កំពង់ស្ពឺៈ អធិការរង​ស្រុក​ភ្នំស្រួច អ៊ឹង ឡាយឆាយ ត្រូវបាន​បញ្ចប់​តំណែង និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ ដោយសារ​រំលោភ​លំនៅឋាន និង​បង្ខាំង​ដោយ​ខុសច្បាប់ ខណៈ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​មន្ត្រី​ ២ ​រូប​ទៀត​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​។ នេះ​បើ​តាម​ការឱ្យ​ដឹង​ពី​លោក​ ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

លោក​ ឆាយ គឹមខឿន បញ្ជាក់ថា មូលហេតុ​ដែល​នាំឱ្យ​មាន​ការដក​បញ្ឈរជើង​នេះ ដោយសារ​មាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស រំលោភ​លំនៅឋាន​មាន​ស្ថាន​ទម្ងន់ទោស ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស និង​បទគំរាមកំហែង​។ ទោះជា​យ៉ាងណា​លោក​មិន​បាន​បញ្ជាក់​ឱ្យបាន​លម្អិត​ជុំវិញ​ករណី​នេះ​ទេ​។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក​ វ៉ី សំណាង បាន​ឱ្យ​ដឹងថា លោក​ក៏បាន​ដឹង​ពី​រឿងនេះ​ដែរ​ហើយ​ថា ការអនុវត្ត​របស់​អធិការរង​ស្រុក​ភ្នំស្រួច​ខុស​នឹង​លក្ខខណ្ឌ​របស់​មន្ត្រីនគរបាល និង​ណែនាំ​មិន​ស្តាប់​មាន​កំហុស​ធ្ងន់ធ្ងរ​ទើបត្រូវ​ទទួល​វិន័យ​ធ្ងន់ធ្ងរ​បែបនេះ​។

លោក​បញ្ជាក់ថា​៖ «​អាហ្នឹង​អត់​មាន​អី​ចម្លែក​ទេ បើ​គាត់​ធ្វើ​ខុស​លក្ខខណ្ឌ​គឺ​គាត់​ត្រូវ​ទទួល​ខុសត្រូវ​ហើយ ព្រោះ​នៅ​តាម​ស្ថាប័ន​នីមួយៗ​តែង​មាន​យន្តការ​សម្រាប់​តាមដាន​ត្រួតពិនិត្យ​វាយតម្លៃ ណែនាំ​ជា​លើក​ទី​១ ទី​២ ទី​៣ អ៊ីចឹង​ទៅ បើ​នៅ​មិន​កែ​គេ​នឹង​អនុវត្ត​វិន័យ​»​។

យ៉ាងណា​ក៏ដោយ លោក វ៉ី សំណាង បន្ថែម​ថា​លោក​មិនមែន​ជា​អ្នក​គ្រប់គ្រង​លើ​បញ្ហា​ហ្នឹង​ទេ លោក​គ្រប់គ្រង​តែ​ផ្នែក​រដ្ឋបាល​ទេ​។ ចំណែក​ការបញ្ចប់​ ឬ​មិន​បញ្ចប់​តំណែង បណ្តេញ​ចេញ​ពី​ក្របខ័ណ្ឌ​យ៉ាងណា​នោះ គឺជា​រឿង​របស់​ស្ថាប័ន​ស្នងការដ្ឋាន​នគរបាល ហេតុនេះ​ចង់ដឹង​ច្បាស់​អាច​សួរ​ទៅកាន់​លោកស្នងការ​ខេត្ត​កំពង់ស្ពឺ​។

ពាក់ព័ន្ធ​ក្នុង​រឿងនេះ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​លោក សម សាមួន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិន​បានទទួល​លិខិត​អំពី​ការព្រមាន​លាយលក្ខណ៍​អក្សរ និង​ការបណ្តេញ​ចេញ​ពី​ក្របខ័ណ្ឌ​នគរបាលជាតិ​នោះ​ទេ​។

យោង​លិខិត​របស់​លោក​ អង មង្គល រដ្ឋលេខាធិកា​ក្រសួងមហាផ្ទៃ​ដែល​បាន​ជម្រាបជូន​នាយ​ឧត្តមសេនីយ៍​ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹងថា កន្លងមក​ក្រសួង​មហាផ្ទៃ​បាន​ទទួល​ពាក្យបណ្តឹង​ប្តឹង​ចោទប្រកាន់​លោក​អនុសេនីយ៍ឯក​ អ៊ឹង ឡាយឆាយ អធិការរង​ស្រុក​ភ្នំស្រួច ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​។

បន្ទាប់ពី​បាន​ចាត់​មន្ត្រី​នគរបាល​ជំនាញ​ចុះ​អង្កេត​ស្រាវជ្រាវ​រួចមក ក្រសួង​មហាផ្ទៃ​សម្រេច​ប្រគល់​ភារកិច្ច​ជូន​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដោយ​អនុវត្ត​វិន័យ លោក​ អ៊ឹង ឡាយឆាយ អធិការរង​ស្រុក​ភ្នំស្រួច​បញ្ចប់​មុខតំណែង និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​។

រីឯ​លោក​វរសេនីយ៍ទោ​ ទឹម ឡេង នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ឯក គឹម សារឿន អនុប្រធាន​ផែន​ប្រឆាំង​បទល្មើស និង​លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​ខេត្ត​កំពង់ស្ពឺ​ត្រូវ​អប់រំ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​។

សូមបញ្ជាក់ថា ការអនុវត្ត​វិន័យ​នេះ​គឺ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​ ២ របស់​ប្រជាពលរដ្ឋ​ដោយ​បាន​ប្តឹង​ចោទប្រកាន់​លោក អ៊ឹង ឡាយឆាយ អធិការរង ស្រុក​ភ្នំស្រួច ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​។

អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​លោក អនុសេនីយ៍ឯក អ៊ឹង ឡាយឆាយ ធ្លាប់​ត្រូវបាន​លោក ស ខេង សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ពាក់ព័ន្ធ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចោទប្រកាន់​ក្នុង​ករណី​បង្ក្រាប​ក្លិប​កម្សាន្ត គិរីរម្យ ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កំពង់ស្ពឺ​។ នេះ​បើ​យោង​តាម​ប្រកាស​លេខ​ ៦៤១០ ​ប្រក​ចុះ​ថ្ងៃទី​ ១៩ ខែ​ កក្កដា ឆ្នាំ​ ២០១៩ របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​៕

វីដេអូ៖