កំពង់ឆ្នាំង/ឧត្តរមានជ័យៈ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​រោង​កែច្នៃ​ឈើ​ខុសច្បាប់​ចំនួន​ ៤ ​កន្លែង​ដោយ​រឹបអូស​ឈើ​ជិត​ ៥ ​ម៉ែត្រគុប​នៅ​ឃុំ​ទួលខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ប៉ុន្ដែ​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​បាន​រត់គេច​ខ្លួន ខណៈ​មន្ត្រី​ជំនាញ​ខេត្ត​ឧត្តរមានជ័យ​ក៏​បាន​ចាប់បញ្ជូន​ខ្លួន​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ម្នាក់​ទៅ​តុលាការ និង​រឹបអូស​ឈើ​ជាង​ ១៤ ​ម៉ែត្រគុប​នៅ​ឃុំ-ស្រុក​ត្រពាំង​ប្រាសាទ​។

លោក​ ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង កាលពី​ថ្ងៃទី​ ២១ ខែមេសា ថា​រោង​កែច្នៃ​ឈើ​ធ្វើ​គ្រឿងសង្ហារិម​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​ ៤ ​កន្លែង​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​ ២១ មេសា ដោយ​រឹបអូស​ឈើ​ប្រមាណ​ជិត​ ៥ ​ម៉ែត្រគុប [​ឈើ​ចម្រុះ​]​។ លោក​ថា​ឈើ​ទាំងអស់​នោះ​ត្រូវ​បាន​ដឹកជញ្ជូន​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​។

លោក​បន្តថា ក្រៅពី​ទីតាំង​ ៤ ​កន្លែង​នេះ​លោក​គ្រោង​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ចំនួន​ ៦ ​កន្លែង​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ការកែច្នៃ​ឈើ​ធ្វើ​ជា​គ្រឿងសង្ហារិម​ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់ ប៉ុន្ដែ​មិនទាន់​អាច​បញ្ជាក់​ពី​ទីតាំង​បានទេ​។

លោក​ វ៉ាន់វីរ៉ាវុឌ្ឍី បញ្ជាក់​ថា​៖ «​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ទាំង​នោះបាន​រត់គេច​ខ្លួន​បាត់​អស់​ហើយ ដោយ​បន្សល់ទុក​ឈើ និង​គ្រឿង​ម៉ាស៊ីន​កែច្នៃ​ឈើ​នៅនឹងកន្លែង​។ ឥឡូវនេះ​យើង​បាន​ប្រមូល​ទាំង​ឈើ និង​គ្រឿង​ម៉ាស៊ីន​កែច្នៃ​ឈើ​ហ្នឹង​មក​រក្សាទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខេត្តហើយ អ៊ីចឹង​ម្ចាស់​ទាំងអស់​គួរតែ​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​»​។

លោក​ ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ថ្លែង​កាលពី​ថ្ងៃទី​ ២១ មេសា ថា​ក្រុមមន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​មួយចំនួន​ហើយ​។ ជន​ដែល​ប្រព្រឹត្ត​បទល្មើស ត្រូវតែ​ទទួល​ការពិន័យ​ ឬ​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អត់​ទាន់​បាន​របាយការណ៍​លម្អិត​ទេ​ព្រោះ​មន្ត្រី​យើង​កំពុង​ធ្វើការ អ៊ីចឹង​គាត់​មិន​ទាន់​ធ្វើ​របាយការណ៍​រួចរាល់​ទេ​។ ក្រៅពី​បង្ក្រាប​ប៉ុន្មាន​កន្លែង​នេះ​យើង​នៅតែ​បន្ត​ចុះ​ស៊ើបអង្កេត និង​បង្ក្រាប​បន្ថែម​ទៀត យើង​មិនមែន​ធ្វើ​ត្រឹម​នេះ​ទេ​។ ឈើ​ដែល​ក្រុម​ឈ្មួញ​កំពុង​កែច្នៃ​នេះ​ភាគច្រើន​នាំចូល​មកពី​ខេត្ត​ពោធិ៍សាត់ និង​កំពង់ស្ពឺ រីឯ​នៅ​ខេត្ត​កំពង់ឆ្នាំង​មិនមាន​ឈើ​សម្រាប់​កែច្នៃ​ទេ​»​។

តាម​សារព័ត៌មាន ANN បាន​ដកស្រង់​សម្តី​ម្ចាស់​ទីតាំង​សិប្បកម្ម​ម្នាក់​ឈ្មោះ​យាយ ភឿន និង​កូនប្រុស​ឈ្មោះ វណ្ណា បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា រោង​សិប្បកម្ម​របស់​ពួកគាត់​ទើបតែ​បើក​ធ្វើ​បាន​រយៈពេល​ ២ ​ឆ្នាំ និង​មាន​លិខិត​អនុញ្ញាត​ពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​។

ម្ចាស់​សិប្បកម្ម​ឈ្មោះ​ វណ្ណា បាន​អះអាង​ថា កន្លង​ទៅ​ថ្មីៗ​នេះ​មាន​អ្នក​មក​យកលុយ​ពី​គាត់​ចំនួន​ ៦០ ​ម៉ឺន​រៀល​ដោយ​ឲ្យ​គាត់​ទៅ​បង់​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទួល​ខ្ពស់​។ បន្ទាប់ពី​គាត់​យក​លុយ​ទៅ​បង់​រួច ស្រាប់តែ​ពេលនេះ​មាន​សមត្ថកិច្ច​ចម្រុះ​ចុះមក​បង្ក្រាប​ទៅវិញ​។

ករណី​ស្រដៀង​គ្នា​នេះ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​ពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​ម្ចាស់​អាជីវកម្ម​កែច្នៃ​ឈើ​ម្នាក់​ឈ្មោះ​ យ៉ុត វ៉ាន់ស៊ុន ភេទ​ប្រុស​អាយុ ៣៩ ​ឆ្នាំ​ទៅ​តុលាការ បន្ទាប់ពី​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​នៅ​ភូមិ​ថ្នល់កែង ឃុំ-ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​នៅ​ថ្ងៃទី​ ២១ មេសា ដោយ​បាន​រឹបអូស​ឈើ​ជាង​ ១៤ ​ម៉ែត្រគុប​។

លោក​ ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ឧត្តរមានជ័យ​បញ្ជាក់ថា​៖ «​មន្ត្រី​ជំនាញ​ខ្ញុំ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ខេត្ត​នៅ​ថ្ងៃទី​ ២២ ​ខែ​មេសា​នេះ ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​បានដឹង​ពី​នីតិវិធី​របស់​តុលាការ​ទេ​។ ឈើ​ទាំងអស់​ដែល​យើង​បាន​រឹបអូស​នោះ មន្ត្រី​យើង​បាន​ដឹក​យកមក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​ខេត្ត​រួចរាល់​ហើយ​»​។

របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ហាញ​លើ​គេហទំព័រ​របស់ខ្លួន​ (GRK News) ​កាលពី​ថ្ងៃទី​ ២១ ​មេសា​ឲ្យ​ដឹងថា កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​ត្រពាំងប្រាសាទ​ដឹកនាំ​ដោយ​លោក​ ម៉ៅ អូដេ មេបញ្ជាការរង​មូលដ្ឋាន​នេះ​សហការ​ជាមួយ​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក​ ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​ចុះបង្ក្រាប​ទីតាំង​សន្និធិផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត​របស់​ម្ចាស់​ឈ្មោះ​ យ៉ុត វ៉ាន់ស៊ុន ភេទ​ប្រុស​អាយុ​ ៣៩ ​ឆ្នាំ​ នៅ​ភូមិ​ថ្នល់កែង ឃុំ-ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ​នៅ​ថ្ងៃទី​ ២១ ខែមេសា​។

របាយការណ៍​បន្តថា មន្ត្រី​ជំនាញ​បាន​ដកហូត​ឈើ​លេខ​ ១ (​ស្រឡៅ​) ​ចំនួន​ ៣១៦ ​សន្លឹក​ស្មើនឹង​ ១៤,០៦ ​ម៉ែត្រគុប​។ ឈើ​ដែល​រឹបអូស​បាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​គូលែន​ព្រហ្មទេព​។ រីឯ​ម្ចាស់​ឈើ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​៕