
ស្វាយរៀងៈ ប្រធានគណបក្សសង្គ្រោះជាតិ និងសហភាពសហជីពកម្ពុជា កាលពីថ្ងៃម្សិលមិញ បានធ្វើការអំពាវនាវដល់កម្មករនៅខេត្ត ស្វាយរៀង និងនៅទូទាំងប្រទេស ឲ្យបន្តធ្វើការតវ៉ា និងត្រៀមធ្វើការតវ៉ា ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួលឲ្យបានដល់ ១៦០ ដុល្លារ ក្នុងមួយខែ ខណៈដែលរដ្ឋាភិបាល តំណាងរោងចក្រ និងសហជីព នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ ដើម្បីធ្វើការពិភាក្សាគ្នាពីការដំឡើងប្រាក់ឈ្នួលដល់កម្មករ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលគណបក្សនេះ កំពុងតែធ្វើបាតុកម្ម ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងធ្វើការបោះឆ្នោតឡើងវិញ កាលពីព្រឹកម្សិលមិញ បានទៅជួបកម្មករ ដែលកំពុងធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល នៅក្រុង បាវិត ខេត្ត ស្វាយរៀង ដោយបានជំរុញឲ្យកម្មកររួមគ្នាបន្តធ្វើការតវ៉ា។
លោក រង្ស៊ី បានថ្លែងទៅកាន់កម្មកររាប់រយនាក់ នៅតំបន់សេដ្ឋកិច្ចពិសេស Manhattan និង Tai Seng ព្រមទាំងនៅតាមបណ្តារោងចក្រជាច្រើនទៀតនៅខេត្ត ស្វាយរៀង ថា៖ «កម្មករគ្រប់រោងចក្រ បានម្រេចចិត្តឈប់ធ្វើការ និងបន្តការតវ៉ាទាំងអស់គ្នា។ ដូច្នេះចាប់ពីរសៀលថ្ងៃនេះ និងព្រឹកថ្ងៃស្អែក យើងនឹងប្រមូលផ្តុំគ្នា ហើយនឹងមិនត្រឡប់ទៅធ្វើការវិញទេ។ យើងនឹងតវ៉ាទូទាំងប្រទេស ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល»។
លោក សម រង្ស៊ី បានបញ្ជាក់ទៀតថាលោកដែលជាប្រធានគណបក្សសង្គ្រោះជាតិ តែងតែជួយកម្មករទូទាំងប្រទេស ហើយនិងនៅតែបន្តធ្វើការទាមទារឲ្យកម្មករ ទទួលបានប្រាក់ឈ្នួលគោលយ៉ាងតិច ១៦០ ដុល្លារក្នុងមួយខែ។ «សូមកម្មករទាំងអស់ឈប់ធ្វើការ ហើយរង់ចាំរហូតទាល់តែទទួលបានប្រាក់ឈ្នួល ១៦០ ដុល្លារចាំត្រឡប់ទៅធ្វើការវិញ»។ មេបក្សប្រឆាំងរូបនេះបានថ្លែងទៀតថា៖ «ថៅកែ និងអាជ្ញាធររដ្ឋាភិបាល ដែលនិយាយថា ពួកគេយល់ព្រមដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារនៅឆ្នាំ ២០១៨ វាជារឿងឆ្កួតមែនទេ? ៥ ឆ្នាំទៀត ដូច្នេះយើងនឹងដាច់ពោះស្លាប់ទំរាំដល់ពេលនោះ»។
លោក សម រង្ស៊ី បន្តថា លោកនឹងជួយការពារ និងគាំទ្រកម្មកររហូតទទួលបានជោគជ័យ ក្នុងការទាមទារដំឡើងប្រាក់ឈ្នួល។ លោកបានគូសបញ្ជាក់ថា៖ «ប្រាក់ឈ្នួលកម្មករសព្វថ្ងៃនេះ មិនអាចរស់បានស្រួលទេ»។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) ដែលអមដំណើរជាមួយលោក សម រង្ស៊ី ទៅខេត្ត ស្វាយរៀង បានថ្លែងថា មានកម្មករជាច្រើន ចេញមកស្តាប់លោក សម រង្ស៊ី ហើយពួកគេ មិនបានត្រឡប់ទៅធ្វើការវិញទេ។ លោកស្រី បានបញ្ជាក់ថា៖ «កម្មករទាំងអស់ បានតវ៉ាទាមទារប្រាក់ឈ្នួល ១៦០ ដុល្លារក្នុងមួយខែ»។
ប៉ុន្តែលោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារខេត្ត ស្វាយរៀង បាននិយាយកាលពីថ្ងៃម្សិលមិញថា កម្មករស្ទើរតែទាំងអស់ បានត្រឡប់ទៅធ្វើការវិញ ប៉ុន្តែលោក សម រង្ស៊ី បានទៅដល់ហើយបង្អាក់ការចូលធ្វើការងាររបស់ពួកគេ។ លោកបញ្ជាក់ថា៖ «លោក សម រង្ស៊ី បានចុះមកបង្អាក់ការងាររបស់កម្មករ ខណៈកម្មករស្ទើរតែទាំងអស់ បានត្រឡប់ទៅធ្វើការវិញ»។
លោក ហាស់ ប៊ុនធី ថ្លែងថា អាជ្ញាធរមូលដ្ឋាន នៅតែអំពាវនាវសូមឲ្យកម្មករទាំងអស់រក្សាភាពស្ងប់ស្ងាត់ ហើយត្រូវតែបន្តធ្វើការដូចធម្មតា ដោយរង់ចាំលទ្ធផលពីក្រសួង ការងារ ដែលនឹងសម្រេចពីប្រាក់ឈ្នួលរបស់ពួកគេនៅថ្ងៃនេះ។ លោកបន្តថា៖ «ខ្ញុំបារម្ភថា អ្នកវិនិយោគទុននឹងផ្លាស់ការវិនិយោគរបស់ពួកគេទៅប្រទេសផ្សេង ព្រោះមានការតវ៉ាកើតឡើងជាច្រើន។ មានកូដកម្ម ៦២ ករណីក្នុងឆ្នាំនេះ នៅខេត្ត ស្វាយរៀង»។
ខណៈដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល តំណាងរោងចក្រ និងតំណាងសហជីព នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ ដើម្បីធ្វើការពិភាក្សាពីការដំឡើងប្រាក់ឈ្នួលកម្មករ កាលពីម្សិលមិញ សហភាពសហជីពកម្ពុជា បានចេញសេចក្តីអំពាវនាវមួយ ដល់កម្មករ សូមឲ្យត្រៀមខ្លួនក្នុងការធ្វើការតវ៉ាដ៏ធំមួយនៅទូទាំងប្រទេស ប្រសិនបើប្រាក់ឈ្នួលរបស់កម្មករមិនត្រូវបានដំឡើងដល់ ១៦០ ដុល្លារទេនោះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាថ្លែងថា៖ «បើការសម្រេចដំឡើងប្រាក់ឈ្នួលនេះផ្ទុយពីសំណើរបស់សហព័ន្ធសហជីពនឹងផ្ទុះមហាកូដកម្មឬបាតុកម្ម នៅតាមបណ្តារោងចក្រទូទាំងប្រទេស»។ លោកបន្តថា សហជីពភាគច្រើនជ្រើសរើសយកតាមរូបមន្តទីបី របស់ក្រសួង ការងារ ក្នុងការដំឡើងប្រាក់ឈ្នួលនេះ ដោយធ្វើការដំឡើង ១០០ ភាគរយតែម្តង។ «យើងចង់ឲ្យមានការដំឡើងដល់ ១៦០ ដុល្លារតែម្តង។ យើងចង់ផ្តល់ភ្លើងខៀវដល់ក្រសួង ការងារ ក៏ដូចជាគណៈកម្មការប្រឹក្សាការងារថា ត្រូវតែសម្រេចតាមសំណើដែលក្រសួងបានបង្កើតរូបមន្តនេះឡើង»។ លោក រ៉ុង ឈុន បានព្រមានថា ការតវ៉ានឹងធ្វើឡើងនៅដើមខែ មករា ខាងមុខនេះ ប្រសិនបើប្រាក់ឈ្នួលរបស់កម្មករមិនត្រូវបានដំឡើងឲ្យដល់ ១៦០ ដុល្លារទេនោះ។
លោក សាត សាមុត អនុរដ្ឋលេខាធិការ ក្រសួង ការងារ បានថ្លែងកាលពីថ្ងៃម្សិលមិញ ដោយដាក់ជាសំណួរ ទៅកាន់លោក រ៉ុង ឈុន វិញថា តើអ្នកណាដែលមិនចង់ឲ្យបងប្អូនកម្មករឡើងប្រាក់ឈ្នួលរបស់ពួកគេម្តង ១៦០ ដុល្លារនោះ។ លោកបានគូសបញ្ជាក់ថា៖ «សុំមេត្តាលោក រ៉ុង ឈុន អាណិតអ្នកនៅកណ្តាល (ក្រសួង ការងារ) នេះផង។ យើងចង់ឲ្យពួកគេទទួលបានច្រើនណាស់ តែលុយមិនមែននៅនឹងយើងនេះទេ គឺនៅក្នុងហោប៉ៅរបស់និយោជក»។
លោក សាមុត បានបន្តថា ការទាមទាររបស់កម្មករគឺជាសិទ្ធិរបស់ពួកគេហើយការធ្វើមហាបាតុកម្មក៏ជាសិទ្ធិរបស់ពួកគេដែរ ប៉ុន្តែការសម្រេចមិនមែនស្ថិតនៅលើក្រសួង ការងារ តែមួយនោះទេ គឺត្រូវមានយន្តការត្រីភាគី ក្នុងការចរចាសម្រេច។
លោកថ្លែងទៀតថា៖ «ប្រសិនបើលោក រ៉ុង ឈុន ខ្លាំង លោកទៅនិយាយផ្ទាល់ជាមួយសមាគមកាត់ដេរវិញទៅ ព្រោះលុយនៅនឹងគេ។ ខាងនិយោជកមានការខឹងសម្បានឹងយើងខ្ញុំដោយគ្រាន់តែយើងបង្ហើបទាមទារតែពី ១០ ទៅ ២០ ដុល្លារតែប៉ុណ្ណោះ»៕ NR