
ពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ ជូនជនរងគ្រោះដែលបានស្លាប់ ក្នុងព្រឹត្តការណ៍គប់គ្រាប់បែក នាខែមីនា ឆ្នាំ ១៩៩៧ ។ ហេង ជីវ័ន
ភ្នំពេញៈ ពិធីបង្សុកូល រំលឹកវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់ដោយសារព្រឹត្តការណ៍នៃការគប់គ្រាប់បែកក្នុងហ្វូងបាតុករ តវ៉ានៅមុខមន្ទីររដ្ឋសភាចាស់ ក្បែរបរមរាជវាំង កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៩៧ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ១០០ នាក់ នៅឆ្នាំនេះ មានសភាពស្ងប់ស្ងាត់ និង គ្រួសារជនរងគ្រោះចូលរួមតិចជាងឆ្នាំមុនៗ។
អ្នកចូលរួមតិចជាង ៤០ នាក់ នៅព្រឹកថ្ងៃទី ៣០ ខែមីនានេះ ភាគច្រើនជាថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណបក្សភ្លើងទៀន ព្រមទាំងអ្នកគាំទ្រមួយចំនួនប៉ុណ្ណោះ ប៉ុន្តែមិនមានក្រុមគ្រួសារសមាជិកអ្នកស្លាប់ជាច្រើនឡើយចូលរួម ដោយប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល យល់ថា នេះក៏ដោយសារស្ថានការណ៍នយោបាយ មិនល្អ ចំពោះពួកគេ។
លោក វណ្ណុល ថ្លែងថា ៖ «ជនរងគ្រោះ មកតិចជាងឆ្នាំមុន ដោយសារស្ថានការណ៍នយោបាយមិនអំណោយផលល្អដល់គាត់»។
ជាលើកទីមួយ ឆ្នាំ២០១៨ ចំពោះការប្រារព្ធពិធីនេះ ក្រោយមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលគេបានហាមឃាត់មន្ត្រីជាន់ខ្ពស់បក្សនេះ ១១៨ នាក់ ក្នុងការធ្វើនយោបាយ។ ប្រការនេះ ជាហេតុធ្វើឲ្យពួកគេ ភាគច្រើន បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសក្រៅ ចំណែកអ្នកស្ថិតនៅក្នុងប្រទេស កំពុងស្ថិតក្នុងភាពស្ងប់ស្ងៀម ដោយសារខ្លាចមានការចោទប្រកាន់ណាមួយពីអាជ្ញាធរ។
លោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិនិងសមាជិកសភា ដែលបានចូលរួមកម្មវិធីបង្សុកូល ប្រគេនទេយ្យទាន ដល់ព្រះសង្ឃ នៅមុខស្តូបជនរងគ្រោះនាសួនវត្តបទុម មានប្រសាសន៍ថា លោកបានរក្សាភាពស្ងប់ស្ងៀម ដោយមិនចង់មានបញ្ហា ហើយលោកបានគេចវេស មិនឆ្លើយជាមួយអ្នកសារព័ត៌មាននោះឡើយ។
លោកថ្លែងថា ៖ «បើគេមិនឲ្យយើងធ្វើអីផង នៅស្ងៀមល្អជាង»។
លោក សុន ឆ័យ អតីតតំណាងរាស្ត្រម្នាក់ទៀត ក៏ថ្លែងផងដែរថា ៖ «អ្វីដែលខ្ញុំបានធ្វើ ហើយព្យាយាមចៀសវាងនិយាយច្រើន គឺដើម្បីកុំឲ្យគេ…យកជាលេស មកចាប់ខ្ញុំ» ។

លោក ទាវ វណ្ណុល ក្នុងកម្មវិធី កាលពីព្រឹកមិញ ។ រូប ឆាយ ច័ន្ទនីដា
មានតែក្រុមគ្រួសារសពម្នាក់ប៉ុណ្ណោះ បានឡើងថ្លែងសុន្ទរកថាគឺលោកស្រី លី នារី ជាសមាជិកានៃព្រឹទ្ធសភា កូតាគណបក្សភ្លើងទៀន ដែលត្រូវផុតអាណត្តិក្នុងខែមេសានេះ។
លោកស្រី នារី មានកូនប្រុសឈ្មោះ ជេត ដួងតារាវុធ ជាអ្នកសារព័ត៌មានឲ្យ«កាសែតអ្នកប្រយុទ្ធ» ដែលបានស្លាប់ក្នុងព្រឹត្តការណ៍គប់គ្រាប់បែក កាលពី ២១ឆ្នាំមុន ដែលនៅតែមិនទាន់មានលទ្ធផលថានរណាជាជនដៃដល់នោះឡើយ។
លោកស្រី ថ្លែងថា ដរាបណាមិនទាន់រកឃើញជនដៃដល់ «ដូច្នេះយុត្តិធម៌នៅមិនទាន់មាន» សម្រាប់ជនរងគ្រោះ»។
លោកស្រីថ្លែងទាំងអារម្មណ៍ក្តុកក្តួលថា ៖ «យើងអំពាវនាវដល់រដ្ឋាភិបាល ឲ្យទប់ស្កាត់នូវរាល់ហិង្សា.. ដូចការគប់គ្រាប់បែក ការចាប់ចង ការបាញ់សម្លាប់ ព្រោះជីវិតមនុស្ស ពិតជាមិនអាចកាត់ថ្លៃបានទេ»។
ក្រុមគ្រួសារអ្នកស្លាប់ឯទៀត ឲ្យដឹងថា ពួកគេមិនបានមក ឬមកកម្មវិធីបុណ្យមិនយឺតយ៉ាវ ដោយសារកម្មវិធី រៀបចំខ្លីពេក ហើយអ្នករៀបចំ ទើបទាក់ទងហៅពួកគាត់ នៅល្ងាចថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ។
លោក ង៉ោ ខេង កូនប្រសាសពលោក សំ សារិន បានជឿថា ដោយសារស្ថានការណ៍នយោបាយបច្ចុប្បន្ន មិនអំណោយផលល្អរបស់អតីតសមាជិកបក្សប្រឆាំង ទើបធ្វើឲ្យកម្មវិធីមានរយៈពេលខ្លី ដែលក្រុមគ្រួសារសព ចូលរួមមិនបានគ្រប់គ្នា។
ទោះយ៉ាងណា លោកថ្លែងថា ៖ ««២១ឆ្នាំមកនេះ នៅមិនទាន់ស្វែងមុខរកឃាតកពិតឃើញឡើយ។ យើងនៅតែអំពាវនាវឲ្យរដ្ឋាភិបាលបច្ចុប្បន្នស្វែងរកជនដៃដល់ ដើម្បីកាត់ទោស»។
គួរបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់ដោយសារការគប់គ្រាប់បែកកាលពីឆ្នាំ ១៩៩៧ ទៅលើការប្រមូលផ្តុំរបស់គណបក្សប្រឆាំង ពេលនោះឈ្មោះថា គណបក្សជាតិខ្មែរ បានបណ្តាលឲ្យមនុស្ស ១៧ នាក់ស្លាប់ និងជាង ១២០ នាក់មានទាំងកម្មករ ទៀតបានរងរបួសក្នុងនោះរួមទាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សមួយនេះ។
គ្រាប់បែកចំនួន ៤ គ្រាប់ត្រូវបានគប់ចូលទៅក្នុងក្រុមអ្នកគាំទ្រគណបក្សជាតិខ្មែរដែលកាលពេលនោះដឹកនាំដោយលោក សម រង្ស៊ី ដែលកំពុងធ្វើការប្រមូលផ្តុំនៅម្តុំវត្តបទុមដើម្បីទាមទារឲ្យមានតុលាការឯករាជ្យ។
ក្រោយមក មានការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានធ្វើឡើងដោយសារតែមានពលរដ្ឋអាមេរិកម្នាក់បានរបួសនៅក្នុងហេតុការណ៍គប់គ្រាប់បែកនោះដែរ ប៉ុន្តែរបាយការណ៍នេះ បានបិទមុនពេលឈានទៅដល់ការសន្និដ្ឋានច្បាស់លាស់។ ទោះជាយ៉ាងណា ឯកសារបើកចំហរបស់ទីភ្នាក់ងារ FBI បង្ហាញថា ការស៊ើបអង្កេតនេះ មានទំនោរបន្ទោស យ៉ាងខ្លាំងលើគណបក្សប្រជាជនកម្ពុជា ក៏ដូចរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះហេតុការណ៍គប់គ្រាប់បែកនេះ។
ទោះយ៉ាងណា លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការអ្នកមិនសូវមានអ្នកចូលរួមច្រើន ក្នុងកម្មវិធីព្រឹកមិញ ក៏ប្រសើរដែរ ដើម្បីចៀសវាងនូវបញ្ហាដែលអាចកើតមាន។
លោកថា ៖«បើពួកគាត់ខ្លាច(មិនមក) ជារឿងល្អហើយ ចៀសវាងកុំឲ្យមានបញ្ហាដូចកាលកន្លងមក»។
ទាក់ទិននឹងការស៊ើបអង្កេត លោកជឿថា គេបានបិទហើយ តាំងពីឆ្នាំ ២០០៤ ជាមួយ FBI ដែលថា «អត់មានតម្រុយ អ៊ីចឹងអត់មានស៊ើបបន្តទៀតទេ។...គ្មានហេតុផលណាដែលថារដ្ឋាភិបាលប្រព្រឹត្ត មានតែអ្នកក្រៅប្រព្រឹត្ត ហើយចង់បន្ទោសរដ្ឋាភិបាល»។
លោក ឥសាន្ត ក៏បានឲ្យទាក់ទងទៅអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដែលមិនអាចទាក់ទងបាននៅឡើយ ដើម្បីឲ្យធ្វើការបញ្ជាក់លើការស៊ើបអង្កេតករណីគប់គ្រាប់បែកនេះ ៕