ភ្នំពេញៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) កាលពី​ម្សិលមិញ បាន​ប្រកាស​ជំហរ​ជាថ្មី​វិញ​ថា នឹង​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ចុងខែ​កក្កដា​នេះ​ដោយ​អះអាង​ថា ស្ថានភាព​លំបាក​ដែល​ជា​ឧបសគ្គ​រំខាន​ក្នុង​យុទ្ធនាការ​មុន​ការបោះឆ្នោត​បាន​វិល​មក​រក​ភាព​ធូរស្រាល​វិញ បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ព្រមាន​ដកខ្លួន​ចេញ​ពី​ការបោះឆ្នោត ដោយសារ​តែ​មាន​ការ​រំខាន​នោះ​។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កាលពី​ដើម​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត បក្ស​នេះ​អះអាង​ថា​មាន​ការរើសអើង​ពី​សំណាក់​មន្ត្រី​នគរបាល​ជាតិ​ក្នុង​ក្បួន​ឃោសនា​របស់​បក្ស​ខ្លួន ខណៈ​សកម្មជន​របស់​ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការគំរាម​កំហែង និង​ការរារាំង​ពី​ប្រជាការពារ​ភូមិ​មិន​ឲ្យ​ចុះ​ចែក​ខិត្តប័ណ្ណ ជាដើម​ព្រម​ទាំង​បាន​ព្រមាន​ដើរចេញ​ពី​ការបោះឆ្នោត​បើ​បញ្ហា​ទាំង​នោះ​នៅ​បន្ត​កើត​មាន​ចំពោះ​គណបក្ស​ខ្លួន​។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​មុន​ចេញ​ហែ​ក្បួន​ឃោសនា​ជា​លើក​ទី​ ៣ លោក​ យ៉ង សាំងកុមារ ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​បញ្ជាក់ថា ជំហរ គណបក្ស​របស់​លោក​នឹង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នា​ថ្ងៃទី​ ២៩ ខែ​កក្កដា​នេះ​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​ធ្វើការ​សម្រេច​ចិត្ត​ថា​យើង​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ យើង​មិន​ដក​ខ្លួន​ចេញ​ពី​ការបោះឆ្នោត​ទេ តែ​យើង​នៅ​ចាំ​មើល​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​»​។

លោក​បាន​បញ្ជាក់​ថា​បន្ទាប់ពី​ការព្រមាន​របស់ GDP នាពេល​កន្លង​មក ឃើញ​ថា​ស្ថានភាព​តឹងតែង​បាន​ធូរស្រាល​ច្រើន​ដូចជា​មន្ត្រី​នគរបាល​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សម្រួល​ចរាចរណ៍​ ជាក់ស្ដែង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ព្រមាន​នគរបាល​មូលដ្ឋាន​កុំ​ឲ្យ​រើសអើង​នយោបាយ​ជាដើម​។

លោក​បន្ត​ថា​៖ «​ទី​ ១ យើង​ជួប​ការលំបាក ប៉ុន្តែ​ការលំបាក​នោះ​បាន​ធូរស្រាល​ច្រើន ដូច្នេះ​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​ថ្ងៃ​នេះ​មាន​ក្រុម​នគរបាល​គាត់​បាន​មក​ជួយ​សម្រួល តាំងពី​ដើម​ទី​នៃ​ការហែ​ក្បួន​នៅ​តាម​ឃុំ​មួយ​ចំនួន​ដែល​យើង​ជួប​បញ្ហា​។ ឥឡូវ​ប៉ូលិស និង​អាជ្ញាធរ គាត់​ចាប់ផ្តើម​យល់​បូក​នឹង​ការប្រកាស​របស់​សម្ដេច​ក្រឡាហោម​ (​លោក ស ខេង​) ថ្មីៗ​នេះ​ឃើញ​ថា​ពួកគាត់​លែង​លូកដៃ​ក្នុង​កិច្ចការ​នេះ​។ នេះ​ជា​រឿង​វិជ្ជមាន​»​។

លោក​រំពឹង​ថា​យ៉ាង​តិច​បំផុត​ ៧៥ ​ភាគរយ​នៃ​ប្រជាពលរដ្ឋ​នឹង​ទៅ​បោះឆ្នោត ដោយ​អះអាង​ថា​បើ​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​កាន់តែ​ច្រើន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ឱកាស​ឈ្នះឆ្នោត​កាន់តែ​ច្រើន​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ប៉ុន្តែ​សំខាន់​បំផុត​ពេល​យើង​ចុះ​ទៅ​ជួប​ពលរដ្ឋ​គ្រប់​កន្លែង​ប្រជាពលរដ្ឋ​ត្រូវការ​ជម្រើស​ថ្មី​។ យើង​ត្រូវ​តែ​ផ្តល់​ជម្រើស​ដល់​ពលរដ្ឋ​យើង អ៊ីចឹង​កត្តា​សំខាន់​បំផុត​គឺ ការគាំទ្រ​របស់​ប្រជាពលរដ្ឋ ការឲ្យ​តម្លៃ​របស់​ប្រជាពលរដ្ឋ​»​។

ប៉ុន្តែ​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​ថ្លែង​ថា​ថ្នាក់​ដឹកនាំ​គណបក្ស​នោះ​មាន​សិទ្ធិ​ឃោសនា​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ខ្លួន ប៉ុន្តែ​លោក​ សុខ ឥសាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ផង​ដែរ​នៃ​បក្ស​កាន់អំណាច​មួយ​នេះ​នៅ​បន្ត​ចំអក​ពី​ជំហរ​របស់​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​លោក​ថា ជា​ជំហរ​មិន​ច្បាស់លាស់​។

លោក​ថ្លែង​ថា​៖ «​អាការ​ប្រកាស​ជំហរ​ម្ដង​ឆ្វេង ម្ដង​ស្ដាំ​នេះ យើង​ឃើញ​ថា​វា​គ្រាន់​តែ​ជា​ការ​លាប​ម្សៅ ផាត់មុខ ដើម្បី​ការពារ​កិត្តិយស​ទុក​មុន ពីព្រោះ​គាត់​គ្មាន​សង្ឃឹម​ថា​ឈ្នះឆ្នោត​ទេ​។ ការ​ឡាំប៉ា​បណ្ដើរៗ​នេះ​គ្រាន់តែ​លាបមុខ ដើម្បី​មើល​ទៅ​ហំ​តែ​ប៉ុណ្ណោះ កុំ​ឲ្យ​វា​បាក់​មុខ​ខ្លាំង​ពេក​»​។

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​គោលនយោបាយ​ហាក់​ដូច​ខុស​ពី​គេ​បន្តិច​នៅ​ត្រង់​ថា បក្ស​ថ្មីថ្មោង​នេះ​ជ្រើស​បេក្ខជន​តំណាងរាស្ត្រ​ពី​ប្រភព​កសិករ​៕