ភ្នំពេញៈ ប្រតិភូសភាបង់ក្លាដែសដែលកំពុងបំពេញទស្សនកិច្ច ៤ ថ្ងៃនៅកម្ពុជាពីថ្ងៃទី ៥ ដល់ទី ៨ មករា ដើម្បីស្វែងរកការគាំទ្រពីកម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជាតិរ៉ូហ៊ីងយ៉ាត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។
ប្រតិភូនេះដឹកនាំដោយលោក Muhammad Faruk Khan សមាជិកសភា និងជាប្រធាន គណៈកម្មាធិការអចិន្រៃ្តយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដែស។ ប្រតិភូបានជួបជាមួយលោក ងួន ញ៉ិល អនុប្រធានទី ១ នៃរដ្ឋសភា និងលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភានៅរដ្ឋសភា។
លោក ឈាង វុន បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅក្រោយជំនួបនោះថា ប្រតិភូបង់ក្លាដែសបានជួបពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងរវាងសភា និងសភានៃប្រទេសទាំង ២។ ប៉ុន្តែគោលបំណងចម្បងរបស់ប្រតិភូបង់ក្លាដែសគឺស្វែងរកការគាំទ្រពីកម្ពុជាពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ជនរ៉ូហ៊ីងយ៉ាត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។ លោកបន្តថា ប្រតិភូសភាបង់ក្លាដែសស្នើឲ្យសភាកម្ពុជាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំក្នុងការជួយដល់ពួកគេ។
លោក ឈាង វុន ថ្លែងថា៖ «កម្ពុជាយើងមានជំហរមួយស្របជាមួយប្រទេសអាស៊ាន ៩ ផ្សេងទៀតដោយសារមីយ៉ាន់ម៉ាជាប្រទេសសមាជិកអាស៊ាន អ៊ីចឹងហើយយើងមានជំហររួមមួយគឺស្នើឲ្យមានការដោះស្រាយបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ានេះកុំឲ្យធ្វើអន្តរជាតូបនីយកម្មបានន័យថាឲ្យដោះស្រាយបញ្ហានេះទ្វេភាគីទៅ ហើយឲ្យមានទំនាក់ទំនងគ្នារវាងរដ្ឋាភិបាលទាំង ២ ដើម្បីផ្លូវដើរមួយសមស្របដើម្បីជាផលប្រយោជន៍របស់អ្នករងគ្រោះ»។
ទោះយ៉ាងណាលោកបន្តថា ជំហររបស់កម្ពុជា និងអាស៊ានគឺចង់ឲ្យមានការដោះស្រាយមួយដោយសន្តិភាព ដោយការជជែកគ្នា និងសហប្រតិបត្តិការគ្នា ហើយស្នើមីយ៉ាន់ម៉ាឲ្យជ្រោមជ្រែងទទួលដោះស្រាយការធ្វើមាតុភូមិនិវត្តន៍នេះ។ កម្ពុជាមានការសប្បាយចិត្តដែលប្រទេសទាំង ២ បានជួបគ្នា ហើយឈានដល់កិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍មួយកាលពីឆ្នាំ ២០១៧ ហើយកម្ពុជាសង្ឃឹមថា មាតុភូមិនិវត្តន៍នេះនឹងដំណើរការយ៉ាងរលូន។
លោក ឈាង វុន បញ្ជាក់ថាកម្ពុជាធ្លាប់មានបទពិសោធក្នុងការធ្វើមាតុភូមិនិវត្តន៍នៃពលរដ្ឋរបស់ខ្លួនកាលពីដើមទសវត្សរ៍ ៩០ ពីព្រំដែនថៃ។ តាមរយៈបទពិសោធនេះ មាតុភូមិនិវត្តន៍គួរធ្វើឡើងនៅពេលប្រទេសនោះអាចធានាបាននូវសន្តិសុខផ្នែកសេដ្ឋកិច្ច និងស្ថិរភាព។ លោកបានបញ្ជាក់ថា កត្តាសំខាន់គឺថានៅពេលជនភៀសខ្លួនត្រឡប់ទៅវិញ ពួកគេអាចរស់នៅដោយសុវត្ថិភាព និងមានជីវភាពដូចគេដូចឯង។
យោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៩០ ម៉ឺននាក់កំពុងរស់នៅទីក្រុង Coxs Bazar ប្រទេសបង់ក្លាដែស។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងកាលពីម្សិលមិញថា រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន នឹងជួបជាមួយប្រតិភូបង់ក្លាដែសនៅថ្ងៃពុធ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា បញ្ហារ៉ូហ៊ីងយ៉ាជាកិច្ចការផ្ទៃក្នុងរវាងប្រទេសទាំង ២ ប៉ុន្តែបញ្ហានេះគួរត្រូវបានដោះស្រាយដោយមានការចូលរួមពីភាគីអង្គការសហប្រជាជាតិ ហើយប្រទេសមហាអំណាចអាចចូលរួមឃ្លាំមើលដើម្បីធានាកុំឲ្យមានការបង្ហូរឈាមគ្នា។ លោកបន្តថាអ្វីដែលសំខាន់គឺថាមុនពេលមានការធ្វើមាតុភូមិនិវត្តន៍ត្រូវមានការកសាងទីជម្រករបស់ពួកគេឡើងវិញនៅប្រទេសមីយ៉ាន់ម៉ា ព្រោះទីជម្រករបស់ពួកគេត្រូវបានដុតចោលអស់ហើយ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា កម្ពុជាដែលធ្លាប់មានវិបត្តិជនភៀសខ្លួនកាលពីអតីតកាលគួរបង្ហាញចិត្តមេត្តា ដូចដែលសហគមន៍អន្តរជាតិធ្លាប់បានធ្វើលើកម្ពុជាក្នុងការរៀបចំទីជម្រក និងជួយដល់ការវិលត្រឡប់របស់ពលរដ្ឋកម្ពុជាត្រឡប់មកមាតុភូមិវិញ។ លោកស្នើថា ដើម្បីបង្ហាញនូវចិត្តមេត្តានេះ កម្ពុជាមិនគួរមានចិត្តរារែកក្នុងការបង្ហាញចិត្តសប្បុរសហើយទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ១០០ គ្រួសារមករស់នៅកម្ពុជា។
លោកថ្លែងថា៖ «មេដឹកនាំរបស់យើងគួរតែចាប់យកឱកាសមាសនេះ ហើយធ្វើដូច្នេះ [ទទួលយកជនភៀសខ្លួន] ក្នុងនាមប្រទេសជាតិរបស់យើង។ លោកគួរតែចាប់ផ្ដើមគំនិតផ្ដួចផ្ដើមជំរុញឲ្យមានដំណោះស្រាយវិបត្តិតំបន់មួយនេះ។ លោកគួរតែធ្វើឲ្យមេដឹកនាំអាស៊ានរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផង ចូលរួមជាមួយលោកដើម្បីដោះស្រាយបញ្ហានេះ»៕