The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បក្ស​ប្រជាជន​ថា​ទណ្ឌកម្ម​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី​មិន​សំដៅ​លើ​បក្ស​ប្រឆាំង​ទេ

បក្ស​ប្រជាជន​ថា​ទណ្ឌកម្ម​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី​មិន​សំដៅ​លើ​បក្ស​ប្រឆាំង​ទេ

លោក ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ភ្នំពេញ ប៉ុស្តិ៍

បក្ស​ប្រជាជន​ថា​ទណ្ឌកម្ម​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី​មិន​សំដៅ​លើ​បក្ស​ប្រឆាំង​ទេ

ភ្នំពេញៈ គណបក្ស​ប្រជាជន​បាន​បដិសេធ​ថា មាត្រា​មួយ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​តឹងរ៉ឹង​ចំពោះ​អ្នក​នយោបាយ ដែល​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍ ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត មិន​មាន​គោលដៅ​លើ​គណបក្ស​ប្រឆាំង​ទេ។

លោក ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន បាន​ទទូច​ថា បញ្ញតិ្ត​នោះ មិន​មាន​គោល​បំណង​រឹត​ត្បិត​គណបក្ស​ណា​មួយ​ទេ ហើយ​ត្រូវ​បាន​យក​មក​អនុវត្ត​ស្មើ​គ្នា។

ទោះ​ជា​យ៉ាង​ណា ប្រភព​ក្នុង​គណបក្ស​ប្រជាជន ដែល​ដឹង​ពី​ការ​ចរចា​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត បាន​បង្ហើប​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​ក្នុង​អំឡុង​ដំណើរការ​ព្រាង​ច្បាប់ ដែល​ថា បញ្ញតិ្ត​នេះ​អាច​រឹត​ត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រិះគន់​កន្លង​មក ដោយ​ក្រុម​អង្គការ​សិទិ្ធ​មនុស្ស សហគមន៍​អន្តរជាតិ និង​រដ្ឋាភិបាល ដោយ​សារ​តែ​គណបក្ស​នេះ បាន​ប្រើ​ប្រាស់​ពាក្យ​សម្តី​ប្រឆាំង​វៀតណាម​ជា​ប្រចាំ។ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត ខែ​កក្កដា ឆ្នាំ​២០១៣ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​អាជ្ញាធរ​ដែល​លោក​ថា «មិន​បាន​ការពារ​ខ្មែរ​ដូច​គ្នា​ទាល់​តែ​សោះ ប៉ុន្តែ​ការពារ​យួន​ឈ្លាន​ពាន»។

មាត្រា ១៥២ នៃ​ច្បាប់​បោះ​ឆ្នោត ដែល​នឹង​ត្រូវ​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ នឹង​ដាក់​ពិន័យ​ប្រាក់​ចំនួន ២៥០០ ដុល្លារ និង​ធ្វើ​ការ​ព្រមាន​លើ​អ្នក​នយោបាយ ដែល​ប្រមាថ ឬ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍ ណា​មួយ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។ ក្នុង​ករណី​អ្នក​នយោបាយ​នៅ​បន្ត​ប្រើ​ប្រាស់​ពាក្យ​សម្តី​នេះ ឈ្មោះ​របស់​គាត់ នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បេក្ខជន ដោយ​មាត្រា ១៥៣ ចែង​ពី​ទណ្ឌកម្ម​ពិន័យ​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​អាច​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​បាត់បង់​លក្ខណ​សម្បតិ្ត​ទៀត​ផង។

លោក អ៊ូ វីរៈ អ្នក​វិភាគ​ឯករាជ្យ ក្នុង​ចំណោម​សកម្មជន​ដែល​រិះគន់​ពាក្យ​សម្តី​របស់​គណបក្ស​ប្រឆាំង បាន​ថ្លែង​ថា ខ្លឹម​សារ​នៃ​សុន្ទរកថា​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ហួស​ផុត​ពី​ដែន​កម្រិត​នៃ​សុន្ទរកថា​ស្អប់​ខ្ពើម» ហើយ​គឺជា​អំពើ​ខុស​ច្បាប់ ក្រោម​ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម។

ប៉ុន្តែ លោក​បន្ថែម​ថា អាច​មាន «គ្រោះ​ថ្នាក់» ក្នុង​ការ​ដាក់​ទណ្ឌកម្ម​គណបក្ស​ទាំង​មូល ដោយ​សារ​សុន្ទរកថា​របស់​អ្នក​នយោបាយ​មួយ​ចំនួន ដោយ​លោក​បាន​បញ្ជាក់​ថា ការ​ទទួល​ខុស​ត្រូវ​គួរ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ប្រព្រឹត្ត​ល្មើស។

ប្រភព​គណបក្ស​ប្រជាជន ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​រក្សា​ទំនាក់​ទំនង​ការងារ រវាង​គណបក្ស​ទាំង​ពីរ បាន​អះអាង​ថា គណបក្ស​ប្រឆាំង បាន​តវ៉ា​ចំពោះ​បញ្ញតិ្ត​នេះ នា​ពេល​ដំបូង។

ខណៈ​ដែល​លោក​បាន​បដិសេធ​ថា បញ្ញតិ្ត​នេះ​មិន​ត្រូវ​បាន​ចែង​តម្រង់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​បាន​ទទួល​ស្គាល់​ថា «ក្នុង​កម្រិត​ខ្លះ បញ្ញតិ្ត​ទាំង​នេះ​ត្រូវ​រឹត​ត្បិត​ពាក្យ​សម្តី និង​ការ​ឃោសនា​ជ្រុល​ហួស​ហេតុ»។

មន្ត្រី​ដដែល​នេះ បាន​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា គណបក្ស​ប្រជាជន​គាំទ្រ​ឲ្យ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​វៀតណាម​ចូល​មក​កម្ពុជា​ដោយ​សេរី​នោះ​ទេ»។

លោក អេង ឆៃអ៊ាង សមាជិក​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា គណបក្ស​របស់​លោក បាន​គាំទ្រ​ការ​ដាក់​បញ្ចូល​មាត្រា​នេះ ប៉ុន្តែ លោក​បាន​សម្តែង​នូវ​ក្តី​កង្វល់​ក្នុង​អំឡុង​ពេល​ពិភាក្សា​អំពី​ថា តើ​បញ្ញតិ្ត​នេះ អាច​នឹង​ត្រូវ​បាន​បក​ស្រាយ និង​អនុវត្ត​ដោយ​របៀប​ណា។

លោក​បាន​បន្ថែម​ថា៖ «ឧទាហរណ៍ យើង​ប្រើ​ពាក្យ យួន ដែល​ពាក្យ​នេះ​មិន​មាន​ប្រកាន់​ពូជ​សាសន៍ ឬ​រើស​អើង​អ្វី​ទេ។ ពាក្យ​នេះ វា​គឺជា​ពាក្យ​ប្រើ​ក្នុង​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត [ជា​វចនានុ​ក្រម​ខ្មែរ ទី១]»៕

អត្ថបទគួរចាប់អារម្មណ៍