The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បក្ស​ប្រឆាំង​បាត់បង់​ឱកាស​ក្នុង​ការ​ជជែក​ពី​ច្បាប់​ថវិកា​ជាតិ

បក្ស​ប្រឆាំង​បាត់បង់​ឱកាស​ក្នុង​ការ​ជជែក​ពី​ច្បាប់​ថវិកា​ជាតិ

បក្ស​ប្រឆាំង​បាត់បង់​ឱកាស​ក្នុង​ការ​ជជែក​ពី​ច្បាប់​ថវិកា​ជាតិ

131114_05
លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងដឹកនាំក្បួនបាតុកម្មកាលពីថ្ងៃ ២៥តុលា

ភ្នំពេញៈ ខណៈ​ដែល​ថវិកា​ឆ្នាំ ២០១៤ ព្រម​ទាំង​ច្បាប់​ពីរ​ផ្សេង​ទៀត បាន​ឆ្លង​ផុត​រដ្ឋសភា ដែល​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​កាល​ពី​ថ្ងៃ​អង្គារ​គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ធ្វើ​ពហិការ មិន​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា​ឡើយ។

ទោះ​មាន ឬ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ច្បាប់​ថវិកា​បាន​កំណត់​ការ​បែង​ចែក​សម្រាប់​ឆ្នាំ​ក្រោយ​រួច​ហើយ។ ដោយ​បន្ត​នៅ​ក្រៅ​រដ្ឋសភា ខណៈ​ដែល​ច្បាប់​ត្រូវ​បាន​ជជែក​ពិភាក្សា គណបក្ស​ប្រឆាំង​មិន​អាច​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​ថវិកា​ទៅ​ឲ្យ​ក្រសួង​នានា ដូចជា ក្រសួង អប់រំ និង​ក្រសួង សុខាភិបាល ដែល​ខ្លួន​លើក​ឡើង​ថា ខ្លួន​នឹង​ផ្តល់​អាទិភាព​នោះ​ក្តី។ ទោះ​បី​នៅ​ក្រៅ​រដ្ឋសភា​ក៏​ដោយ ក៏​ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​អំពី​ច្បាប់​ថវិកា​ជាតិ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ទេ ដោយ​ថ្លែង​ថា រដ្ឋសភា​បង្កើត​ឡើង​ដោយ​ខុស​ច្បាប់ ហើយ​ច្បាប់​ដែល​រដ្ឋសភា​បង្កើត​ឡើង​ក៏​ខុស​ច្បាប់​ផង​ដែរ។ បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​កិច្ចការ​បាន​តិច​តួច ដើម្បី​បញ្ឈប់​ច្បាប់ ដូច​ជា ច្បាប់​ថវិកា ដែល​តម្រូវ​សំឡេង​ភាគ​ច្រើន ៥០ បូក ១ សូម្បី​តែ​ពួកគេ​កាន់​អាសនៈ​ក៏​ដោយ អ្នក​វិភាគ​មួយ​ចំនួន បាន​ចោទ​សួរ​ថា​តើ​ការ​ធ្វើ​ពហិការ របស់​ពួកគេ​បន្ត​មាន​ន័យ​ឬ​យ៉ាង​ណា?

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា៖ «ប្រសិន​បើ​គណបក្ស​ប្រជាជន​បន្ត​ទៅ​មុខ និង​មិន​ខ្វាយ​ខ្វល់​អំពី​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​គិត​ថា ការ​ធ្វើ​ពហិការ ទីបំផុត​នឹង​បាត់​បង់​នូវ​ភាព​ស្រប​ច្បាប់»។ លោក​បាន​បន្ថែម​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច ចាប់​ផ្តើម​ទៅ​មុខ​ដោយ​ធ្វើ​កំណែ​ទម្រង់​ពិត​ប្រាកដ គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​ឲ្យ​ឥទិ្ធពល​គោល​នយោបាយ​អនាគត​របស់​ខ្លួន ស្ថិត​ក្នុង​ហានិភ័យ។ លោក​បញ្ជាក់​ថា៖ «គេ​ត្រូវ​ពិនិត្យ​មើល​ថវិកា​។ គេ​ត្រូវ​វិភាគ​វា។ ខ្ញុំ​គិត​ថា ការ​ពិត​ដែល​គេ​មិន​ធ្វើ​បែប​នោះ បង្ហាញ​អំពី​កង្វះ​នៃ​ភាព​ស៊ី​ជម្រៅ ទាក់​ទង​នឹង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ពិនិត្យ​មើល​គោល​នយោបាយ​ជាតិ»។

អ្នក​វិភាគ​នយោបាយ​និង​ស្រាវជ្រាវ​សង្គម លោក កែម ឡី បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង គួរ​តែ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល ហើយ​ចែក​រំលែក​ការ​រិះគន់​ទៅ​សាធារណជន ខណៈ​ខ្លួន​កំពុង​នៅ​ក្រៅ​សភា។ «វា​មិន​មាន​ក្រុម​បច្ចេកទេស​ខ្លាំង​ដើម្បី​ពិនិត្យ​ច្បាប់​ថវិកា និង​ផ្តល់​មតិ​យោបល់​ទេ»។

លោក Peter Tan Keo អ្នក​វិភាគ​ឯករាជ្យ បាន​ថ្លែង​ថា ផល​វិបាក​សំខាន់ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​មិន​ព្រម​សម្រុះ​សម្រួល​គឺថា តំណែង​រដ្ឋាភិបាល​សំខាន់ៗ​ត្រូវ​បាន​ប្រគល់​ទៅ​មន្ត្រី​គណបក្ស​កាន់​អំណាច។

លោក​បន្ត​ថា៖ «ជា​លទ្ធផល គណបក្ស​ប្រជាជន​នឹង​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​ពួកគេ​សម្រាប់​រយៈ​ពេល ៥ឆ្នាំ ខាង​មុខ»។ «វិធីសាស្រ្ត​នេះ មិន​ត្រឹម​តែ​ដូច​កូន​ក្មេង​ទេ ប៉ុន្តែ​ជា​ការ​អសមត្ថភាព​របស់​គណបក្ស​ប្រឆាំង​ដើម្បី​ធ្វើ​ឲ្យ​មាន កំណែទម្រង់​ការ​បោះឆ្នោត ហើយ​ប្រហែល​ជា​ការ​ឈ្លក់​វង្វេង​របស់​លោក សម រង្ស៊ី ចំពោះ​ការ​ផ្តួល​រំលំ​លោក ហ៊ុន សែន គឺជា​ចំណុច​ខ្សោយ​ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​បរាជ័យ»។ លោក​ថា៖ «ការ​ឈ្លក់​វង្វេង​នោះ​ធ្វើ​ឲ្យ​ស្រអាប់​ចំពោះ​ទស្សនវិស័យ​នៃ​ផែនការ​និង​យុទ្ធសាស្ត្រ​សម្រាប់​អនាគត»។

លោក អ៊ូ ចាន់រិទ្ធិ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា ជំហរ​របស់​គណបក្ស​លោក ចំពោះ​ការ​រិះគន់​ទៅ​លើ​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​រាជ​រដ្ឋាភិបាល​គឺ​នៅ​ដដែល។ «ហេតុ​អ្វី​យើង​គួរ​? ពីព្រោះ​យើង​មិន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋសភា​នៅ​ពេល​នេះ​ទេ»៕ TK/ PS

អត្ថបទគួរចាប់អារម្មណ៍