
អាជ្ញាធរខេត្តមណ្ឌុលគិរី ចុះដកបង្គោលបោះចូលដីគម្រោងរបស់រដ្ឋ។ រូបថត ប៉ូលិស
មណ្ឌលគិរីៈ អាជ្ញាធរបានចុះទៅដកបង្គោល ដែលត្រូវគេបោះហ៊ុមព័ទ្ធលើដីរដ្ឋបម្រុងទុក សម្រាប់គម្រោងសាងសង់ព្រលានយន្តហោះស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង និងដីដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី ប្រមាណ ៤០០ បង្គោល ប៉ុន្តែពលរដ្ឋថា ដីមួយចំនួននៅគម្រោងវាលយន្តហោះដែលដកបង្គោលចេញនោះ គឺជាដីរបស់ពលរដ្ឋដែលមានលិខិតបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរ និងខ្លះទៀតជាដីកាន់កាប់តាំងពីដូនតា។
លោក ញ៉ាង ម្យក់ មេភូមិពូហ្សាម ប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថា ក្នុងចំណោមបង្គោលប្រហែល ២០០ ដែលត្រូវបានដកចេញពីដីសម្រាប់ទុកសាងសង់ព្រលានយន្តហោះនោះ គឺភាគច្រើនជាបង្គោលឈើ ដែលប្រជាពលរដ្ឋបានបោះកំណត់ទីតាំងដីធ្វើជាកម្មសិទ្ធិចាប់តាំងពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ហើយមួយចំនួនតូចទៀត គឺជាបង្គោលស៊ីម៉ងត៍ដែលទើបតែបោះនាពេលថ្មីៗនេះ។
លោកបន្តថា បង្គោលទាំងនេះបានបោះរំលោភលើដីសម្រាប់សាងសង់ព្រលានយន្តហោះប្រហែលពី ១០០ ទៅ ២០០ ហិកតា ហើយភាគច្រើនជាដីទើបតែទន្ទ្រានយក ដោយសារមានការលក់ដូរ។ បង្គោលខ្លះទៀតជាបង្គោលឈើដែលត្រូវបានដកចេញ ក៏បោះចំលើដីរបស់ប្រជាពលរដ្ឋដែលមានលិខិតបញ្ជាក់ការកាន់កាប់ត្រឹមត្រូវពីអាជ្ញាធរដែរ។
លោកបញ្ជាក់ថា៖ «ដីទាំងហ្នឹង ធ្លាប់មានការដោះដូរគ្នារវាងអ្នកក្រៅ និងនៅក្នុងតំបន់ប៉ុន្តែ (ការដោះដូរ)ខ្លះ ត្រូវបានអាជ្ញាធរដឹងឮ និងខ្លះទៀតអត់បានដឹងឮទេ។ យើងបានហាមឃាត់ការលក់ដូរនោះ ប៉ុន្តែដីដែលមានប្លង់បញ្ជាក់ យើងអាចចេញ (បញ្ជាក់) ឱ្យពួកគាត់ ប៉ុន្តែដីដែលពួកគាត់យកថ្មីៗ យើងអត់ហ៊ានចេញឱ្យពួកគាត់ទេ។ នៅក្នុងដីគម្រោងយន្តហោះហ្នឹង ដីដែលមានប្លង់បញ្ជាក់ពីអាជ្ញាធរភូមិឃុំ គឺមានតិចតួចណាស់ ប៉ុន្តែធ្វើយ៉ាងម៉េច ការអភិវឌ្ឍតែងប៉ះពាល់ខ្លះហើយ»។
កាលពីថ្ងៃទី ២៦ ខែ កក្កដា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងចម្រុះខេត្ត មានទាំងមន្ត្រីមន្ទីរបរិស្ថាន ប៉ូលិស និងកងរាជអាវុធហត្ថ ចុះទៅដកបង្គោលរបង ដែលលោកអះអាងថា ត្រូវបានជនខិលខូចបោះអនាធិបតេយ្យរំលោភយកដីគម្រោងសាងសង់ព្រលានយន្តហោះ និងដើម្បីការពារដីនេះទុកជារបស់រដ្ឋវិញ។
តាមហ្វេសប៊ុករដ្ឋបាលខេត្ត លោក ស្វាយ សំអ៊ាង លើកឡើងថា «គម្រោងសាងសង់ព្រលានយន្តហោះនេះ គឺអាកាសចរស៊ីវិលសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំទីតាំងដីទុកសម្រាប់កសាងព្រលានយន្តហោះ ដែលមានផ្ទៃដីទំហំប្រមាណ ៩០០ ហិកតា ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង»។
ពីម្សិលមិញ លោក សុក សេរ៉ា មន្ត្រីនាំពាក្យខេត្តមណ្ឌលគិរី និងលោក ភាគ សុផាន នាយករដ្ឋបាលខេត្តមិនអាចបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ ដោយលោកទាំង ២ អះអាងថា មិនបានចូលរួមដកបង្គោលទាំងនោះទេ ព្រោះរវល់បំពេញបេសកកម្មនៅភ្នំពេញ។
លោក កែវ សុភក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លើកឡើងដែរថា ក្នុងការចុះដកបង្គោលដឹកនាំដោយលោក ស្វាយ សំអ៊ាង នោះ ធ្វើឡើងពីថ្ងៃទី ២៦-២៧ និងដកបង្គោលបានប្រហែល ៤០០ ដើម បើសរុបទាំងការបោះហ៊ុមព័ទ្ធយកដីសម្រាប់គម្រោងព្រលានយន្តហោះ និងហ៊ុមព័ទ្ធដីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
លោកបញ្ជាក់ថា៖ «យើងនឹងបន្តស៊ើបអង្កេតទៀត (រកអ្នកដែលបោះបង្គោលចូលដីដែនជម្រកសត្វព្រៃ) ហើយសុំឱ្យអ្នកពាក់ព័ន្ធហ្នឹង បើឃើញថា មានច្បាប់អីត្រឹមត្រូវសុំបង្ហាញពី (ភាព) ស្របច្បាប់របស់ពួកគាត់»។
កាលពីដើមខែឧសភា ពលរដ្ឋនៅភូមិពូហ្សាម បានចោទអាជ្ញាធរ ថាបានកាយដីដើម្បីកំណត់ព្រំប្រទល់សាងសង់ព្រលានយន្តហោះ ខុសពីទីតាំងជាក់ស្ដែង ដោយសារបានរំលោភលើដីប្រជាពលរដ្ឋជាង ៣០ គ្រួសារ ឬមានផ្ទៃដីជិត ១០០ ហិកតា។
ពលរដ្ឋរស់នៅភូមិពូហ្សាមម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញដែរថា បង្គោលស៊ីម៉ងត៍ គឺដីរបស់ឈ្មួញ រីឯបង្គោលឈើដែលខ្លះស្ទើរចាស់ពុកផុយ គឺជារបស់ពលរដ្ឋ ដែលពួកគាត់បានបោះដោយសារដីទាំងនោះ បានគ្រប់គ្រងសម្រាប់ធ្វើចម្ការវិលជុំតាំងពីដូនតាមក។
ពលរដ្ឋនោះបន្តថា ដីចម្ការដែលត្រូវរងផលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះគឺពលរដ្ឋទាមទារសំណងសមរម្យ ប៉ុន្តែដីទីកន្លែងកប់សពតាមប្រពៃណីពួកគាត់មិនព្រមលក់ឡើយ និងស្នើអាជ្ញាធរឆ្វៀលដីនោះចេញពីគម្រោងវិញ។
ពលរដ្ឋនោះបន្តថា៖ «តំបន់កប់សពដែលស្ថិតក្នុងប្លង់ហ្នឹង (សាងសង់ព្រលានយន្តហោះ) គឺមាន ៤ ទីតាំង អ៊ីចឹង ពួកគាត់បានស្នើសុំឱ្យឆ្វៀលចេញ ឬត្រូវតែគេចពីកន្លែងហ្នឹងតែម្ដង ព្រោះតាមជំនឿ និងប្រពៃណីជនជាតិដើមភាគតិចព្នង ពួកគាត់មិនអាចទៅដកយកផ្នូរពីកន្លែងទាំងនោះមកវិញទេ»។
លោក អ៊ាង ម៉េងលី មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ខេត្តមណ្ឌលគិរីលើកឡើងថា តាមច្បាប់ភូមិបាលបើពលរដ្ឋពិតជាគ្រប់គ្រងដីនោះតាំងពីដូនតាមកមែនពួកគាត់មានសិទ្ធិកាន់កាប់ដី ហើយបើត្រូវដកដីនោះមកអភិវឌ្ឍត្រូវតែផ្ដល់សំណងជូនពួកគាត់ឱ្យស្របតាមច្បាប់អសាមិករ៕