ភ្នំពេញៈ គណបក្សខ្មែរក្រោក និងគណបក្សធម្មាធិបតេយ្យដែលបានចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតក្នុងអាណត្តិនេះបានចុះអនុស្សរណៈចងសម្ព័ន្ធភាពគ្នាជាអ្វីដែលគណបក្សទាំង ២ ថាដើម្បីសាមគ្គីភាព និងបម្រើជាតិជាមួយនឹងការប្ដេជ្ញាចិត្តថាមិនប្រើនយោបាយប្រជាភិថុតដូចបក្សកាន់អំណាច ខណៈមន្ត្រី CPP ថាជាការមិនទាន់យល់នូវអ្វីដែលហៅថាប្រជាភិថុត។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងគណបក្សទាំង ២ នៅសណ្ឋាគារសាន់វ៉េកាលពីម្សិលមិញលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកបានថ្លែងថាគណបក្សលោកចូលរួមដោះស្រាយបញ្ហាជាតិហើយក៏ជាគណបក្សប្រឆាំងថ្មីដែលហ៊ានរិះគន់លើភាពមិនត្រឹមត្រូវរបស់រដ្ឋាភិបាលរបស់មន្ត្រីដែលបានប្រើអំណាចជិះជាន់សង្កត់សង្កិនទៅលើពលរដ្ឋទន់ខ្សោយ។
លោកបានបញ្ជាក់ថា៖ «គណបក្សខ្មែរក្រោកមានគោលជំហរចូលរួមដោះស្រាយបញ្ហាជាតិ...យើងមិនមែនធ្វើនយោបាយប្រជាភិថុតដើរចែកលុយដល់ក្នុងសាលា យើងមិនធ្វើនយោបាយដើរទៅចែកសារុង និងក្រមាទេ។ យើងចង់ឲ្យពលរដ្ឋគាត់មានលទ្ធភាពទិញខ្លួនគាត់»។
លោកបានបន្ថែមថា៖ «គណបក្សខ្មែរក្រោក និងគណបក្សធម្មាធិបតេយ្យគឺជាគណបក្សប្រឆាំងហើយយើងធ្វើការប្រឆាំងស្ថាបនាចំពោះឥរិយាបថមិនត្រឹមត្រូវរបស់រដ្ឋាភិបាលចំពោះឥរិយាបថរបស់មន្ត្រីមានអំណាចដែលប្រើប្រាស់អំណាចរបស់ខ្លួនជិះជាន់សង្កត់សង្កិនលើពលរដ្ឋទន់ខ្សោយ»។
លោកបានបន្ថែមថាគណបក្សទាំង ២ បានធ្វើសម្ព័ន្ធភាពមុនគេ ដើម្បីបង្ហាញពីឆន្ទៈរួបរួមមួយទៅកាន់មហាជន និងបង្ហាញពីស្មារតីរួបរួមគ្នាបម្រើប្រយោជន៍ជាតិ និងពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «យើងមិនមែនរួបរួមគ្នាដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬប្រយោជន៍គណបក្សទេ។ មូលហេតុដែលយើងរួបរួមគ្នាគឺបង្ហាញឲ្យឃើញពីសាមគ្គីភាពជាតិ ចងកម្លាំងជាធ្លុងមួយ...ការចងសម្ព័ន្ធភាពនេះមិនមែនមានន័យថាយើងចូលបក្សជាមួយគ្នាតែមួយទេ គឺគ្រាន់តែយើងធ្វើការរួមគ្នាដើម្បីជួយគ្នាផ្សព្វផ្សាយពីគោលនយោបាយ និងជួយគ្នាដោះស្រាយវិបត្ដិបញ្ហាគណបក្សរៀងៗខ្លួន»។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានបន្ថែមថា ពលរដ្ឋចង់ឃើញការផ្លាស់ប្តូរថ្នាក់ដឹកនាំតាមសន្តិវិធី ពីព្រោះពលរដ្ឋគាត់ធុញថប់ហើយគណបក្សប្រឆាំងរិះគន់រដ្ឋាភិបាលមិនឱ្យជិះសេះលែងដៃ។
លោកស្រីបានបញ្ជាក់ថា៖ «ពលរដ្ឋថាអ្នកដឹកនាំដដែលហើយអ្នកប្រឆាំងក៏ដដែលៗដូច្នេះម៉ោងនេះគណបក្សប្រឆាំងបានដួលរលំដោយត្រូវបានគេរំលាយហើយ ដូច្នេះយើងត្រូវមានគណបក្សប្រឆាំងថ្មីដើម្បីឲ្យពលរដ្ឋងាយស្រួលជ្រើសរើសថ្នាក់ដឹកនាំ»។
ឆ្លើយតបនឹងការចោទប្រកាន់ដែលថាគណបក្សកាន់អំណាចធ្វើនយោបាយប្រជាភិថុតនោះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងកាលពីម្សិលមិញថាជាការមិនទាន់យល់នូវពាក្យប្រជាភិថុតនៅឡើយ ហើយលោកបានអះអាងថាគណបក្សប្រជាជនមិនដែលធ្វើប្រជាភិថុតទេ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថាគាត់មិនទាន់យល់ពាក្យថាប្រជាភិថុតគេឲ្យសម្ភារ និងរបស់របរកំដរដៃ និងលុយកាក់កំប៉ិកកំប៉ុកដើម្បីបង្ហាញនូវមនោសញ្ចេតនានេះមិនមែនជាប្រជាភិថុតទេ។ តាមពិតឲ្យនេះមិនមែនប្រជាជនទូទៅទេគឺគេឲ្យសមាជិក និងសមាជិកាគណបក្ស ដូច្នេះជាសិទ្ធិអំណាចរបស់គណបក្ស»។
យ៉ាងណាក្ដីលោកបានបញ្ជាក់ថា៖ «ការលើកឡើងនេះ [លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ] វាស្របតាមគោលការណ៍ប្រជាធិបតេយ្យហើយ ដោយសារគាត់ចូលរួមបោះឆ្នោតដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនដើម្បីដណ្តើមខ្សែក្រវាត់ពីគណបក្សប្រជាជន...នេះគឺជាគោលការណ៍លទ្ធិប្រជាធិបតេយ្យហើយនិងមិនខុសអីទេ»។
អតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងនយោបាយរបស់គណបក្សកាន់អំណាចត្រូវបានតុលាការកំពូលរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំមុន ហើយលោក កឹម សុខា អតីតមេដឹកនាំអតីតគណបក្សប្រឆាំងនេះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេសចង់ផ្តួលរដ្ឋាភិបាលស្របច្បាប់។
ប៉ុន្តែមជ្ឈដ្ឋានជាតិ និងអន្តរជាតិខ្លះហៅការរំលាយនេះថាជារឿងនយោបាយហើយសហគមន៍អឺរ៉ុប អាមេរិក និងប្រទេសប្រជាធិបតេយ្យដទៃទៀតបានផ្តាច់ជំនួយមកកម្ពុជាព្រមទាំងដាក់ទណ្ឌកម្មដល់មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាជាមួយនឹងការទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពនយោបាយឲ្យដូចដើមវិញ៕