានគោលនយោបាយច្បាស់ណាស់យើងនឹងមិននៅក្រោមឆត្រនយោបាយរបស់គណបក្សណាមួយទេ»។
បន្ទាប់ពីការទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ២០ កាលពីថ្ងៃពុធដែលបានចុះឈ្មោះសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខនេះ គ.ជ.ប ឲ្យដឹងកាលពីម្សិលមិញថា ខ្លួននឹងរៀបចំពិធីចាប់លេខរៀងគណបក្សលើសន្លឹកឆ្នោតក្នុងពេល «ឆាប់ៗ» ខាងមុខនេះ។
បើទោះបីគ្មានឈ្មោះអតីតគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត ក៏ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជាអះអាងថាដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាកំពុងរីកចម្រើនទៅមុខ បើទោះបីជាបណ្ដាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចជា សហរដ្ឋអាមេរិក និងសភាពអឺរ៉ុបបានព្យួរជំនួយដល់ គ.ជ.ប តាមរយៈការភ្ជាប់នឹងរឿងនយោបាយក្ដី។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប. ថ្លែងថា៖ «អ្វីដែលយើងនឹងធ្វើបន្តទៀតគឺ ទី ១ គឺយើងកំពុងសុំកាលវិភាគពីសម្ដេចសង្ឃទាំង ២ គណៈយោងទៅតាមច្បាប់ដើម្បីរៀបចំចាប់ឆ្នោតជ្រើសរើសលំដាប់លេខរៀងរបស់គណបក្សនយោបាយទាំង ២០ សម្រាប់នីតិកាលទី ៦»៕