ភ្នំពេញៈ ទិវាសន្ធិសញ្ញា ទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីម្សិលមិញ ត្រូវបានគណបក្សប្រជាជន ហៅថា កើតឡើងដោយសារតែមានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ខណៈដែលគណបក្សសង្គ្រោះជាតិ បានចាត់ទុកកិច្ចព្រមព្រៀងនេះថា មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជាតិខ្មែរទាំងមូលហើយថា អ្វីៗដែលកម្ពុជា មានមកដល់សព្វថ្ងៃគឺដោយសារមូលដ្ឋាននៃកិច្ចព្រមព្រៀងនេះ។
ក្នុងទិវារំឭកខួប ២៣ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស កាលពីម្សិលមិញ នៅម៉ោង ៨ ព្រឹកប្រជាពលរដ្ឋប្រមាណជិត ៥០០ នាក់រួមមានព្រះសង្ឃ អង្គការសមាគមខ្មែរកម្ពុជាក្រោមសហព័ន្ធសមាគមនិស្សិតបញ្ញវន្ត យុវជន សហជីពកម្មករ សហគមន៍រងគ្រោះដោយបញ្ហាដីធ្លី ព្រៃឈើ និងអង្គការសង្គមស៊ីវិលបានដង្ហែក្បួនដាក់ញត្តិទៅកាន់ស្ថាប័នចំនួន ៩ ដើម្បីស្នើឲ្យជំរុញដល់ប្រទេសម្ចាស់ហត្ថលេខី ត្រូវតែគោរពកិច្ចព្រមព្រៀងថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១។
គោលដៅដាក់ញត្តិទាំងនោះរួមមាន ស្ថានទូតបារំាង ស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក មន្ទីររដ្ឋសភា ស្ថានទូតរុស្ស៊ី អង្គការសហប្រជាជាតិ ស្ថានទូតជប៉ុន ស្ថានទូតឥណ្ឌូនេស៊ី និងស្ថានទូតចិន ដោយបញ្ចប់នៅម៉ោង ១ រសៀល។
នៅក្នុងញត្តិនោះ ការទាមទារគឺផ្តោតលើខ្លឹមសារ នៃកិច្ចព្រមព្រៀង ៥ ចំណុច ស្តីពីការកសាងវប្បធម៌សន្តិភាព ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា អធិបតេយ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា សេចក្តីថ្លែងការណ៍ស្តីពីការស្តារ និងកសាង ប្រទេសកម្ពុជា ឡើងវិញ។
ថ្លែងនៅមុខមន្ទីររដ្ឋសភា ក្រោយពីទទួលយកញត្តិលោកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជននិងជាសមាជិកគណៈកម្មការ ទី១ នៃរដ្ឋសភា ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភាបានប្រកាសស្វាគមន៍ចំពោះស្មារតីនៃការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាមួយគ្នានេះ លោកស្រី ឡោក ខេង បានរំឭកជាថ្មី ពីគុណូបការៈនៃទិវាជ័យជម្នះ ៧ មករា ដោយគូសបញ្ជាក់ថា៖ «បងប្អូនអម្បាញ់មិញ មានប្រសាសន៍ថា កុំឲ្យនាងខ្ញុំរំឭកពី ៧ មករា អ៊ីចឹងនាងខ្ញុំមិនរំឭកទេ ៧ មករា ដែលជាខួបកំណើត ទី២ ក៏ប៉ុន្តែមាន ៧ មករា ទើបមាន ២៣ តុលា... ២៣ តុលា គឺជាថ្ងៃដែលយើងមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងអស់គ្នា»។
ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ ដែលបានប្រារព្ធខួបកិច្ចព្រមព្រៀង ក្រុងប៉ារីស នៅទីស្នាក់ការកណ្តាលរបស់ខ្លួនកាលពីម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជាតិខ្មែរទាំងមូល «ព្រោះអ្វីៗដែលយើងបានទទួលមកដល់សព្វថ្ងៃនេះ គឺដោយសារមូលដ្ឋាននៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស»។
សេចក្តីថ្លែងការណ៍បន្តថា ស្មារតីនៃកិច្ចព្រមព្រៀង ក្រុងប៉ារីស បានកំណត់នូវគោលបំណងសំខាន់ៗដូចជាសន្តិភាព ការបង្រួបបង្រួមជាតិការកសាងលទ្ធិប្រជាធិបតេយ្យការអភិវឌ្ឍ និងជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដី។ គណបក្សប្រឆាំងបានបញ្ជាក់ថា ស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស មិនទាន់ត្រូវបានអនុវត្តឲ្យបានពេញលេញនៅឡើយទេ ក្នុងរយៈពេល ២៣ឆ្នាំ កន្លងមកដោយសង្គ្រាមដណ្តើមយកដីធ្លីពីប្រជាពលរដ្ឋក្រីក្រនៅតែបន្តមិនទាន់មានការបង្រួបបង្រួមជាតិនិងការផ្សះផ្សាជាតិឲ្យបានពេញលេញ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺស្ថិតនៅឆ្ងាយនៅឡើយ ហើយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់និងបញ្ហាព្រំដែន នៅមិនទាន់បានដោះស្រាយច្បាស់លាស់នៅឡើយ។ លើសពីនេះទៀត គម្លាតរវាងអ្នកមាន និងអ្នកក្រ គឺនៅឆ្ងាយដាច់ពីគ្នា។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងពិធីប្រារព្ធខួបនេះ ដោយបានសម្តែងការដឹងគុណចំពោះលទ្ធផលនៃស្មារតីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ជាមួយគ្នានេះ លោក បានបញ្ជាក់ជាថ្មី ទៅដល់អ្នកគាំទ្ររបស់គណបក្សដែលបានចូលរួមជាង ១០០ នាក់ពីគោលជំហរចូលសភារបស់គណបក្សសង្គ្រោះជាតិ ដើម្បីផ្លាស់ប្តូរ គ.ជ.ប ថ្មី។
លោក កឹម សុខា បាននិយាយថា៖ «បើយើងចង់ដូរមេដឹកនាំ ដូរគោលនយោបាយ យើងត្រូវដូរ គ.ជ.ប តែយើងមិនដូរដោយហិង្សា ប្រើសង្គ្រាម ឬបង្ហូរឈាមពលរដ្ឋខ្មែរនោះទេ គឺប្តូរដោយសន្លឹកឆ្នោត គ.ជ.ប។ ខ្ញុំសូមអំពាវនាវឲ្យពលរដ្ឋខ្មែរតាមមើលកិច្ចព្រមព្រៀង ២២ កក្កដា តើបក្សណាខូច បក្សណាល្អ... យ៉ាងណាក៏ដោយ អ្នកដឹកនាំទាំងអស់ត្រូវអង្គុយជជែកគ្នា ឈរលើស្មារតីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស»។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ដែលជាអ្នកសម្របសម្រួលឲ្យមានការជួបចរចាគ្នា រវាងព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់មានការចុះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស បានថ្លែងថា បើទោះបីជាការអនុវត្តកិច្ចព្រមព្រៀងនោះ បានធ្វើឲ្យមានដំណើរការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅជារៀងរាល់ ៥ ឆ្នាំម្តងក្តី តែភាពយុត្តិធម៌ ត្រឹមត្រូវ គឺមិនទាន់មានភាពពេញលេញនៅឡើយទេ ហើយបញ្ហាជាតិសំខាន់ៗ ដូចជា ប្រព័ន្ធតុលាការ និងបញ្ហាព្រំដែនជាដើម គឺមិនត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពឡើយ។
លោកស្រី ឈីវកេក ដែលជាបេក្ខជនសម្រាប់តំណែងសមាជិក គ.ជ.ប ថ្មី បានបញ្ជាក់ថា៖ «បោះឆ្នោតឲ្យបានសេរីនិងយុត្តិធម៌ អ៊ីចឹង យុត្តិធម៌ត្រូវតែប្រជាពលរដ្ឋភាគច្រើនបំផុតទទួលយកលទ្ធផលបោះឆ្នោតហ្នឹង ទទួលបានទើបហៅថា យុត្តិធម៌...ដើម្បីកុំឲ្យប្រជារាស្ត្រ លោកនៅតែស្រែកយំបញ្ហានៅព្រំដែន ហ្នឹងថា បាត់ទឹកបាត់ដី ដូច្នេះខ្ញុំថា ទាល់តែរដ្ឋាភិបាល និងរដ្ឋាភិបាលជជែកគ្នាទៅ ព្រោះប្រទេសជិតខាងហ្នឹងសុទ្ធតែអ្នកចុះហត្ថលេខាហ្នឹង»។
នៅរសៀលថ្ងៃម្សិលមិញ សាលារាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអ្នកដឹកនាំរៀបចំពិធីដង្ហែក្បួនដាក់ញត្តិតាមស្ថានទូតនានាដោយចាត់ទុកថា បានប្រព្រឹត្តខុសឆ្គង ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីដែលមានបាតុភាពអសកម្មផ្សេងៗកើតឡើង។
សេចក្តីថ្លែងការណ៍នោះ បានលើកឡើងថា អាជ្ញាធរអនុញ្ញតការរៀបចំពិធីនៅលើទីលានប្រជាធិបតេយ្យ ដោយពុំឲ្យមានការហែក្បួនដែលនាំឲ្យមានការបិទផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលធ្វើឲ្យផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ រំខានពេលវេលា និងផលប្រយោជន៍អ្នកធ្វើដំណើរ ព្រមទាំងពុំមានការសហការជាមួយអាជ្ញាធរចុះការពារសន្តិសុខនោះឡើយ៕