ភ្នំពេញៈ ខណៈយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានឈានចូលដល់ថ្ងៃទី ៩ កាលពីម្សិលមិញយ៉ាងហោចណាស់មានគណបក្សចំនួន ២ បានលើកឡើងពីបញ្ហាប្រឈមផ្សេងៗគ្នារួមទាំង ការគំរាមកំហែងរហូតដល់ព្រមានដើរចេញពីការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខ ខណៈ គ.ជ.ប ចាត់ទុកបញ្ហាទាំងនោះថាជា «កង្វះការសហការ» របស់ភាគីពាក់ព័ន្ធ។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ថ្លែងថា GDP បានជួបបញ្ហាប្រឈមជាបន្តបន្ទាប់ក្នុងអំឡុងយុទ្ធនាការឃោសនានេះ។ លោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្ត្រី GDP កាលពីថ្ងៃទី ១០ ខែកក្កដាបានរិះគន់ម្ដងរួចមកហើយចំពោះការរើសអើងពីសំណាក់នគរបាលជាតិចំពោះការហែក្បួនរបស់គណបក្សលោកបើប្រៀបធៀបទៅនឹងគណបក្សកាន់អំណាចដោយលោកបានចោទសួរអំពីភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាពគ្នានៃការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា។
លោក អ៊ីន បានថ្លែងកាលពីម្សិលមិញថា មិនមែនមានតែការរើសអើងក្នុងក្បួនឃោសនារបស់គណបក្សលោកប៉ុណ្ណោះទេតែសកម្មជនរបស់ខ្លួននៅក្នុងខេត្តចំនួន ២ គឺខេត្តរតនគីរី និងខេត្តបាត់ដំបងបានទទួលរងនូវ «ការគំរាមកំហែង» និងការ «រារាំង» ពីប្រជាការពារភូមិមិនឲ្យចុះចែកខិត្តប័ណ្ណឡើយ។
លោកថ្លែងថា៖ «ក្នុងយុទ្ធនាការឃោសនា ៩ ថ្ងៃមកនេះបញ្ហាប្រឈមទី ១ គឺកើតឡើងនៅភ្នំពេញពេលដែលយើងដង្ហែក្បួនថ្ងៃទី ១០ ខែកក្កដាគឺពុំមានការសហការល្អពីអាជ្ញាធរដែនដីជាពិសេសប៉ូលិសចរាចរណ៍។ នៅខេត្តរតនគីរីមានការតាមដាន គំរាមកំហែងសកម្មជនយើងដែលដើរចែកខិត្តប័ណ្ណ ហើយនៅខេត្តបាត់ដំបងនៅភូមិមួយស្ថិតក្នុងស្រុករុក្ខគិរីមានការរំខាន មានការគំរាមអំពីប្រជាការពារដល់សកម្មជនយើងដែលចែកខិត្តប័ណ្ណនៅក្នុងភូមិ»។
GDP បានព្រមានដើរចេញពីការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាបើបញ្ហានៅតែបន្តកើតឡើងធ្ងន់ធ្ងរ។ ទោះយ៉ាងណាលោក អ៊ីន បានបញ្ជាក់ថា GDP បានជូនដំណឹង និងជួបប្រជុំជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានី/ខេត្ត និងការប្រជុំជាមួយគណៈកម្មាធិការឃុំ/សង្កាត់រៀបចំការបោះឆ្នោតរួចហើយ។ លោកបានបន្តថា៖ «ប្រសិនបើបញ្ហាប្រឈមបែបនេះកើតឡើងធ្ងន់ធ្ងររីករាលដាលខ្លាំង GDP នឹងពិចារណាដកខ្លួនចេញពីការបោះឆ្នោតនេះ»។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ក៏អះអាងថាសកម្មភាពឃោសនារបស់ខ្លួនបានជួបឧបសគ្គនៃ «ការប្រើអំណាចរំលោភច្បាប់» ដែលហាក់សំដៅដល់អាជ្ញាធរមូលដ្ឋានរបស់បក្សកាន់អំណាចដែលយាយីដល់សកម្មភាពឃោសនារបស់ខ្លួន។
លោក ខឹម វាសនា ប្រធានគណបក្ស LDP បានថ្លែងថាបញ្ហានៃការរំលោភអំណាចទាំងនេះមិនត្រឹមតែកើតឡើងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាបញ្ហាទូទៅនៅក្នុងសង្គមជាតិ។
លោកបញ្ជាក់ថា៖ «មកដល់ពេលឥឡូវហ្នឹងគឺមានការរំលោភបំពានដូចជា យើងបិទស្លាក គេមកបិទពីលើយើង។ វាមិនមែនតែមួយកន្លែងទេ យើងចាក់ [ឧគ្ឃោសនស័ព្ទ] កន្លែងឃោសនា គេមកឲ្យយើងបិទ អ៊ីចឹងវាទៅគ្រប់កន្លែង កន្លែងខ្លះ យើងចាក់នៅក្នុងផ្ទះរបស់យើង មកតាមវ៉ៃគ្នាដល់ក្នុងផ្ទះ ចោទប្រកាន់រហូតដល់វ៉ៃតតាំងគ្នានៅក្នុងទឹកដីរបស់យើង ឥឡូវចាប់ទៅដល់តុលាការមួយហើយនៅស្វាយរៀងកាលម្សិលម្ង៉ៃ»។
លោកបន្តថា៖ «យើងមានការសុំច្បាប់ដើម្បីចាក់មេក្រូក៏ប៉ុន្តែពេលយើងសុំរួចរាល់អាជ្ញាធរឃុំ សង្កាត់មករករឿងបន្ថែមទៀត គ្រប់តែកន្លែងអ៊ីចឹង»។
ផ្ទុយពី GDP ដែលព្រមានដើរចេញតែ LDP អះអាងថាខ្លួនមិនរាថយនឹងបញ្ហាទាំងនេះឡើយ។ លោក ខឹម វាសនា បានចោទសួរថា៖ «តើមានការគំរាមកំហែងអ៊ីចឹង យើងឈប់ធ្វើនយោបាយឬ? វាមិនដូចគណបក្សខ្លះថា វាទាល់តែឲ្យការបោះឆ្នោតហ្នឹងមានសេរី យុត្តិធម៌ត្រឹមត្រូវបានចូលរួមបោះទាល់តែមេឃុំ មេភូមិ ជួយទំនុកបំរុងការពារកុំឲ្យមានអំពើអយុត្តិធម៌ទើបបានចូលរួមបោះឆ្នោត!»។
លោកសង្កត់ធ្ងន់ថា៖ «ព្រោះតែមានការគំរាមកំហែងហ្នឹងហើយ ទើបយើងប្រឹងធ្វើ»។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថាគណបក្សរបស់លោកមិនមានបញ្ហាប្រឈមដូចការលើកឡើងរបស់គណបក្សផ្សេងៗឡើយ។ មានបញ្ហាតិចតួចដូចជាការប្រើប្រាស់រថយន្តស្លាកលេខ នគរបាល និងរថយន្តយោធាដើម្បីឃោសនាឲ្យគណបក្សប្រជាជន ប៉ុន្តែត្រូវបានដោះស្រាយបញ្ចប់រួចហើយ។
លោកថាបើមានការគំរាមកំហែង ពួកគេគួរប្ដឹងទៅ គ.ជ.ប ដើម្បីឲ្យគេដោះស្រាយជាជាងការលើកឡើងដែលលោកថា «គ្មានបានការ» អ្វីទេ។
លោកបានថ្លែងបែបចំអកដោយចាត់ទុកការលើកឡើងពីបញ្ហាប្រឈម ការគំរាមកំហែង ឬបំភិតបំភ័យរបស់គណបក្សនយោបាយថាគ្រាន់តែជា «លេស» ដោយដឹងខ្លួនជាមុនថានឹងចាញ់ឆ្នោតប៉ុណ្ណោះ។
លោកថ្លែងសំដៅទៅ GDP ថា៖ «ខ្ញុំសន្និដ្ឋានថាអានេះជារឿងផ្ទាល់ខ្លួនគាត់ទេ មុនដំបូងបង្កើតគណបក្សអួតក្អេងក្អាងថានឹងឈ្នះឆ្នោត ក៏ប៉ុន្តែពេលមើលក្នុងយុទ្ធនាការឃោសនាហាក់ដូចជាគ្មានការគាំទ្រដល់គាត់ មកនិយាយថាមានការយាយីពីរដ្ឋអំណាច»។
លោកបន្តថា៖ «អាហ្នឹងខ្ញុំយល់ថាវាអាចជាលេសទេ។ គាត់លើកស្ថានភាពទៅ គាត់មិនអាចមានការគាំទ្រពីប្រជាពលរដ្ឋ ដូច្នេះមើលទៅវាបរាជ័យនៅខាងមុខ។ អ៊ីចឹងឈប់ឲ្យបានមុនទៅដើម្បីស្ដារមុខមាត់ កិត្តិយស។ រឿងវាតែប៉ុណ្ណឹង»។
ទោះយ៉ាងណាលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងថាគិតមកដល់ពេលនេះ គ.ជ.ប បានទទួលបណ្ដឹងចំនួន ៦ ប៉ុណ្ណោះ។ លោកបន្តថាក្នុងចំណោមនោះ ៤ បណ្ដឹងត្រូវបានប្ដឹងដោយ LDP និង ២ ផ្សេងទៀតប្ដឹងដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន ហើយមន្ត្រីបោះឆ្នោតបានដោះស្រាយបណ្ដឹងនោះហើយ។
លោកបានចាត់ទុកបញ្ហាដែលបានកើតឡើងថាជា «ការខ្វះការសហការ» រវាងគណបក្សនយោបាយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរៀបចំការបោះឆ្នោត។
លោកបន្តថា៖ «ក្នុងនាម គ.ជ.ប ខ្ញុំស្នើសុំឲ្យមានការបញ្ជាក់ឲ្យច្បាស់អំពីរឿងរ៉ាវទាំងអស់នេះឲ្យតែមានការសហការគ្នាបញ្ហាអ្វីក៏អាចដោះស្រាយបានដែរ ប៉ុន្តែបើមានតែការចោទប្រកាន់គ្នា និងនៅបន្តភាន់ច្រឡំគ្នា និងគ្នាខ្ញុំគិតថា មិនមែនជាដំណោះស្រាយនោះទេ»៕