ភ្នំពេញ: រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ និង​តែងតាំង​សមាសភាព​នៃ​គណៈកម្មាធិការ​មរតក​មនុស្ស​រស់ ដើម្បី​ស្វែងរក​បុគ្គល​មាន​ចំណេះដឹង​មាន​ទេពកោសល្យ​លើស​ពី​មនុស្ស​ធម្មតា​ក៏ដូចជា​ការលើក​ទឹកចិត្ត​បុគ្គល​ដែលមាន​ទេពកោសល្យ និង​ស្នាដៃ​ចំពោះ​មនុស្សជាតិ​។

តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការតែងតាំង​សមាសភាព​នៃ​គណៈកម្មាធិការ​មរតក​មនុស្ស​រស់​ចុះ​ថ្ងៃទី ២១ ខែ​មេសា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា សម្រេច​តែងតាំង​សមាសភាព​នៃ​គណៈកម្មាធិការ​មរតក​មនុស្ស​រស់​ដោយ​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ធ្វើជា​ប្រធាន លោក អ៊ិន វីរជាតិ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​លោក ងី តាយី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជា​អនុប្រធាន និង​សមាជិក​ចំនួន ១៤ រូប​ផ្សេងទៀត​ដែល​មាន​សមាសភាព​ពី​អង្គភាព​ផ្សេងៗ​គ្នា​។

អនុក្រឹត្យ​បញ្ជាក់​ថា រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋមន្ត្រី​គ្រប់ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ និង​សាមីខ្លួន​ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។

លោកស្រី ភឿង សកុណា ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មរតក​មនុស្ស​រស់​សំដៅ​ទៅ​លើ​បុគ្គល ឬ​ក្រុមមនុស្ស​ដែល​មាន​ចំណេះដឹង ទេពកោសល្យ ជំនាញ និង​បច្ចេកទេស​កម្រិត​ខ្ពស់បំផុត​ដែល​ចាំបាច់​ដល់​ការបង្កើត​សម្រិតសម្រាំង​នៃ​ទិដ្ឋភាព​ជីវិត​វប្បធម៌​របស់​ប្រជាជន​ និង​អត្ថិភាព​បន្ត​នូវ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ជាតិ​។

លោកស្រី​បន្តថា គណៈកម្មាធិការ​នេះ​មាន​តួនាទី​ស្រាវជ្រាវ កត់សម្គាល់ និង​ស្វែងរក​បុគ្គល​ទាំងឡាយ​ណា​ដែលមាន​ចំណេះដឹង ទេពកោសល្យ ជំនាញ និង​បច្ចេកទេស​លើសពី​មនុស្ស​ធម្មតា ឬ​ជាម​នុស្ស​ដែលមាន​ការកោតសរសើរ​ពី​មហាជន ដើម្បី​លើក​ទឹកចិត្ត​ក៏​ដូចជា​ជួយឧបត្ថម្ភ​ពួកគាត់​ដោយ​ស្នើ​ឲ្យ​ពួកគាត់​ជួយ​បង្ហាត់បង្ហាញ​ទេពកោសល្យ បណ្ដុះបណ្ដាល​ក្មេងៗ​ជំនាន់​ក្រោយ និង​ចងក្រង​ជា​ឯកសារ​សម្រាប់​ទុកជា​ប្រយោជន៍​ដល់​មនុស្សជាតិ​។

លោកស្រី សកុណា បញ្ជាក់ថា​៖ «​រហូត​មក​ដល់​ពេលនេះ យើង​បាន​រកឃើញ​បុគ្គល​ដែល​ជា​មត៌ក​មនុស្ស​រស់​ចំនួន​ប្រមាណ​ជាង ១០ រូប​ហើយ ប៉ុន្ដែ​ក្នុងចំណោម​ពួកគាត់​នេះ​មាន​អ្នកទទួល​មរណភាព​ខ្លះ​ហើយ ដូចជា​លោកតា ប្រាជ្ញ ឈួន​, សម្តេចព្រះរៀម ព្រះករុណា នរោត្តម ​បុប្ផាទេវី​, លោក​ព្រឹទ្ធាចារ្យ ឆេង ផុន​, លោកតា វណ្ណ មូលីវណ្ណ​ និង​បុគ្គល​ឆ្នើម​ផ្សេងៗ​ទៀត​»​។

លោក ធុយ ចាន់ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​អ្នកប្រវត្តិសាស្ត្រ​កម្ពុជា បាន​ថ្លែង​ពី​ម្សិលមិញ​ថា​មរតក​មនុ​ស្សរស់​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​ត្រូវ​តែ​ធ្វើការ​អភិរក្ស និង​លើកទឹកចិត្ត​អ្នកមាន​ស្នាដៃ ព្រោះ​ពួកគាត់​ជា​បុគ្គល​សំខាន់​ក្នុង​ការកសាង និង​បណ្ដុះបណ្ដាល​មនុស្ស​ជំនាន់​ក្រោយ​នៅក្នុង​សង្គមជាតិ​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​ជា​ការតបស្នង​សងគុណ​ទៅ​ពួកគាត់​វិញ​គឺ​យើង​គួរ​លើក​ទឹកចិត្ត​ពួកគាត់ ជួយ​ទំនុកបម្រុង​ពួកគាត់​។ ជាក់ស្ដែង​ដូច​លោកតា វណ្ណ មូលីវណ្ណ ជាដើម​ដែល​គាត់​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​ហើយ​នៅមាន​បុគ្គល​មួយចំនួន​ទៀត​ដែល​កំពុង​មានជីវិត​គឺ​យើង​ត្រូវតែ​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគាត់​»​។

លោក ចាន់ធួន បាន​ថ្លែង​បន្ថែមថា បុគ្គល​ដែល​គេ​ចាត់ចូល​ក្នុង​មត៌ក​មនុស្ស​រស់​នេះ មិន​សំដៅ​ទៅលើ​ផ្នែក​សិល្បៈ ឬ​ផ្នែក​ណាមួយ​នោះទេ​គឺ​សំដៅ​បុគ្គល​ដែលមាន​ជំនាញ ឬ​បច្ចេកទេស​ធ្វើ​អ្វីមួយ​ឆ្នើម​ដាច់​គេ ពូកែ​បំផុត មាន​ទេពកោសល្យ​លើសពី​មនុស្ស​ធម្មតា​។ ក្នុងនាម​ជា​កូនចៅ​ជំនាន់​ក្រោយ​ត្រូវ​តែ​ផ្ដល់​កម្លាំងចិត្ត​ជូន​ពួកគាត់ នៅពេល​ដែល​ពួកគាត់​កំពុង​នៅមាន​ជីវិត​៕