
ការដាក់ឲ្យប្រើប្រាស់បង្គន់សាធារណៈ នៅបរិវេណសួនច្បារឆ្នេរឯករាជ្យ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក៏ដូចជាបង្កើនសោភ័ណភាពទីក្រុង។ ហ្វេសប៊ុក
ព្រះសីហនុៈ អគារបង្គន់អនាម័យសាធារណៈ ១ កន្លែងមាន ១៧ បន្ទប់ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុដាក់ឱ្យដំណើរការកាលពីថ្ងៃ ២ មេសា នៅសួនច្បារឆ្នេរឯករាជ្យដើម្បីរក្សាបរិស្ថាន និងសម្រួលដល់សាធារណជនទូទៅ ជាអ្វីដែលមន្ត្រីសង្គមស៊ីវិលសម្ដែងការគាំទ្រនិងស្នើឲ្យពង្រីកទៅកន្លែងផ្សេងទៀត។
លោក ប្រាក់ វិសាល នាយកទីចាត់ការទំនាក់ទំនងសាធារណៈនិងសហប្រតិបត្ថិការនៃសាលាខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បង្គន់សាធារណៈមានសារៈសំខាន់ណាស់ចំពោះអនាម័យបរិស្ថានខណៈដែលពីមុនមានតែតាមភោជនីយដ្ឋាន និងសណ្ឋាគារ។
លោកបានថ្លែងថា៖ «ដើម្បីរក្សាបានបរិស្ថានល្អ និងសម្រួលដល់ភ្ញៀវទេសចរនិងសាធារណជនទូទៅ អ៊ីចឹងឯកឧត្តមអភិបាលខេត្តគាត់បានមានគំនិតឬក៏ណែនាំដល់ស្ថាប័នពាក់ព័ន្ធហ្នឹងជាពិសេសសាលាខេត្តផ្ទាល់ឲ្យរៀបចំកញ្ចប់ថវិកាដើម្បីសាងសង់បន្ទប់ទឹកសាធារណៈដែលនៅតាមសួនច្បារនៅតាមអ៊ីចឹងបាទ»។
បើតាមលោក ប្រាក់ វិសាល អគារបង្គន់អនាម័យសាធា-រណៈនេះបានចំណាយទឹកប្រាក់អស់ ៤ ម៉ឺនដុល្លារអាមេរិកដោយឧបត្ថម្ភពីសាលាក្រុងសូវុនប្រទេសកូរ៉េចំនួន ៣៥ ០០០ ដុល្លារអាមេរិកនិងថវិកាបដិភាគពីរដ្ឋបាលខេត្តព្រះសីហនុចំនួន ៥ ០០០ ដុល្លារអាមេរិក។
លោកបានឲ្យដឹងថា នៅឆ្នាំ ២០១៩ នេះរដ្ឋបាលខេត្តព្រះសីហនុគ្រោងសង់អគារបង្គន់សាធារណៈចំនួន ៣ កន្លែង ដោយទី ១ នៅសួនច្បារឆ្នេរឯករាជ្យសង់ចប់សព្វគ្រប់ហើយ ទី ២ នៅមុខតោ ២ ប៉ុន្តែសាងសង់មិនទាន់រួចទេ និងទី ៣ នៅសួនច្បារកូនសោ ដែលសព្វថ្ងៃនេះកំពុងរៀបចំសួនច្បារនៅឡើយ។ រីឯក្នុងឆ្នាំ ២០២០ ក៏គ្រោងពង្រីកបង្គន់អនាម័យ ១ កន្លែងទៀតផងដែរ នៅសួនច្បារកាណាឌីយ៉ា។
លោក ប្រាក់ វិសាល បានបន្ថែមថា កាលពីមិនទាន់មានបង្គន់សាធារណៈភ្ញៀវទេសចរតែងរអ៊ូរទាំពីការលំបាកបត់ជើងហើយវិធីដោះស្រាយរបស់ពួកគាត់គឺទៅរកកន្លែងណាដែលមានបិទបាំងតិចតួចដែលធ្វើឱ្យទីនោះមានក្លិនស្អុយឆ្អេះ។
លោកថា៖ «អ៊ីចឹងបើយើងមានបន្ទប់ទឹកសាធារណៈហ្នឹងហើយ ពួកគាត់នឹងមកទទួលសេវាបន្ទប់ទឹកយើង។គាត់អត់មានទៅបត់ដៃបត់ជើងអីនៅលើឆ្នេរខ្សាច់ឬក៏នៅកន្លែងណាបិទបាំងក្នុងគុម្ពផ្កាអីទៀតទេ»។
ទាក់ទងការថែទាំអនាម័យវិញលោក ប្រាក់ វិសាល បញ្ជាក់ថា រដ្ឋបាលខេត្តនឹងរកកម្មករសម្រាប់មើលថែទាំនិងសម្អាតជាប្រចាំដោយថ្លៃឈ្នួលកម្មករ ការចំណាយថ្លៃទឹក និងភ្លើងគឺជាបន្ទុករបស់រដ្ឋបាលខេត្ត។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានគាំទ្រចំពោះការដាក់បង្គន់អនាម័យនៅទីសាធារណៈនេះដោយលោករំពឹងថានឹងកាត់បន្ថយផលប៉ះពាល់បរិស្ថានក៏ដូចធ្វើឱ្យមានអនាម័យល្អនៅក្នុងទីក្រុង។
លោកស្នើឱ្យមានការពង្រីកបង្គន់អនាម័យសាធារណៈនេះទៅតាមតំបន់ឆ្នេរផ្សេងៗទៀតដើម្បីឱ្យឆ្នេរសមុទ្រកម្ពុជាមានសោភណភាពស្អាត។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងត្រូវមានបង្គន់អនាម័យសាធារណៈហ្នឹងដាក់ឱ្យបានច្រើនដើម្បីឱ្យភ្ញៀវបន្ទោបង់ក្នុងបង្គន់ជាដើម។ល។និង។ល។យើងត្រូវបែងចែកតំបន់ឆ្នេរ សួនច្បារណា ឆ្នេរចំណុចណាដាក់ប៉ុន្មាន.»។
លោក គាំ ចាន់សាលី ជាពលរដ្ឋនៅខេត្តព្រះសីហនុម្នាក់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកធ្លាប់ទៅកម្សាន្តនៅឆ្នេរឯករាជ្យកាលពី ១ ខែមុន ប៉ុន្តែពេលនោះពេលឈឺបត់ជើងគឺត្រូវបង់លុយឱ្យម្ចាស់បង្គន់ឯកជនដើម្បីប្រើប្រាស់ហើយបង្គន់នៅទីនោះមិនស្អាត និងធុំក្លិនមិនល្អ។
លោកថា៖ «ក្លិនបង្គន់វាមិនសូវជាល្អដែរខេត្តទេសចរណ៍តំបន់ទេសចរណ៍មួយដែរឆ្នេរអីបង្គន់អនាម័យអីវាអត់ស្អាត ហើយអ៊ីចឹងអត់សូវមានអារម្មណ៍ល្អដែរ តែមិនដឹងធ្វើម៉េច»។
យ៉ាងណាក្ដី លោកថា បើមានបង្គន់អនាម័យសាធារណៈទើបសាងសង់នេះនឹងធ្វើឱ្យលោកមានអារម្មណ៍ល្អឡើងវិញ ព្រោះបើពិសាអាហារនៅតំបន់នោះរួចត្រូវការប្រើប្រាស់បង្គន់អនាម័យគឺមានស្រាប់ហើយក៏ជួយកាត់បន្ថយក្លិនស្អុយនៅតំបន់ឆ្នេរផងដែរ។ លោកថាពេលមានបង្គន់អនាម័យល្អលោកនឹងទៅកម្សាន្តទីនោះញឹកញាប់ ហើយសំណូមពរឱ្យរដ្ឋបាលខេត្តព្រះសីហនុរៀបចំបង្គន់អនាម័យឱ្យបានគ្រប់ឆ្នេរទាំងអស់។
លោក សាលី ប្រាប់ថា៖ «គ្រប់ឆ្នេរទាំងអស់ត្រូវតែមាន (បង្គន់អនាម័យ) ។សំណូមពរឱ្យខេត្តគ្រប់ឆ្នេរទាំងអស់ជួយរៀបចំបង្គន់អនាម័យឱ្យវាមានលក្ខណៈស្អាតបាត មានអ្នកចាំថែទាំ។ ប្រសិនបើមានអ៊ីចឹងមែន ពលរដ្ឋយើងនាំគ្នាជួយថែទាំទាំងអស់គ្នាទៅ»។
កាលពីចុងខែមីនា សាលាខេត្តព្រះសីហនុបានអំពាវនាវពលរដ្ឋឲ្យទៅលេងទឹកសមុទ្រនៅថ្ងៃចូលឆ្នាំខ្មែរ ដោយបានអះអាងថា ទឹកសមុទ្របច្ចុប្បន្នបានស្អាតដូចដើម ខណៈទឹកកខ្វក់ដែលហូរចូលទឹកសមុទ្រតាមឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរសុខា និងអូរស្អាត ត្រូវបានដោះស្រាយកាលពីដើមសប្ដាហ៍មុន។
ទោះយ៉ាងណា ក៏មានការរិះគន់ចំពោះការប្រមូលសំរាមក្នុងក្រុងព្រះសីហនុមានការយឺតយ៉ាវផងដែរ ប៉ុន្តែមន្ត្រីខេត្តបានបញ្ជាក់ថា បញ្ហានេះដោយសារខ្វះកម្មករ តែឥឡូវបានដោះស្រាយរួចហើយដោយក្រុមប្រមូលសំរាមយកកម្មករ ពីកន្លែងផ្សេងមកជួយ៕