ភ្នំពេញៈ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​កាលពី​ម្សិលមិញ បាន​ចុះបង្ក្រាប​ទីតាំង​វេចខ្ចប់​ប៊ីចេង​ក្លែងក្លាយ​ ១ ​កន្លែង​ស្ថិត​នៅ​សង្កាត់​ទួលសង្កែ​ទី ២ ខណ្ឌ​ឫស្សីកែវ​ដែល​មាន​ប៊ីចេង​ក្លែងក្លាយ​ប្រមាណ ១៧ តោន​។

លោក ចាន់ វ៉ាន់ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ថ្លែង​នៅក្នុង​ពេល​ចុះ​បង្ក្រាប​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​រកឃើញ ប៊ីចេង​ក្លែងក្លាយ និង​ភ័ស្តុតាង​រួមមាន ប៊ីចេង​បាវ​ស​ចំនួន​ ៣៥២ ​បាវ​ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥ បាវ ប៊ីចេង​រាយ​ម៉ាក Win win ចំនួន ១៤០ បាវ ប៊ីចេង​ច្រក​រួច (500g) ចំនួន ៣២ បាវ ប៊ីចេង​ច្រក​រួច​ម៉ាក Gold Cup ចំនួន ៤៧ កេស ប៊ីចេង​រូប​វែក (250g) ម៉ាស៊ីនដេរ​មាត់​បាវ ២ ​គ្រឿង ម៉ាស៊ីន​អ៊ុត​មាត់​ថង់ ១ ​គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ២ ​គ្រឿង ជញ្ជីង​ថ្លឹង ២ ​គ្រឿង​បាវ​រូប​វែក ៩៣ បាវ និង​ប៊ីចេង​រាយ​មិន​ទាន់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​សរុប​ទាំងអស់​ទម្ងន់​ប្រមាណ ១៧ តោន​។

លោក វ៉ាន់ធឿន បាន​ថ្លែង​ថា​៖ «​ក្រោយពី​ការត្រួតពិនិត្យ និង​តាម​ការសម្រេច​របស់​លោក​ព្រះរាជអាជ្ញារង សមត្ថកិច្ច​បាន​សម្រេច​ដកហូត និង​រក្សា​ទុក​ឃ្លុំបេ​បិទ​ទីតាំង​ខាង​លើ ហើយ​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​លោកស្រី​ សុខ វួចលីន អាយុ​ ៤១ ​ឆ្នាំ​ជនជាតិ​ខ្មែរ​មក​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដើម្បី​បន្ត​នីតិវិធី​»​។

ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុងទី រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា ថ្វីដ្បិត​តែ​ក្រុម​ការងារ​មិន​ទាន់​យក​ប៊ីចេង​នេះ​ទៅ​ពិសោធ​នៅក្នុង​ម៉ាស៊ីន​ឡាបូ​ក៏​ពិតមែន ប៉ុន្តែ​តាម​ការពិនិត្យ​ជា​បឋម​ឃើញ​ថា ប៊ីចេង​នេះ​គឺ​ក្លែងក្លាយ ហើយ​ក្លែង​ម៉ាក​ផង​ដែរ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នក​បរិភោគ​។

គួររំឭក​ថា​កាលពី​ថ្ងៃ​ទី​ ២២ ខែ​មករា ឆ្នាំ​ ២០១៨ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ បាន​ចុះ​អនុវត្ដ​តាម​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន​ប៊ីចេង​រូប​វែក​រក​កន្លែង​មាន​លក់​ផលិតផល​ប៊ីចេង​រូប​វែក​ក្លែងក្លាយ​ដែល​រំលោភ​កម្មសិទ្ធិ​បញ្ញ​ជាច្រើន​គីឡូ ដោយ​មាន​ ៣ ​ទីតាំង​ទី ១ នៅ​ផ្ទះ​លេខ ១៤ BEo តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៤១ ​ទី​ ២ ផ្ទះ​លេខ ១០BEo តាម​បណ្ដោយ ផ្លូវ​លេខ ១៤១ ​និង​ទី​ ៣ ផ្ទះ​លេខ ២៣A ផ្លូវ​លេខ​ ១២៥ ក្នុង​សង្កាត់​បឹងព្រលិត​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

ម្ចាស់​ទីតាំង​ទី​ ១ មាន​ឈ្មោះ តាំង សៀងខេង ភេទ​ស្រី អាយុ ៣០ ឆ្នាំ​ស្នាក់នៅ​ផ្ទះ​លេខ ១៤ BEo ខណ្ឌ ៧​ ​មករា រាជធានី​ភ្នំពេញ​សមត្ថកិច្ច​រកឃើញ​ប៊ីចេង​រូប​វែក​ដែល​រំលោភ​កម្មសិទ្ធិ​បញ្ញ​ដោយ​មាន​ប៊ីចេង​ក្លែងក្លាយ​ចំនួន 800 កញ្ចប់​តូច​ស្មើនឹង 275 គីឡូក្រាម និង​សម្បក​ខ្ចប់​មួយ​ចំនួន​ទៀត​។

ម្ចាស់​ទីតាំង​ទី ២ មាន​ឈ្មោះ អ៊ឹង សុង ភេទ​ប្រុស អាយុ ៦៨ ឆ្នាំ ស្ថិត​នៅ​ក្នុង​ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ​សមត្ថកិច្ច​រកឃើញ​វត្ថុ​ធាតុដើម​សម្រាប់​ធ្វើ​ប៊ីចេង​រូប​វែក​ដែល​រំលោភ​កម្មសិទ្ធិបញ្ញា​មាន​ប៊ីចេង​ក្លែងក្លាយ​ចំនួន ១ ៣៦៤ គីឡូក្រាម ប៊ីចេង​មិន​ទាន់​វេច​ខ្ចប់​ចំនួន ១ ៨៩៨ គីឡូក្រាម​។

ម្ចាស់​ទីតាំង​ទី ៣ នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧ មករា រកឃើញ​ប៊ីចេង​រូប​វែក​ដែល​រំលោភ​កម្មសិទ្ធិបញ្ញា​មាន​ប៊ីចេង​ក្លែងក្លាយ​ចំនួន ១២ គីឡូក្រាម​, ប៊ីចេង​មិន​ទាន់​វេចខ្ចប់​ចំនួន​ជាង ២០០ បេ​៕