ភ្នំពេញៈ សំណុំរឿង​ «​រួមគំនិត​ក្បត់​» ​និង​ «​ញុះញង់​» ​ដែល​មាន​ជនជាប់ចោទ​ជា​សកម្មជន និង​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ចំនួន​ ១៣៩ ​នាក់​ ត្រូវបាន​បញ្ចូល​ជា​ ២ ​សំណុំរឿង ហើយ​លើក​ពេល​ទៅ​បន្ត​សវនាការ​នៅ​ខែ​មករា និង​ខែ​មីនា ឆ្នាំ​ ២០២១​។ អ្នក​រាយការណ៍​ពិសេស​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អ្នកស្រី រ៉ូណា ស្ម៊ីត សម្ដែង​ក្តីកង្វល់​អំពី​ការជំនុំជម្រះ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​។

សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​បាន​លើកយក​សំណុំរឿង​ចំនួន​ ៤ ​ដែលមាន​ជន​ជាប់ចោទ​រហូតដល់​ទៅ​ ១៣៩ ​នាក់ មក​បើក​សវនាការ​ជា​លើក​ដំបូង​។ ក៏ប៉ុន្តែ​មានតែ​ជន​ជាប់ចោទ​ចំនួន​ ៣៤ ​រូប​ប៉ុណ្ណោះ​មាន​វត្តមាន​នៅក្នុង​បន្ទប់​សវនាការ ខណៈ​អ្នក​ផ្សេងទៀត​អវត្តមាន​។ នេះ​បើតាម​លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​មេធាវី សំ សុគង់ ដែល​ការពារ​ក្ដី​ជនជាប់ចោទ​ជាច្រើន​ប្រាប់​ចៅក្រម​ក្នុង​សវនាការ​ថា លោក​មិន​ជំទាស់​ការយក​សំណុំរឿង​ទាំង​ ៤ មក​បញ្ចូល​គ្នា​ជា​ ២ ​ទេ​។ តែ​លោក​ត្រូវការ​ពេលវេលា​ដើម្បី​សិក្សា​សំណុំ​រឿងនេះ ដោយសារ​តែ​សំណុំរឿង​ទាំងនេះ​មាន​ជនជាប់ចោទ​ច្រើន​នាក់​។

លោក​ ឡោ ជុនធី មេធាវី​ ១ ​រូប​ដែល​ការពារ​ជនជាប់ចោទ​ខ្លះ​លើកឡើង​ថា លោក​ស្នើសុំ​តុលាការ​រៀបចំ​ឱ្យ​មេធាវី និង​ជន​ជាប់ចោទ​បាន​ពិភាក្សា​គ្នា​ជាមុន​ដើម្បី​យល់​ពី​ផ្លូវច្បាប់​។ លោក​ក៏​ស្នើ​ឱ្យមាន​ជំនួប​ពិភាក្សាគ្នា​រវាង​មេធាវី និង​ចៅក្រម​ផងដែរ ដើម្បីឱ្យ​យល់​គ្នា និង​ធ្វើឱ្យ​ដំណើរការ​ជំនុំជម្រះ​បាន​រលូន​។

លោក​ចៅក្រម រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ក្នុង​សវនាការ​ថា លោក​សម្រេច​បែងចែក​ពេល​ជំនុំជម្រះ​ ២ ​ដំណាក់កាល​គឺ​ការជំនុំជម្រះ​លើក​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៤ ខែមករា និង​លើក​ទី​២ ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៤ មីនា ឆ្នាំ​ ២០២១​។ លោក​ថា ការពន្យារ​នេះ​ដោយសារ​តែ​ជនជាប់ចោទ​ខ្លះ​នៅ​មិនទាន់មាន​មេធាវី​ការពារ​សិទ្ធិ​នៅឡើយ​។

លោក​ប្រាប់​ជនជាប់ចោទ​ថា ពួកគេ​អាច​រក​មេធាវី​ដោយ​ខ្លួនឯង​បាន​ក្នុង​រយៈពេល ២ ​សប្ដាហ៍ ប៉ុន្តែ​បើ​គ្មាន​លទ្ធភាព​រក​មេធាវី​ដោយ​ខ្លួនឯង តុលាការ​ស្នើសុំ​ទៅ​គណៈមេធាវី​ឱ្យ​ផ្ដល់ជំនួយ​ជា​មេធាវី ហើយ​គណៈមេធាវី​បាន​ចាត់តាំង​មេធាវី​ ៦ ​រូប​មក​ការពារ​ក្តី​រួចហើយ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ថ្វីដ្បិត​ពួកគាត់​ជា​មេធាវី​ចាត់តាំង​ដោយ​គណៈមេធាវី​ពិតមែន តែ​ពួកគាត់​បាន​អនុវត្តតាម​វិជ្ជាជីវៈ​មេធាវី និង​ក្រមសីលធម៌​របស់​មេធាវី​។ ពួកគាត់​ក៏​ស្រឡាញ់​កិត្តិយស​របស់គាត់​ដែរ​។ ហេតុដូច្នេះ​ពួកគាត់​ប្រើ​វិជ្ជាជីវៈ​របស់គាត់​បាន​ត្រឹមត្រូវ​»​។

សំណុំរឿង​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រកាស​ទៅ​ទទួល​លោក សម រង្ស៊ី ដែល​អះអាងថា​លោក​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ​ ២០១៩ ដើម្បី​មក​ចាប់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ រដ្ឋាភិបាល​បាន​ចាត់ទុក​ផែនការ​របស់លោក​ សម រង្ស៊ី ថា ជា​ផែនការ​រដ្ឋ​ប្រហារ ប៉ុន្តែ​បានទទួល​បរាជ័យ​។

កញ្ញា​ សេង ធារី ដែលជា​មេធាវី​មកពី​សហរដ្ឋអាមេរិក និង​ធ្លាប់ជា​ប្រធាន​អង្គការ​ក្នុងស្រុក​មួយ​ចំនួន​ក៏​ជា​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​ជនជាប់ចោទ​ក្នុង​បញ្ជីឈ្មោះ​ ៤៦ ​នាក់​។ កញ្ញា​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ចេញពី​បន្ទប់​សវនាការ ថា កញ្ញា មិន​ចង់បាន​មេធាវី​មក​ការពារ​សិទ្ធិ​ទេ ដោយសារ​កញ្ញា​ចង់​បញ្ចេញយោបល់​ផ្ទាល់ខ្លួន​។

កញ្ញា​បន្តថា ជា​នីតិវិធី​ស្រប​តាម​ច្បាប់​កម្ពុជា កញ្ញា​គួរតែ​ទទួលបាន​ឯកសារ​ដែល​ចៅក្រម​ស៊ើបអង្កេត​បាន​ធ្វើការ​ស៊ើបអង្កេត អម​ជាមួយ​ដីកា​កោះហៅ​។ ឯកសារ​ទាំងនេះ​អាច​បញ្ជាក់ថា កញ្ញា​បាន​ប្រព្រឹត្ត​អ្វី​ខុស​។ ប៉ុន្តែ​ជាក់ស្ដែង ក្នុងករណី​នេះ​កញ្ញា​មិនបាន​ទទួល​ឯកសារ​លម្អិត​ទេ​។

កញ្ញា​និយាយថា​៖ «​បើ​ខ្ញុំ​គ្មាន​ឯកសារ​លម្អិត​ពី​ការស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ​ផង ដូច្នេះ​ខ្ញុំ​មិនអាច​នឹងចូលរួម​សវនាការ​បានទេ​។ ប៉ុន្តែ​រឿងនេះ​ខ្ញុំ​ចេះតែ​ចូលរួម​ទៅ​ព្រោះនេះ​ជា​ល្ខោន​នយោបាយ​ទេ​។ ការចោទប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​នៅក្នុង​ច្បាប់​ ឬ​មូលដ្ឋាន​នៃ​ភាពកើតឡើង​ជាក់ស្តែង​ទេ​»​។

កញ្ញា​ ធារី ​បន្តថា​៖ «​ឥឡូវនេះ ខ្ញុំ​មិនដឹងថា​ខ្លួនឯង​មាន​កំហុស​អ្វី​ទេ ព្រោះ​តុលាការ​មិនបាន​ផ្តល់​របាយការណ៍​ដែលថា​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​។ នេះ​ជា​ការរំលោភ​នីតិវិធី​ច្បាប់​ទាំងស្រុង​។ តែ​ខ្ញុំ​នឹង​លេង​តាម​ល្ខោន​នយោបាយ​ដែរ ខ្ញុំ​នឹង​បើក​វាំងនន​ច្បាប់​ឱ្យឃើញ​ច្បាស់​»​។

ជនជាប់ចោទ​ម្នាក់ទៀត គឺ​លោក​ ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ថ្លែង​នៅ​ខាងក្រៅ​បរិវេណ​តុលាការ​ថា លោក​មិនបាន​ដឹងថា​លោក​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​ទេ​។ ដីកាកោះ​ហៅ​លោក​ក៏​យកទៅ​បិទ​នៅ​អតីត​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ដែល​គ្មាន​មនុស្ស​នៅ​។ លោក​ថា សូម្បីតែ​ឈ្មោះ និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់លោក​ក៏​សរសេរ​ខុស​ដែរ​។

លោក​និយាយថា​៖ «​តែ​ដើម្បី​ជាតិ ទោះ​ឈ្មោះ​ខុស​ក៏​ខ្ញុំ​មក​ដែរ​។ ខ្ញុំ​មិនដែល​ត្រូវបាន​តុលាការ​ហៅ​មក​សាកសួរ​ម្តងណា​ទេ​។ សូម​តុលាការ​កុំ​ធ្វើការ​ខ្ជីខ្ជា​ខុស​នីតិវិធី​»​។

កាលពី​ថ្ងៃទី ២៥ វិច្ឆិកា មួយថ្ងៃ​មុន​បើកសវនាការ អ្នកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​សម្តែង​ក្តីកង្វល់​អំពី​ការជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​មួយ​នេះ ដែល​កើតមាន​ទៅលើ​បុគ្គល​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះជាតិ​ (CNRP)​។

អ្នកស្រី​ថ្លែងថា​៖ «​ការជំនុំជម្រះក្តី​ទ្រង់ទ្រាយ​ធំ​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទំនង​ជា​កើតចេញពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​នីតិវិធី​ត្រឹមត្រូវ ដែល​បាន​បង្កើតឡើង​យ៉ាងរឹងមាំ ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​»​។ អ្នកស្រី​យល់ថា​ដំណើរការ​ក្តី​របស់​តុលាការ​ទំនង​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ បំភិតបំភ័យ និង​បំបាក់មុខ​គូប្រជែង​របស់​រដ្ឋាភិបាល​។

បើតាម​អ្នកស្រី ស្ម៊ីត លម្ហ​ប្រជាពលរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់ចុះ ហើយ​មាន​ភ័ស្តុតាង​តិចតួច ដែល​បង្ហាញ​ពី​ការបង្រួបបង្រួម និង​ការផ្សះផ្សា​នយោបាយ​។ អ្នកស្រី​ថា​ចាប់ពី​ខែមិថុនា ឆ្នាំ​ ២០១៩ មក មនុស្ស​ជាង ១៥០ ​នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់ខ្លួន និង​ឃុំខ្លួន ដោយ​ភាគច្រើន​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល និង​ញុះញង់​។

ឆ្លើយតប​ការលើកឡើង​បែបនេះ​លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌ ថ្លែងថា ការលើកឡើង​បែបនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ច្រំ​ដែល​ដោយ​គ្មាន​មូលដ្ឋាន​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច​។ លោក​ថា សមត្ថកិច្ច​មាន​មូលដ្ឋាន​ផ្លូវច្បាប់​រឹងមាំ និង​ច្បាស់លាស់​ក្នុង​ដំណើរការ​នីតិវិធី​តាម​ផ្លូវ​តុលាការ​លើ​ជនជាប់ចោទ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​ក្នុង​ការដាក់បន្ទុក​តាមរយៈ​សក្ខីកម្ម និង​ភ័ស្តុតាង​នានា​ជាច្រើន​។

ចំពោះ​សំណុំរឿង​ដែលមាន​ជនជាប់ចោទ​ច្រើន​លោក​ថា វា​ជា​រឿង​ធម្មតា ព្រោះ​សំណុំរឿង​មួយចំនួន​អាចមាន​អ្នក​ជាប់​ពាក់ព័ន្ធ​ច្រើន​កាលណា​វា​ជា​សំណុំ​រឿង​ដែល​មាន​អង្គការ​ចាត់តាំង​រៀបចំ​ជា​ប្រព័ន្ធ​។ សំណុំរឿង​បែបនេះ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដូចៗ​គ្នា​។ លោក​លើក​ទឹកចិត្ត​ឱ្យ​ជនជាប់ចោទ​ចូលរួម​ក្នុង​នីតិវិធី​របស់​តុលាការ​។

លោក​ ម៉ាលីន ​ថ្លែងថា​៖ «​ដូច្នេះ​ពួកគេ​គួរតែ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ​ដើម្បី​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​ជា​ជាង​បដិសេធ និង​គេចខ្លួន ហើយ​ធ្វើការ​ជួបជុំ​តវ៉ា ចោទប្រកាន់​សមត្ថកិច្ច និង​តុលាការ​ដោយ​គ្មាន​មូលដ្ឋាន​ដែល​ទាំងនេះ​មិនមែន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការការពារ​ខ្លួន​ឱ្យ​រួច​ពី​បទចោទ​នោះទេ​»៕