អាជ្ញាធរជាតិអប្សរា សម្រេចបង្កើតក្រុមល្បាតក្នុងពេលយប់ ១ ក្រុមថ្មីទៀត ដើម្បីចុះល្បាតការពារព្រៃឈើក្នុងតំបន់ឧទ្យានជាតិអង្គរ បន្ទាប់ពីជាងពាក់កណ្ដាលឆ្នាំនេះ មានជនខិលខូចបានចូលលួចកាប់ដើមឈើប្រណីតដូចជាឈើគ្រញូង និងកាប់ព្រៃឈើទន្ទ្រានយកដីក្នុងតំបន់នេះជាបន្តបន្ទាប់ក្នុងពេលយប់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីនាំពាក្យ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា នាពេលកន្លងមកអាជ្ញាធរអប្សរានៅមិនទាន់មានក្រុមកាងារចុះល្បាតនៅពេលយប់នៅឡើយទេ ទើបជនខិលខូចឆ្លៀតឱកាសក្នុងពេលយប់ មកកាប់ដើមឈើប្រណីតៗ និងកាប់រានទន្រ្ទានយកដី ក្នុងតំបន់ឧទ្យានជាតិអង្គរជាកម្មសិទ្ធិ។ លោកថា ក្រុមការងារចុះល្បាត និងការពារនៅពេលយប់នេះមានគ្នាជិត ២០ នាក់។ ក្រុមការងារនេះនឹងត្រូវដាក់វេនគ្នាចុះល្បាតជាប្រចាំក្នុងពេលយប់។
លោកថ្លែងថា៖ «យើងមិនអាចដឹងបានអំពីសកម្មភាពជនខិលខូចចូលលួចកាប់ដើមឈើគ្រញូងនាពេលកន្លងមក។ ព្រោះពួកគេបានលួចកាប់នៅពេលយប់។ ដូច្នេះដើម្បីការពារនិងទប់ស្កាត់សកម្មភាពនេះ យើងបានសម្រេចបង្កើតក្រុមការងារចុះល្បាតនៅពេលយប់ថ្មី ១ ក្រុមទៀត។ កន្លងមកយើងមិនដែលមានក្រុមការងារល្បាតនៅពេលយប់ទេទើបជនខិលខូចឆ្លៀតឱកាសចូលលួចកាប់ដើមឈើបាន»។
លោក ឡុង កុសល បានឱ្យដឹងថា នៅក្នុងការងារគ្រប់គ្រងឧទ្យានជាតិអង្គរមានក្រុមការងារចំនួន ៣ ផ្នែក ដែលពាក់ព័ន្ធក្នុងនោះមានអាជ្ញាធរជាតិអប្សរា នគរបាលការពារបេតិកភណ្ឌ និងឧទ្យានុរក្សការពារតំបន់ទេសភាពអង្គរ។ លោកបន្តថា ក្រុមការងារទាំង ៣ ក្រុមនេះ បានបែងចែកការងារការទទួលខុសត្រូវដាច់ដោយឡែកពីគ្នា។
មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ថា កន្លងមកមានករណីការចូលលួចកាប់ទន្រ្ទានព្រៃឈើ ដើម្បីយកដីធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ឧទ្យានជាតិអង្គរជាបន្តបន្ទាប់។ ករណីនេះ គឺជាការព្រួយបារម្ភខ្លាំងណាស់ដែររបស់អាជ្ញាធរអប្សរា។
បើតាមលោក កុសល ក្នុងរយៈពេលជាងពាក់កណ្ដាលឆ្នាំ ២០២០ នេះ មានជនខិលខូចបានចូលលួចកាប់ដើមឈើប្រណីត និងឈើគ្រញូងប្រមាណ ៤ ករណី។ ក្នុងនោះមានករណីមួយទៀតទើបកើតឡើងថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២០ នៅចំណុច គោកបាខែង ក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ឈើគ្រញូងដែលជនខិលខូចទើបលួចកាប់នេះមានមុខកាត់ ០.២ ម៉ែត្រ ជនខិលខូចបានកាត់ដើមជាកំណាត់ៗ យកទៅអស់ បន្សល់ទុកតែគល់ និងចុងឈើប៉ុណ្ណោះ។
លោក សួស ណារិន មន្ដ្រីអង្កេតសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ប្រចាំខេត្ដសៀមរាប ទទូចឱ្យអាជ្ញាធរអប្សរាបង្កើនការការពារសម្បត្ដិធនធានធម្មជាតិ ដូចជាដើមឈើប្រណីតៗជាដើមឱ្យបានតឹងរ៉ឹងបន្ថែមទៀត។ ព្រោះធនធានធម្មជាតិទាំងនេះគឺជាគ្រឿងលម្អដែលមិនអាចខ្វះបានសម្រាប់ឧទ្យានជាតិអង្គរ និងប្រាង្គប្រាសាទអង្គរវត្ដ។
លោកថ្លែងថា៖ «យើងមិនចង់ឃើញមានការកាប់ដើមឈើប្រណីតដូចជាឈើគ្រញូងជាដើមនេះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាទេ។ កន្លងមក យើងឃើញថាមានការរុញដាក់គ្នា ចំពោះករណីមានជនខិលខូចលួចកាប់ដើមឈើបែបនេះហើយមិនអាចស្វែងរកឃើញជនល្មើស និងអ្នកទទួលខុសត្រូវឡើយ។
លោក ណារិន បានលើកឡើងថា ករណីកាប់ដើមឈើប្រណីតនេះ ជនខិលខូចមិនអាចយកកាំបិត ឬពូថៅ ទៅកាប់បានទេ គឺប្រើប្រាស់សុទ្ធតែរណាយន្តដើម្បីកាត់ ហើយការប្រើរណាយន្តកាត់ដើមឈើ គឺមានសំឡេងខ្លាំងណាស់ មិនអាចគ្មានអ្នកមិនដឹងនោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំនៅតែសំណូមពរដោយទទូចដល់អាជ្ញាធរអប្សរា សុំបង្កើនកម្លាំងការពារ ទាំងក្នុងតំបន់ប្រាសាទ និងតំបន់ព្រៃឈើ ដែលសុទ្ធតែជាឧទ្យានសម្រាប់ទ្រទ្រង់ជីវិតប្រាសាទអង្គរឱ្យមានភាពប្រសើរឡើង»៕