ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​មិន​ទាន់​មាន​ប្រតិកម្ម​លើ​ «​គណបក្ស​ខ្មែរ​តែ​មួយ​» ​ដែល​បាន​ប្រកាស​ចូលរួម​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចាត់ទុក​ថា ជា​ចលនា​ឧទ្ទាម​ខុស​ច្បាប់​នោះ​ទេ ខណៈ​ដែល​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ថ្លែង​ថា ការប្រកាស​គាំទ្រ​នេះ​គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញមតិ​ប៉ុណ្ណោះ​។

គណបក្ស​ខ្មែរ​តែមួយ​ដែល​មាន​បងប្រុស​លោក កែម ឡី គឺ​លោក កែម រិទ្ធីសិដ្ឋ ជា​ប្រធាន​ដែល​ទើប​តែ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ជា​សារ​មួយ​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​ចលនា​ឧទ្ទាម និង​ខុសច្បាប់​។ ប៉ុន្តែ​គណបក្ស​ដែល​កាលពី​ដំបូង​បាន​ដាក់​ឈ្មោះ​ថា គណបក្ស «​កែមឡី​» មួយ​នេះ​បាន​ការពារ​ខ្លួន​ថា វា​ជា​សារ​អំពាវនាវ​ដើម្បី​ឲ្យ​មាន​ «​ការរួបរួម​ជាតិ​» ប៉ុណ្ណោះ​។

នៅក្នុង​លិខិត​សរសេរ​ទៅ​កាន់​លោក សម រង្ស៊ី និង​លោកស្រី មូរ សុខហួរ កាលពី​ថ្ងៃ​ទី ២៧ មីនា​នេះ​លោក គុជ លី អនុប្រធាន​គណបក្ស និង​ជា​អ្នក​នាំពាក្យ​បាន​សរសេរ​ថា​៖ «​ដើម្បី​ផលប្រយោជន៍​ជាតិ​ខ្មែរ និង​ប្រជាជាតិ​ខ្មែរ ខ្ញុំ គុជ លី តំណាង​ឲ្យ​គណបក្ស​ខ្មែរ​តែមួយ​សូម​ប្រកាស​គាំទ្រ និង​ចូលរួម​ធ្វើ​សកម្ម​ (​ភាព​) ​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​ប្រធាន សម រង្ស៊ី ​»​។

កាលពី​ថ្ងៃទី​ ២៧ ខែ​មីនា​ក្រសួង​មហាផ្ទៃ​បាន​ចុះ​បញ្ជី​គណបក្ស​នេះ ហើយ​ក្នុង​លិខិត​ប្រកាស​ស្តីពី​ការចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ ចុះហត្ថលេខា​ដោយ​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឲ្យ​គណបក្ស​ខ្មែរ​តែមួយ «​ត្រូវ​ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ​»​។

ស្រប​ជាមួយ​ការប្រកាស​គាំទ្រ​នេះ​លោក គុជ លី ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ជាមួយ​លោក​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​លោក សម រង្ស៊ី និង លោក កឹម សុខា ដែល​តុលាការ​ និង​រដ្ឋាភិបាល​កំពុង​ចោទប្រកាន់​ពី​បទ «​ក្បត់ជាតិ​» ​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​លោក មាជ សុវណ្ណារ៉ា និង​អ្នកទោស​មនសិការ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។

លោក​ លី ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​មិន​បារម្ភ​អំពី​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​មក​លើ​គណបក្ស​របស់​លោក​ទេ ហើយ​ថា សារ​របស់​លោក គឺ​ចង់​ឲ្យ​មានការ​រួបរួម​ជាតិ​តែប៉ុណ្ណោះ​។

លោក ថ្លែងថា លោក​ប្រកាស​គាំទ្រ​ចលនា​នេះ​ដោយសារ​តែ «​ខ្ញុំ​នៅ​តែ​ការពារ​ថា ខ្ញុំ​អត់​ខុស​បើ​ខ្ញុំ​អំពាវនាវ​ឲ្យ​ប្រជាជន​បះបោរ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​អាហ្នឹង​ខ្ញុំ​ខុស​។ មិន​មាន​ន័យ​ថា ចលនា​របស់​គាត់​ជា​ចលនា​អាក្រក់​ទាំងអស់​ឯណា​!...​តែ​សារ​របស់​យើង​គឺ​រួបរួម​ជាតិ អ៊ីចឹង​ដោះលែង​»​។

លោក​បន្ត​ថា​៖ «​រាជរដ្ឋាភិបាល បើសិន​លោក​ចោទប្រកាន់​គណបក្ស​ខ្មែរ​តែ​មួយ​មាន​ន័យ​ថា​ថ្នាក់ដឹកនាំ​របស់​ក្រសួង​ប្រហែល​គាត់​អត់​យល់​ពី​ច្បាប់​ទេ​»​។

លោក ប្រាក់ សំអឿន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ​ថ្លែង​ថា លោក​មិន​ទាន់​បានឃើញ​លិខិត​របស់​លោក គុជ លី នៅ​ឡើយ​បាន​ត្រឹម​តែ​ឮ​តាម​ព័ត៌មាន​។

ចំណែក​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា អ្វី​ដែល​លោក លី និយាយ គ្រាន់​តែ​ជា​សិទ្ធិ​របស់​លោក​តែ​ប៉ុណ្ណោះ​។ «​ខ្ញុំ​យល់​ថា ជា​សិទ្ធិ​ទេ ហើយ​គាត់​និយាយ​មិន​ទាន់​មាន​ពិរុទ្ធភាព​ទេ​។ បើសិន​ណា​គាត់​និយាយ​ហើយ គាត់​ទៅ​ធ្វើ​សកម្មភាព អាហ្នឹង​វា​ចូល​រឿង វា​ប្រឈម​ចំពោះ​មុខ​ច្បាប់ ពីព្រោះ​យើង​ដឹង​ហើយ​ថា ចលនា​សង្គ្រោះ​ជាតិ​ជា​ចលនា​ខុស​ច្បាប់ ដែល​យើង​ហៅ​ថា ឧទ្ទាម​និយម​ក្រៅ​ច្បាប់​។ បើ​គ្រាន់តែ​ប្រកាស​មិន​ទាន់​មាន​ទង្វើ​ជាក់ស្តែង​អាហ្នឹង​មិន​ទាន់​អី​ទេ តែ​ជា​មូលដ្ឋាន​សម្រាប់​សមត្ថកិច្ច​តាមដាន​សកម្មភាព​»​។

យ៉ាងណា​ក្តី​អ្នក​ប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​យល់ឃើញ​ថា ការប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​នេះ​គ្រាន់​តែ​ជា​ល្បិច​របស់​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​នេះ​តែ​ប៉ុណ្ណោះ​។ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ភ្នំពេញ​ប៉ុស្តិ៍ អ្នកលេង​ហ្វេសប៊ុក​ម្នាក់​ដែល​ដាក់​ឈ្មោះ​ថា Moses Prak សរសេរ​ថា​៖ «(​នេះ​) ​ល្បិច​បំបែក​សំឡេង​គាំទ្រ​ (​សង្គ្រោះជាតិ​) ដោយ​ដើរតួ​ជា​អ្នក​គាំទ្រ (​សង្គ្រោះ​ជាតិ​) ​ព្រោះ​ចង់​ឲ្យ​អ្នក​គាំទ្រ​ទុកចិត្ត​ចូលរួម និង​មាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត ប្រយោជន៍​ឲ្យ គ.ជ.ប ប្រកាស​ថា មាន​អ្នក​ចូលរួម​បោះឆ្នោត​លើស​ពី ៥០% ។ សូម​បងប្អូន​កុំ​ចាញ់​ល្បិចកល​គេ ហើយ​រក្សា​ជំហរ​ដើម​យើង​វិញ​»​។

ចំណែក​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ Sot Saborn បាន​សរសេរ​ថា​៖ «​ខ្ញុំ​មិនមែន​អ្នក​វិភាគ​នយោបាយ តែ​ខ្ញុំ​ក៏​អាច​មើល​ធ្លុះ​បាន​ដែរ គឺ​ចង់​ទាញ​អ្នក​គាំទ្រ CNRP និង​លួង​ចិត្ត​អ្នក​គាំទ្រ CNRP មុន​បោះឆ្នោត​ឲ្យ​បែក​សំឡេង​»​។

កាលពី​ថ្ងៃ​អង្គារ​ស្រប​ពេល​ដែល​មាន​អ្នកគាំទ្រ​លោក កឹម សុខា រាប់សិប​នាក់​បាន​មក​ឃ្លាំមើល​សវនាការ​បណ្ដឹង​សារទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ នៅ​សាលាឧទ្ធរណ៍​លោក​ ជួន សុវណ្ណ ស្នងការ​រាជធានី​បាន​ដាក់​បទបញ្ជា​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច គ្រប់​ខណ្ឌ​ទាំង ១២ ឲ្យ​ធ្វើការ​ឃ្លាំមើល​សកម្មភាព​ប្រឆាំង​ណា​មួយ ដែល​អាច​កើត​មាន​នៅ​មុន​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក សុវណ្ណ ត្រូវ​បាន​ស្រង់​សម្តី​ដោយ​វេបសាយ​អគ្គស្នងការ​នគរបាលជាតិ​ដោយ​លោក​ថ្លែង​ថា​៖ «​យើង​ជា​អ្នក​ចូលរួម​អនុវត្ត​ផ្ទាល់​ក្នុង​ការ​ទប់ស្កាត់​បដិវត្តន៍​ពណ៌ ការទប់ស្កាត់​ចលនា​អសន្តិសុខ​សង្គម​ដែល​ក្រុម​គណបក្ស​ប្រឆាំង​ចង់​ធ្វើ ហើយ​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​រាល់​ចលនា​ណា​មួយ​ដែល​ក្រុម​នេះ​ប៉ុនប៉ង​ចង់​ធ្វើ​»៕