ភ្នំពេញៈ ព្រះមហាក្សត្រ​បាន​ចេញ​រាជក្រឹត្យ បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​របស់​មន្ត្រី​ក្របខ័ណ្ឌ​នគរបាលជាតិ​ចំនួន ៣៦ ​រូប​ ដែលមាន​ឋានន្តរស័ក្ដិ​ជា​នាយ​នគរបាល​ជាន់ខ្ពស់ និង​នាយនគរបាល​ថ្នាក់​ឧត្តមសេនីយ៍​ដែល​មន្ត្រី​បាន​លើកឡើង​ថា​នគរបាល​ជាតិ​ទាំងនោះ គឺ​ស្ម័គ្រចិត្ត​ជ្រើស​យក​មុខងារ​សាធារណៈ​ដោយ​បោះបង់​ងារ​ជា​ឧកញ៉ា​ដោយ​ខ្លួនឯង ដើម្បី​អនុវត្ត​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ការសម្រេច​បញ្ចប់​គោរមងារ​ឧកញ៉ា​របស់​មន្ត្រី​នគរបាល​ជាតិ​ទាំងនេះ​គឺ​ធ្វើ​ឡើង​ក្នុង​រាជក្រឹត្យ​ចុះ​ថ្ងៃទី​ ២៣ វិច្ឆិកា​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា មន្ត្រី​ទាំងនេះ​គឺ​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង​ដើម្បី​ស្នើសុំ​បញ្ចប់​មុខងារ​ជា​ឧកញ៉ា ប៉ុន្តែ​លោក​មិន​បញ្ជាក់ថា តើ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​នៅ​សល់​មន្ត្រី​ប៉ុន្មាន​នាក់​ទៀត ដែល​នៅ​មិន​ទាន់​ធ្វើការ​សម្រេចចិត្ត​ដើម្បី​បោះបង់​មុខងារ​ជា​ឧកញ៉ា​របស់​ខ្លួន​ឡើយ​។

លោក​បញ្ជាក់ថា លោក​ ហ៊ុន សែន មិន​បាន​ដាក់​ឱសានវាទ​ជាក់លាក់ ដើម្បី​ឱ្យ​មន្ត្រី​ទាំងនោះ​ត្រូវ​សម្រេចចិត្ត​ជ្រើស​យក​មួយ​រវាង​មុខងារ​សាធារណៈ​ និង​មុខងារ​ជា​ឧកញ៉ា​ទេ​។ លោក​ថា​៖ «​ខ្ញុំ​ត្រឹម​ជា​អ្នកនាំពាក្យ អ្នកគ្រប់គ្រង​បញ្ជី​ឧកញ៉ា​មិនមែន​ខ្ញុំ​គ្រប់គ្រង​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​អ្នកណា​មួយ​ជា​ឧកញ៉ា​ព្រោះ​គេ​មិន​ដែល​ប្រាប់​ខ្ញុំ​ផង​»​។

លោក​បន្តថា ​ការសម្រេច​បោះបង់​ងារ​ឧកញ៉ា​របស់​នគរបាល​ជាតិ​ទាំងនេះ​គឺជា​រឿង​ល្អ​មួយ ពីព្រោះ​ជា​ការឆ្លើយតប​ទៅតាម​គោលការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ផង និង​ដើម្បី​ឆ្លើយតប​ទៅ​សមភាព​មុខងារ​សាធារណៈ​របស់​ពួកគេ​ផង​។

ចំណែក​លោក ម៉ែន ប៊ុនរិទ្ធ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​មិន​បញ្ជាក់​អំពី​ការបញ្ចប់​មុខងារ​ឧកញ៉ា​របស់​មន្ត្រីនគរបាល​ជាតិ​ទាំង​នេះឡើយ ដោយសារ​លោក​អះអាង​ថា គឺជា​ការងារ​ទទួលខុស​ត្រូវ​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​។

លោក ហ៊ុន សែន បាន​ចេញ​គោលការណ៍​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ដែល​មាន​មុខងារ​ជា​ឧកញ៉ា​ត្រូវ​ពិចារណា​ជ្រើសរើស​យក​មួយ​ក្នុង​ចំណោម​មុខងារ​ទាំង​ ២ ​នេះ​ដោយ​លោក​លើកឡើង​ថា មាន​មន្ត្រី​ទាំងនោះ​មួយចំនួន​បាន​យក​តួនាទី​ទៅ​ប្រកប​មុខរបរ​ខុសច្បាប់​។

កាលពី​ខែ​កញ្ញា​ក៏​មាន​នាយទាហាន​ចាប់ពី​នាយឧត្តមសេនីយ៍​រហូត​ដល់​វរសេនីយ៍ទោ​ចំនួន ៧៥ ​នាក់​ ក៏​បាន​សម្រេចចិត្ត​បោះបង់​មុខងារ​ជា​ឧកញ៉ា​ដែរ​បន្ទាប់ពី​មាន​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើក​ឡើង​ថា​គោលការណ៍​លុបបំបាត់​ឧកញ៉ា​នៅក្នុង​ជួរ​កងកម្លាំង​ប្រដាប់អាវុធ​នេះ​គឺ​បាន​កាត់បន្ថយ​ការប៉ះពាល់​តិច​ប៉ុណ្ណោះ​ក្នុង​ការ​កុំឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់​ក្នុង​មុខ​ជំនួញ​រកស៊ី ដោយ​លោក​បញ្ជាក់​ថា ការអនុវត្ត​ទៅ​តាម​វិធានការ​ច្បាប់​គឺជា​រឿង​សំខាន់​ជាង​។

លោក​ថា​៖ «​វា​គ្មាន​អ្វី​លំបាក​ទេ គឺ​គ្រាន់តែ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ទៅ វា​អាច​កាត់បន្ថយ​នូវ​ការរំលោភ​អំណាច​បាន​ហើយ ហើយ​ការរំលោភ​អំណាច​នេះ គឺជា​ទម្រង់​មួយ​នៃ​អំពើ​ពុករលួយ​ផងដែរ​»៕