
ភ្នំពេញៈ គណបក្សប្រឆាំង បានព្រមានដឹកនាំធ្វើបាតុកម្មធំមួយ នៅមុនការបោះឆ្នោត ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែធ្វើព្រងើយកន្តើយ មិនផ្លាស់ប្តូរយន្តការនៃដំណើរការបោះឆ្នោត អនុលោមទៅតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងសំណើរបស់ខ្លួនទេនោះ។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការ គ.ជ.ប ក្រោមអធិបតីរបស់លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន បានថ្លែងថា៖ «គណបក្សសង្គ្រោះជាតិកម្ពុជា ចង់ចូលរួមក្នុងការបោះឆ្នោត ដូច្នេះ ការបោះឆ្នោតមិនត្រូវធ្វើលេងសើចទេ។ ប្រសិនបើ គ.ជ.ប មិនធ្វើកំណែទម្រង់ទេនោះ យើងនឹងដឹកនាំបាតុកម្មដ៏ធំទាមទារឲ្យផ្លាស់ប្តូរយន្តការ អនុលោមតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ»។
លោកបាន ប្រាប់ គ.ជ.ប ថា ដើម្បីឲ្យមានការជឿជាក់ពីគូប្រជែង គ.ជ.ប ត្រូវរកយន្តការថ្មីដើម្បីអាចឲ្យបញ្ជីឈ្មោះអ្នកបោះឆ្នោត មានតម្លាភាព និងអាចទុកចិត្តបាន។ លោកថ្លែងថា បំណងនៃការធ្វើបាតុកម្មធំរបស់គណបក្សសង្គ្រោះជាតិកម្ពុជា គឺដើម្បីទាមទារឲ្យ គ.ជ.ប ផ្អាកការបោះឆ្នោត និងធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ។ យើងបានស្នើសុំ គ.ជ.ប ឲ្យធ្វើសវនកម្ម លើបញ្ជីឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែ គ.ជ.ប មិនដែលអនុវត្តតាមយើងទេ ហើយថា យើងបានលើកឡើងពីបញ្ហាដដែលនេះ ម្តងហើយម្តងទៀត។
ទោះជាយ៉ាងណា លោក អ៊ឹម សួស្តី ហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះការព្រមានធ្វើបាតុកម្មរបស់គណបក្សប្រឆាំងឡើយ ដោយលោកថ្លែងថា វាជាសិទិ្ធរបស់គណបក្សសង្គ្រោះជាតិ ក្នុងការធ្វើអ្វីមួយ ដែលខ្លួនចង់ធ្វើ។
ក្នុងអំឡុងសន្និសីទដែលមានគោលបំណងជូន ដំណឹង អំពីគំនិតផ្តួចផ្តើមមុនការបោះឆ្នោត លោក អ៊ឹម សួស្តី បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំមិនចាប់អារម្មណ៍ (ការ ព្រមានធ្វើបាតុកម្ម) ទេ ព្រោះវាជាសិទិ្ធពួកគេ។ ធ្វើអ្វីដែលអ្នកចង់ធ្វើចុះ ប៉ុន្តែច្បាប់ចែងថា ខ្ញុំអនុវត្តប្រចាំថ្ងៃ វាជាច្បាប់បោះឆ្នោត»។ លោក អ៊ឹម សួស្តី ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា ក្រៅពីផ្តល់ព័ត៌មានស្តីពីការបោះឆ្នោតតាមវិទ្យុ ទូរទស្សន៍ ទូរស័ព្ទ ប័ណ្ណប្រកាស ខិត្តប័ណ្ណ និងកាតព័ត៌មាន ឥឡូវនេះ គ.ជ.ប ផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទពិសេសឥតគិតថ្លៃ ដែលអ្នកបោះឆ្នោត អាចទូរស័ព្ទមក ប្រសិនបើគេមានសំណួរនោះ។ លោកក៏បានហៅការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតនាពេលថ្មីៗ នេះ ដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និងមជ្ឈមណ្ឌលដើម្បីការសិក្សាជាន់ខ្ពស់ថាជាសវនកម្មគួរឲ្យសង្ស័យ។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុម ហ្វ្រែល បានជំរុញ គ.ជ.ប ទទួលយកអនុសាសន៍ពីអង្គការទាំងនេះ ដោយថ្លែងថា ប្រសិនបើ គ.ជ.ប បដិសេធរបាយការណ៍ខុម ហ្វ្រែល វិទ្យាស្ថានជាតិប្រជាធិបតេយ្យ និង និកហ្វិក វានឹងកាន់តែមានបញ្ហាសម្រាប់អ្នកបោះឆ្នោត។
លោក គល់ បញ្ញា បានបន្ថែមថា៖ «យើងបានរកឃើញមានបញ្ហាកើតឡើង ប្រហាក់ប្រហែលគ្នា។ គ.ជ.ប ត្រូវយកចិត្តទុកដាក់ ដើម្បីចៀសវាងកុំឲ្យប្រជាជនត្រឡប់ទៅផ្ទះវិញ ដោយមិនបានបោះឆ្នោត ដោយសារតែរកមិនឃើញឈ្មោះ។ គ.ជ.ប. ត្រូវទទួលខុសត្រូវចំពោះឈ្មោះប្រជាជនដែលបាត់»៕ TK