ភ្នំពេញៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (CYP) កាលពីពេលព្រឹកថ្ងៃម្សិលមិញបានដាក់ពាក្យបណ្ដឹងទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញចំនួន ១៧ មណ្ឌល ប៉ុន្តែពាក្យបណ្ដឹងត្រូវបានដកវិញភ្លាមក្នុងថ្ងែដដែលដោយអះអាងថា គ្មានភ័ស្តុតាងគ្រប់គ្រាន់ និងធ្វើដោយតក់ក្រហល់។
លោក ស្រស់ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វាអត់មានអីចម្លែកទេ ខ្ញុំដាក់ពាក្យបណ្ដឹងព្រឹកមិញដោយសារខ្ញុំធ្វើឡើងតក់ក្រហល់ពេក ដោយសារខ្ញុំអត់ទាន់បានប្រមូលភ័ស្តុតាងបានគ្រប់គ្រាន់ អ៊ីចឹងយើងដកពាក្យបណ្ដឹងសិន មិនមែនយើងបោះបង់ការទាមទារទេ។ យើងទាមទារដដែលហើយយើងនឹងទៅស្រាវជ្រាវភ័ស្ដុតាងវីដេអូដែលមានស្រាប់ គ.ជ.ប ផ្សាយនៅ ទ.ទ.ក ហើយយើងនឹងយកលិខិតមួយចំនួនដែលពាក់ព័ន្ធនឹងទិន្នន័យដែលចេញដោយ គ.ជ.ប នៅថ្ងៃទី ១១ ភ្ជាប់ជាមួយវីដេអូ ហើយយើងនឹងធ្វើពាក្យបណ្ដឹងឡើងវិញ»។
ទោះជាយ៉ាងណាក៏ដោយលោក ស្រស់ បានអះអាងថាការដកពាក្យបណ្ដឹងរបស់លោកគឺមិនបានទទួលសម្ពាធពីខាងក្រៅអ្វីទេ ហើយលោកនឹងប្រមូលភ័ស្តុតាងបន្ថែមយកទៅដាក់នៅ គ.ជ.ប ឲ្យបានមុនពេលកំណត់។
លោក ស្រស់ បានថ្លែងប្រាប់អ្នកកាសែតថា៖ «គណបក្សយុវជនកម្ពុជាយើងអត់សុខចិត្តទេ ពីព្រោះអីសំឡេងអ្នកគាំទ្រគឺជាឆន្ទៈរបស់ប្រជាពលរដ្ឋ។ យើងត្រូវតែគោរពឆន្ទៈរបស់ពួកគាត់។ យើងត្រូវតែរកឲ្យឃើញ តើ ៨៤ សំឡេងនោះបាត់តាមរយៈអ្វី? យើងអត់មានទៅឡាំប៉ាអីទៀតទេ គឺយើងចង់បានតែភាពពិតប្រាកដតែប៉ុណ្ណោះ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា គិតត្រឹមម្សិលមិញ គ.ជ.ប មិនទាន់បានពន្យារ ឬកែប្រែកាលបរិច្ឆេទនៃការប្រកាសលទ្ធផលផ្លូវការនៅឡើយទេ។ ក្រោយការដកពាក្យបណ្ដឹងរបស់គណបក្ស CYP គឺ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្ដឹងថ្មីពីគណបក្សនយោបាយណាមួយឡើយដែរ។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ថ្លែងថាគណបក្សរបស់លោកគ្មានគម្រោងដាក់ពាក្យបណ្ដឹងណាមួយប្រឆាំងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតទេ។
លោកថ្លែងថា៖ «GDP ពុំមានគម្រោងដាក់ពាក្យបណ្តឹងទេ ពីព្រោះយើងពុំមានភ័ស្តុតាងបញ្ជាក់អំពីភាពមិនប្រក្រតី។ ក៏ប៉ុន្តែនេះមិនមានន័យថា GDP ទទួលស្គាល់ថា ការបោះឆ្នោតនេះគោរពតាមនិយាមសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ»។
អ្នកជំនាញការបោះឆ្នោតលោក យឿង សុធារ៉ា បានថ្លែងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរង់ចាំការដាក់ពាក្យបណ្ដឹងរហូតដល់ផុតកំណត់ការទទួលពាក្យបណ្ដឹង ៧២ ម៉ោងក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ន។ ខណៈមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញបញ្ជាក់ថាមិនទាន់មានការប្រកាសពន្យារកាលបរិច្ឆេទនៃការប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ដែល គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីបានប្រកាសលទ្ធផលបណ្ដោះអាសន្នកាលពីថ្ងៃទី ១១ ខែសីហា។
ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា (CPP) បានទទួលការគាំទ្ររហូតដល់ ៤ ៨៨៩ ១១៣ សំឡេង ខណៈគណបក្សហ៊្វុនស៊ិនប៉ិចបានទទួលចំណាត់ថ្នាក់លេខ ២ ពោលគឺទទួលបាន ៣៧៤ ៥១០ សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបាន ៣០៩-៣៦៤ សំឡេង រីឯគណបក្សឆន្ទៈខ្មែរ (KWP) ទទួលបានចំនួន ២១២ ៨៦៩ សំឡេង។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថាជានីតិវិធីការប្រកាសលទ្ធផលផ្លូវការ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៥ ខែសីហា អាចត្រូវពន្យារពេលដោយសារតែតាមនីតិវិធី គ.ជ.ប នឹងដោះស្រាយបណ្តឹងសិន៕