The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បក្ស​ប្រឆាំង​ព្យាយាម​បើក​ទូរទស្សន៍ ខណៈ​ចាប់​ផ្តើម​តាម​អនឡាញ

បក្ស​ប្រឆាំង​ព្យាយាម​បើក​ទូរទស្សន៍ ខណៈ​ចាប់​ផ្តើម​តាម​អនឡាញ

បក្ស​ប្រឆាំង​ព្យាយាម​បើក​ទូរទស្សន៍ ខណៈ​ចាប់​ផ្តើម​តាម​អនឡាញ

131108_06
សកម្មភាពមេដឹកនាំគណបក្សសង្គ្រោះជាតិ ផ្សាយតាមទូរទស្សន៍អនឡាញ

ភ្នំពេញៈ គណបក្ស​ប្រឆាំង​មាន​គម្រោង​ផ្ញើសារ​នយោបាយ​ផ្ទាល់​ទៅ​ប្រជាជន ដោយ​ត្រៀម​អនុវត្ត​វិធានការ​មួយ​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ខណៈ​គណបក្ស​ទំនង​ជា​មិន​ទទួល​បាន​អាជ្ញាប័ណ្ណ​បើក​ប៉ុស្តិ៍ ទូរទស្សន៍ បើ​ទោះ​ជា​ដាក់​ពាក្យ​សុំ​ក៏​ដោយ​នោះ គណបក្ស​មាន​លទ្ធភាព​អាច​នឹង​បង្កើត​ក្រុមហ៊ុន​ឯកជន​មួយ​ជាមួយ​វិនិយោគិន​ដែល​យល់​ពី​បក្ស ហើយ​ឲ្យ​ធ្វើ​ជា​តំណាង​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ។

លោក​បន្ត​ថា៖ «យើង​មិន​ទាន់​ដឹង​ទេ ប៉ុន្តែ បើ​រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន រារាំង​យើង​និង​សុំ​ឲ្យ​នរណា​ម្នាក់​បង្កើត​ក្រុមហ៊ុន​មួយ ហើយ​ឲ្យ​ធ្វើ​តំណាង​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ»។

លោក​បន្ត​ថា៖ «ដូច​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ យើង​ត្រូវ​តែ​ធ្វើ​ស្រដៀង​គ្នា ក្រសួង​ព័ត៌មាន​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ខ្លួន ដូច្នេះ​ហេតុ​អ្វី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ធ្វើ​បាន?»។ តែ​បើ​ទោះ​ជា​លោក យឹម សុវណ្ណ ថា មាន​ពាណិជ្ជករ​ធំៗ​មួយ​ចំនួន​គាំទ្រ​ការ​វិនិយោគ​បែប​នេះ ក៏​លោក​បាន​បដិសេធ​មិន​បង្ហាញ​ឈ្មោះ​ពួកគេ​ដែរ។

លោក​ថា៖ «មាន​មនុស្ស​ជាច្រើន ប៉ុន្តែ មិន​អាច​បញ្ចេញ​ឈ្មោះ​ពួក​គេ​ទេ»។

ការ​ទាមទារ​សុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍​និង​វិទ្យុ គឺជា​សំណើ​នៅ​ក្នុង​ចំណោម​សំណើ​ទាំង ១០ ដែល​លើក​ឡើង នៅ​ក្នុង «សមាជ​ប្រជាជន» កាល​ពី​ខែ​មុន។

ស្ថានីយ​ទូរទស្សន៍ ទាំង​អស់​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច ឬ​មាន​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​កាន់​អំណាច ហើយ​ក៏​មិន​លក់​ម៉ោង​ផ្សាយ​ឲ្យ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​តាម​អ៊ីមែល​កាល​ពី​ម្សិលមិញ​ថា វិទ្យុ​សំបុក​ឃ្មុំ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចំនួន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ «ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​មាន​វិទ្យុ​ផ្ទាល់​ខ្លួន​រួច​ទៅ​ហើយ»។ លោក​ឆ្លើយ​តប​ថា «វា​យឺត​ពេល​ទៅ​ហើយ» ក្នុង​ការ​ឆ្លើយ​ថា តើ​គណបក្ស​ប្រឆាំង​អាច​ទទួល​បាន​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ឬ​អត់?»។

ប៉ុន្តែ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​លោក ជាម យៀប ថ្លែង​ថា វា​ជា «សិទ្ធិ» របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​បើក​ស្ថានីយ​ទូរទស្សន៍ ប្រសិន​បើ​ខ្លួន​គោរព​ច្បាប់​និង​ប្រសិន​បើ​ខ្លួន​ទទួល​បាន​ការ​ផ្តល់​អាជ្ញាប័ណ្ណ។ លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា នឹង​មិន​មាន​បញ្ហា​ទេ ប្រសិន​បើ មាន​ក្រុមហ៊ុន​ឯកជន​គាំទ្រ​ពួកគេ»។

គណបក្ស​ប្រឆាំង នៅ​សប្តាហ៍​នេះ បាន​បើក​ដំណើរការ​ទូរទស្សន៍​គណបក្ស​ដែល​ជា «ស្ថានីយ​ទូរទស្សន៍​អនឡាញ» ប៉ុន្តែ មក​ដល់​ពេល​នេះ មាន​តែ​កម្មវិធី​បទ​សម្ភាស​ជាមួយ​តំណាង​រាស្រ្ត និង​វីដេអូ​សន្និសីទ​កាសែត​តែ​ប៉ុណ្ណោះ។

លោក​ស្រី មូរ សុខហួរ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​នៅ​ឡើយ ប៉ុន្តែ​ថា ទាំង​ទូរទស្សន៍​អនឡាញ និង​ស្ថានីយ​ទូរទស្សន៍​ដែល​បើក​នា​ពេល​អនាគត នឹង​ផ្តល់​នូវ​ការ​ចាក់​ផ្សាយ​ដែល​មាន​តុល្យភាព។

លោក​ស្រី​ថ្លែង​ថា៖ «បើ​យើង​ខ្ញុំ​ចង់​បាន​លុយ​ពី​វិស័យ​ឯកជន នោះ​ហើយ​ជា​ហេតុផល​ដែល​ត្រូវ​តែ​មាន​តុល្យភាព និង​បង្ហាញ​ពី​វិជ្ជាជីវៈ និង​ភាព​អាច​ជឿ​ជាក់​បាន»។ តែ​លោក​ស្រី​មិន​បាន​ថ្លែង​ថា ទូរទស្សន៍​ថ្មី​នេះ​នឹង​រក្សា​ឈ្មោះ​ជា «ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ» ឬ​យ៉ាង​ណា​ទេ។

លោក មឿន ឈានណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​សុំ​អាជ្ញាប័ណ្ណ​នេះ​បាន តាម​រយៈ​ក្រុមហ៊ុន​ឯកជន ប្រសិន​បើ​រក្សា​សម្ព័ន្ធភាព​នយោបាយ​របស់​ខ្លួន​ស្ងាត់ៗ។​លោក បន្ត​ថា៖ «បើ​រដ្ឋាភិបាល​ដឹង​ថា ក្រុមហ៊ុន​នោះ​មាន​សម្ព័ន្ធភាព​ជាមួយ​បក្ស​ប្រឆាំង ពួក​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​បើក​ទេ»។

«ពួក​គេ​មាន​លេស​ជាច្រើន​...​សូម្បី​អង្គការ ក្រៅ​រដ្ឋាភិបាល​ព្យាយាម​សុំ​អាជ្ញាប័ណ្ណ​វិទ្យុ តែ​រដ្ឋាភិបាល​ឆ្លើយតប​ក្រោម​លេស​ថា មិន​មាន​នៅ​សល់​រលក​ធាតុអាកាស​គ្រប់​គ្រាន់»៕ PS

រាយការណ៍​បន្ថែមៈ ឆាយ ច័ន្ទនីដា និង វង្ស សុខេង

អត្ថបទគួរចាប់អារម្មណ៍