ភ្នំពេញៈ ព្រឹទ្ធសមាជិកអូស្ត្រាលីម្នាក់ មកពីគណបក្សប្រឆាំងបានសន្យាថា នឹងលើកយកបញ្ហាប្រឈមនៃកិច្ចព្រមព្រៀងជនភៀសខ្លួនអូស្ត្រាលីមកកម្ពុជា ទៅជជែកក្នុងមន្ទីរសភាអូស្ត្រាលី និងរដ្ឋាភិបាលអូស្រ្តាលី ដើម្បីលុបចោលកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ។
ក្រោយជំនួបរយៈពេលជិត ១ ម៉ោងកាលពីម្សិលមិញនេះ ជាមួយនឹងអនុប្រធាន ទី១ នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រួចមក ព្រឹទ្ធសមាជិកអូស្រ្តាលី មកពីគណបក្សបៃតង លោកស្រី Sarah Hanson-Young បានឲ្យដឹងថា ជុំវិញព័ត៌មានទាក់ទិននឹងកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនអូស្រ្តាលី ដែលកំពុងរស់នៅលើកោះ Nauru មកកម្ពុជានោះ គឺមិនត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរបើកទូលាយនោះទេ ហើយលោកស្រី គិតថា នេះជាការព្រួយបារម្ភមួយសម្រាប់កម្ពុជា ក្នុងការរ៉ាប់រងក្រុមមនុស្ស ដែលមិនមានផលប្រយោជន៍សម្រាប់ខ្លួន។ លោកស្រីបន្តថា៖ «វាច្បាស់ណាស់គឺថា អូស្ត្រាលី កំពុងទាញយកផលប្រយោជន៍ពីស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ហើយជាជាងការចាក់ចោលជនភៀសខ្លួន អូស្ត្រាលី ពួកយើងគួរតែធ្វើការជាមួយកម្ពុជា ដោយរក្សាទុកពួកគេឲ្យបន្តនៅទីនោះ ជាមួយនឹងស្តង់ដាររស់នៅសមរម្យមួយ»។
លោកស្រីថា៖ «ខ្ញុំនឹងនាំយកកង្វល់ទាំងនេះ ទៅកាន់សភាអូស្ត្រាលី និងរដ្ឋាភិបាល មិនត្រឹមតែបញ្ហាកិច្ចព្រមព្រៀងជនភៀសខ្លួននោះទេ ក៏មានបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ រដ្ឋាភិបាលអូស្ត្រាលី មិនអាចនៅស្ងៀមបានឡើយ ជុំវិញបញ្ហាទាំងនេះសម្រាប់ខ្ញុំកិច្ចព្រមព្រៀងនោះ គួរតែត្រូវកម្ទេចចោល»។
អនុប្រធាន ទី១ នៃរដ្ឋសភា លោក កឹម សុខា បានឲ្យដឹងដែរថា ក្នុងជំនួបពិភាក្សាព្រឹទ្ធសមាជិករូបនេះ បានប្រកាសគាំទ្រចំពោះការប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ហើយនឹងអញ្ជើញរូបលោកជាផ្លូវការ ទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីធ្វើបទបង្ហាញពីផលប៉ះពាល់ដែលអាចកើតមានដោយកិច្ចព្រមព្រៀងនេះទៅកាន់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលអូស្ត្រាលី។ លោកថា៖ «យើងបានប្រាប់ថា បើសិនមិនពិចារណាយើងនឹងសុំបញ្ឈប់ (កិច្ចព្រមព្រៀង) តែម្តង តែឥឡូវគាត់បានគាំទ្រឲ្យបញ្ឈប់តែម្តង ខ្ញុំបានស្នើទៅនាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ហើយតែពួកគាត់អត់មានឆ្លើយតប អ៊ីចឹងហើយបានជាព្រឹទ្ធសមាជិកអូស្ត្រាលី មកជួបយើងនេះ»។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានលើកឡើងដែរថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជំហរចុងក្រោយនេះថា នឹងបន្តអនុវត្តកិច្ចព្រមព្រៀងនេះ បើទោះបីជាមានបាតុកម្មប្រឆាំងពីក្រុមណាក៏ដោយ។ លោកថា៖ «ជាធម្មតា នៅពេលដែលរដ្ឋាភិបាលអនុវត្តអ្វីមួយ វាមិនអាចធ្វើឲ្យពេញចិត្តទាំងអស់គ្នានោះទេ មានអ្នកខ្លះមានគំនិតផ្សេងទៅ ប៉ុន្តែចុងក្រោយ ពួកគេនឹងយល់ថា អ្វីៗនឹងដំណើរការយ៉ាងរលូន ដោយគ្មានបញ្ហាដូចពួកគេបានគិត»។
លោកបានបន្ថែមថា រដ្ឋាភិបាលបានពិចារណាលើរឿងនេះ និងរកឃើញថា មានតែផលប្រយោជន៍ប៉ុណ្ណោះ ហើយកិច្ចព្រមព្រៀងនេះនឹងអនុវត្តក្នុងក្របខ័ណ្ឌមនុស្សធម៌ ដោយគ្មានការបង្ខំឡើយ។
បច្ចុប្បន្នមានជនភៀសខ្លួន ចំនួន ១១៤០ នាក់កំពុងត្រូវបានឃុំខ្លួននៅលើកោះ Nauru ហើយក្នុងចំណោមនោះ មានតែ ២០០ នាក់ប៉ុណ្ណោះ ត្រូវបានទទួលស្គាល់ថា ជាជនភៀសខ្លួនពិតប្រាកដ៕