
ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំងបានឲ្យដឹងថា កាលពីម្សិលមិញ គណបក្សនេះបានលុបចោលកិច្ចប្រជុំសាធារណៈមួយក្នុងខេត្ត កណ្តាល ដើម្បីចៀសវាងអំពើហិង្សាបន្ទាប់ពីអ្នកគាំទ្របានមកដល់ហើយ ជួបនឹងជនស៊ីវិលជាច្រើន ព្រមទាំងនគរបាលបង្ក្រាបកុបកម្ម និងកងរាជអាវុធហត្ថ ដែលត្រូវបានចោទថា គណបក្សកាន់អំណាចបានបញ្ជូនអ្នកទាំងនោះមក។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធានគ្រោងមកដល់កន្លែងប្រារព្ធពិធី នៅក្នុងស្រុក ស្អាង ក្នុងឃុំ ត្រើយស្លា នៅម៉ោង ២ រសៀល ប៉ុន្តែបានលុបចោលគម្រោងជួបជុំជាសាធារណៈ នោះភ្លាមៗ។
នៅក្នុងវត្ត កោះតូច ជនស៊ីវិលរាប់រយនាក់ ដែលភាគច្រើនពាក់ក្រណាត់ក្រហម នគរបាលបង្ក្រាបកុបកម្មប្រដាប់ដោយកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក កងរាជអាវុធហត្ថប្រដាប់ដោយខែល ដំបង និងកម្លាំងចម្រុះបានផ្តុំគ្នានៅទីនោះ។
លោក អេង ឆៃអ៊ាង ប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្ត កណ្តាល ប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទកាសែតបន្ទាប់នោះថា គណបក្សកាន់អំណាចបានបញ្ជូនកងសន្តិសុខរាប់រយនាក់ ដែលលោកអះអាងថា ជាបាតដៃ ទី៣ ឲ្យមកគំរាមកំហែង និងបំភិតបំភ័យអ្នកគាំទ្រគណបក្សប្រឆាំង។
លោកបន្ថែមថា៖ «ពិធីត្រូវបានពន្យារពេលដោយសារតែក្រុមបាតដៃ ទី៣ ជិត ១ ពាន់នាក់របស់រដ្ឋាភិបាល មករំខានយើង។ គេសួរថាតើ គេអាចចូលរួមពិធីបានដែរទេ? ប៉ុន្តែយើងមិនអនុញ្ញាតឲ្យគេចូលរួមទេ ព្រោះគេនឹងបង្កជម្លោះជាមួយនឹងយើង»។ លោកបន្តថា៖ «យើងមិនខ្លាចសមត្ថកិច្ចឬបាតដៃ ទី៣ ទេ។ យើងពន្យារ គឺដើម្បីបញ្ចៀសហិង្សា»។ លោកបន្ថែមថា កងនគរបាលពុំបានចាត់វិធានការបំបែកក្រុមជនស៊ីវិលដែលប្រមូលផ្តុំនោះពីក្នុងវត្តទេ បើទោះជាគណបក្សប្រឆាំងសុំឲ្យចាត់វិធានការក៏ដោយ។
នគរបាលដែលបណ្តេញអ្នកសារព័ត៌មាន និងអ្នកឃ្លាំមើលចេញពីទីនោះនៅម៉ោងជិត ៣ រសៀល ប្រាប់ថា គាត់ធ្វើតាមបញ្ជា «ឧត្តមសេនីយ៍» ប៉ុន្តែ គាត់មិនពន្យល់ពីមូលហេតុអ្វី ដែលកងកម្លាំងប្រដាប់អាវុធត្រូវមកប្រមូលផ្តុំគ្នានៅវត្តទេ។ គាត់ថា៖ «ចម្លើយខ្ញុំគឺ ខ្ញុំមិនដឹងទេ»។
កងរាជអាវុធហត្ថ និងនគរបាលឯទៀត នៅកន្លែងកើតហេតុបដិសេធមិននិយាយអ្វីជាមួយ ភ្នំពេញ ប៉ុស្តិ៍ ទេ។ ឯក្រុមជនស៊ីវិលដែលក្នុងនោះម្នាក់បានស្រែកថា មិនគួរទុកចិត្តគណបក្សសង្គ្រោះជាតិទេ ក៏ស្ទាក់ស្ទើរមិនពន្យល់ពីការមកកាន់ទីនេះដែរ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទេពីករណីនេះ។ លោកបញ្ជាក់ថា៖ «សមត្ថកិច្ចខ្ញុំ គឺមានវិធានការការពារសន្តិសុខ [គណបក្សសង្គ្រោះជាតិ]។ នគរបាលតែងតែការពារក្រុម សម រង្ស៊ី។ កន្លងមកបើទោះជាគាត់ធ្វើបាតុកម្មតូច ឬធំ បាតុកម្មដើរ ឬបាតុកម្មមិនដើរដង្ហែ ក៏នគរបាលតែងតែការពារគាត់»។
ទាំងលោក ស ខេង ជារដ្ឋមន្រ្តី និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ថ្លែងទៅកាន់អ្នក យកព័ត៌មាន នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងខណ្ឌ មានជ័យ លោក សម រង្ស៊ី យល់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្លាចអាម៉ាស់ក្នុងខេត្ត កណ្តាល ដែលជាខេត្តគាត់ឈរឈ្មោះ។
លោកបន្តថា៖ «ប៉ុន្តែ ខ្ញុំឆ្ងល់ថា តើគេកំពុងព្យាយាមទាញ មេដឹកនាំគណបក្សប្រឆាំង...ឲ្យជាប់អន្ទាក់ឬយ៉ាងណា? ព្រោះ [យើងប្រាប់] ទៅ [លោក ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ រួចហើយ]»។ លោកថ្លែងថា លោកបានទូរស័ព្ទទៅលោក ស ខេង នៅព្រឹកម្សិលមិញប្រាប់គាត់ថា ស្ថានការណ៍មានភាពតានតឹង ហើយកម្លាំងប្រដាប់អាវុធប្រមូលផ្តុំច្រើន។ តែរដ្ឋមន្រ្តីទូរស័ព្ទមកវិញកន្លះម៉ោងក្រោយថា កិច្ចប្រជុំបន្តបាន «គ្មានបញ្ហា»។
ដោយយោងលើការវាយប្រហារមកលើបាតុកម្មរបស់គណបក្សប្រឆាំង ដែលបានសម្លាប់មនុស្ស ១៦ នាក់ លោក សម រង្ស៊ី ថ្លែងថា៖ «នៅថ្ងៃ ទី៣០ មីនា ឆ្នាំ ១៩៩៧ គាត់ក៏ទទួលលិខិតអនុញ្ញាតពីលោក ស ខេង ថា «គ្មានបញ្ហា» ពេលខ្ញុំសុំធ្វើបាតុកម្ម នៅមុខ រដ្ឋសភា ចាស់»។ លោកបន្ថែមថា ការហាមប្រាមការប្រមូលផ្តុំអាចត្រូវលុបចោល បើគណបក្សសង្គ្រោះជាតិចូលកាន់អាសនៈក្នុងរដ្ឋសភាដែលលោកថា មិនសមហេតុផល។ លោកបន្តថា៖ «យើងផ្អែកលើសម្ពាធខាងក្នុងនិងពីខាងក្រៅលើរដ្ឋាភិបាល ដើម្បីបង្ខំឲ្យលុបបម្រាមនេះ ហើយបើបម្រាមនេះត្រូវចោល យើងនឹងធ្វើបាតុកម្មម្តងទៀត»៕ TK