
សិស្សកំពុងសាកល្បងបញ្ជា Robot នៅសាលាព្រះស៊ីសុវត្ថិ។ ផា លីណា
ភ្នំពេញ: សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលារៀនជំនាន់ថ្មីចំនួន ៣ ផ្សេងទៀតត្រូវបានដាក់បញ្ចូលនូវមុខវិជ្ជាបច្ចេកទេសបែបសរសេរកូដបង្កើត Robot ឲ្យសិស្សសិក្សាដើម្បីបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាតាមយុគសម័យថ្មី។ យោងតាមលោក សម្យ កំសាន្ត នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបន្ទុកសាលាជំនាន់ថ្មីបានថ្លែងឲ្យដឹងកាលពីម្សិលមិញ។
លោក កំសាន្ត ថ្លែងថាមុខវិជ្ជាសរសេរកូដបង្កើត Robot នេះត្រូវបានផ្ដួចផ្ដើមដោយអង្គការអន្តរជាតិ InSTEDD iLad Southeast Asia មកពីសហរដ្ឋអាមេរិកដែលបានសហការជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា Kampuchea Action for Primary Education (KAPE) និងក្រសួងអប់រំ យុវជន និងកីឡា ដោយបានកំណត់យកសាលារៀនជំនាន់ថ្មីចំនួន ៤ រួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប វិទ្យាល័យព្រែកអញ្ចាញ និងវិទ្យាល័យហ៊ុនសែនកំពង់ចាម ដើម្បីដាក់ដំណើរការសាកល្បងនៅពេលបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ នេះ។
លោក សម្យ កំសាន្ត នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបន្ទុកសាលាជំនាន់ថ្មីបានថ្លែងថា មុខវិជ្ជាមួយនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សសាលារៀនជំនាន់ថ្មី ព្រោះសាលារៀនជំនាន់ថ្មីគឺផ្ដោតទៅលើតែបច្ចេកវិទ្យា ហើយមុខវិជ្ជានេះបង្រៀនសិស្សឲ្យចេះសរសេរកូដបង្កើតជា Robot ឬសរសេរប្រូក្រាម (Program) ដើម្បីឲ្យម៉ាស៊ីនមានកាយវិការ និងធ្វើតាមការបញ្ជារបស់មនុស្ស។
លោកបន្តថាកន្លងមកសិស្សបានសិក្សាជាលក្ខណៈទ្រឹស្ដីតាមរយៈការប្រើប្រាស់កុំព្យូទ័រ និងអនុវត្តមិនសូវបានស៊ីជម្រៅទេ ប៉ុន្ដែពេលនេះសាលារៀនជំនាន់ថ្មីបានបន្ថែមមុខវិជ្ជាសរសេរកូដ (Program) ដើម្បីបង្កើត Robot ឬហៅថា ការបញ្ជាម៉ាស៊ីនឲ្យធ្វើការដែលដាក់ឲ្យសិស្សអនុវត្តនៅពេលបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ នេះ។
លោក សម្យ កំសាន្ដ បានបញ្ជាក់ថា៖ «មុខវិជ្ជានេះពិតជាសំខាន់ព្រោះវាឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស និងយុវជន ព្រោះវិទ្យាសាស្ត្រមិនអាចស្ថិតនៅតែមួយកន្លែងបានទេ។ ម្យ៉ាងទៀតវាអាចឆ្លើយតបតាមតម្រូវការទីផ្សារការងារផងដែរ»។
លោកស្រី ស៊ុយ ចាន់ណេ ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីនៃអង្គការអន្តរជាតិ InSTEDD iLad Southeast Asia បានថ្លែងថា មុខវិជ្ជានេះគឺជាគម្រោងថ្មីមួយរបស់អង្គការដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយមើលឃើញពីលទ្ធភាពរបស់សិស្សសាលារៀនជំនាន់ថ្មីនេះអាចរៀនមុខវិជ្ជានេះ ទើបអង្គការសម្រេចចិត្តដាក់សាកល្បង ដើម្បីជំរុញឲ្យសិស្ស និងយុវជនកម្ពុជាមានសមត្ថភាពប្រកួតប្រជែងទីផ្សារការងារនៅលើឆាកអន្តរជាតិដែរ។
លោកស្រីបន្ដថាការដាក់ដំណើរការសាកល្បងចំនួន ៤ សាលារៀនជំនាន់ថ្មីនេះ គឺជាគម្រោងដំបូងគេ ហើយបើសិនជាគម្រោងនេះជោគជ័យ អង្គការនឹងបន្ថែម និងពង្រីកទៅសាលាផ្សេងៗទៀត ជាពិសេសជំរុញបណ្ដុះបណ្ដាលគ្រូបង្រៀនឲ្យមានសមត្ថភាពទាក់ទងនឹងមុខវិជ្ជាថ្មីនេះ។
លោកស្រីបញ្ជាក់ថា៖ «តាមពិតខាងក្រសួងអប់រំគាត់ឲ្យយើងដាក់សាកល្បងនៅសិស្សថ្នាក់ទី ៧ ឬទី ៨ ប៉ុន្ដែខ្ញុំថា យើងទើបតែសាកល្បងអ៊ីចឹង គួរតែដាក់នៅថ្នាក់ទី ៩ ឬ ១០ សិន ព្រោះពួកគាត់ធំៗល្មមនឹងរៀនមុខវិជ្ជានេះ។ បើជោគជ័យ យើងនឹងគិតគូរបន្ថែមគម្រោងទៀត»។
សាលារៀនជំនាន់ថ្មី (NGS) ជាកម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាមាគ៌ាអភិវឌ្ឍន៍ថ្មីមួយនៅក្នុងប្រព័ន្ធអប់រំនាពេលបច្ចុប្បន្នដែលជួយបង្កើតសាលារៀនសាធារណៈស្វយ័ត និងរក្សាបានស្តង់ដារនៃការអប់រំបានខ្ពង់ខ្ពស់បំផុតតាមរយៈការវិនិយោគថវិកាច្រើន។
NGS ផ្តោតទៅលើការពង្រឹងតម្លាភាព និងទទួលខុសត្រូវដោយការផ្លាស់ប្តូរវិធីគ្រប់គ្រងសាលារៀន៕