ព្រៃវែងៈ កុមារា​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ប្អូនស្រី​របស់​ក្មេងរងគ្រោះ​ត្រូវ​ភ្លើង​ឆាបឆេះ​រលាក​ពេញ​ខ្លួន​របួសធ្ងន់ ដោយសារ​បញ្ឆេះ​ម៉ូតូ ហើយ​ចេញ​អណ្តាតភ្លើង​ប៉ះ​ដប​សាំង​ផ្ទុះ​ឆេះ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​នៅក្នុង​ភូមិ​ចំបក់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក​។

លោក សួន សំអឿន អធិការ​ស្រុក​កំពង់ត្របែក​បាន​ឲ្យ​ដឹងថា កុមារា​រងគ្រោះ​ឈ្មោះ​ ឈួ ម៉េងជឺ អាយុ​ ៥ ​ឆ្នាំ និង​ឈ្មោះ ឈួ សៀវអេង ភេទ​ស្រី អាយុ​ ២ ​ឆ្នាំ​​ ពួកគេ​ជា​កូន​ម្ចាស់​តូប​ជួសជុល​ម៉ូតូ​កើតហេតុ​ខាងលើ​។ លោក​ប្រាប់ថា​៖ «​កុមារា​ដែល​ស្លាប់​នោះ​ត្រូវ​ភ្លើង​ឆាបឆេះ​រលាក​ពេញខ្លួន និង​ភ្លើង​ឆាប​រលាក​ដល់​ប្អូនស្រី​គេ​ទៀត​។ គាត់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក​»​។

លោក​ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា ទីតាំង​កើតហេតុ​មាន​តូប​មួយ​ដែល​ធ្វើ​សម្រាប់​លក់​សាំង​ដប និង​ជួសជុល​ម៉ូតូ​។ មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​ ១២ និង​ ៤៥ ​នាទី​ គេ​ឃើញ​ម្ចាស់​តូប​ដែល​ជាជាង​ជួសជុល​ម៉ូតូ​បាន​បញ្ឆេះ​ម៉ូតូ ខណៈ​ដែល​ក្មេងរងគ្រោះ​នៅក្បែរ​នោះដែរ ហើយ​ក៏​មាន​សាំង​ច្រក​ដប​ដាក់​តម្រៀប​នៅលើ​តុ​សម្រាប់​លក់​ដែរ​។ នៅពេល​បញ្ឆេះ​ម៉ូតូ​នោះ គ្មាន​អ្នក​ណាមួយ​ចាប់អារម្មណ៍​ថា​អាច​កើតមាន​គ្រោះថ្នាក់​អី​ទេ ព្រោះ​ការងារ​បែបនេះ​តែង​ប្រព្រឹត្ត​ទៅ​រាល់ថ្ងៃ​ដូច​សព្វមួយដង​ដែរ​។

សាក្សី​និយាយ​ទៀត​ថា ម៉ូតូ​ ១ ​គ្រឿង ​ដែល​បញ្ឆេះ​នោះ​ត្រូវ​បាន​គេ​យកទៅ​ជួសជុល ហើយ​បញ្ឆេះ​វា​មិន​ឆេះ​ ខណៈ​នោះ​ពេល​កំពុង​បញ្ឆេះ ស្រាប់តែ​ម៉ូតូ​នោះ​ឆេះ ហើយ​ចេញ​ជា​អណ្តាតភ្លើង​ប៉ើង​ទៅ​ប៉ះ​ដប​សាំង​បណ្តាល​ឲ្យ​ឆាបឆេះ​តែម្តង​។

ភ្លាមៗ​នោះ​បាន​រាលដាល​ឆាបឆេះ​ដល់​កុមារា​រងគ្រោះ ហើយ​រូបគេ​បាន​ស្ទុះ​ចូលក្នុង​តូប​នោះ​ទាំង​ភ្លើង​កំពុង​ឆេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​នាំគ្នា​ជួយ​ពន្លត់ ហើយ​ប្រញាប់ប្រញាល់​ដឹក​ក្មេងប្រុស​រងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្របែក ដើម្បី​សង្គ្រោះបន្ទាន់ តែ​ដោយ​អំណាច​កម្ដៅភ្លើង​សាំង​រលាក​ពេញ​ខ្លួន​ខ្លាំងពេក ក្មេងរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់ទៅ​។

ដោយឡែក​ក្មេងស្រី​រងគ្រោះ​ក៏ត្រូវ​ភ្លើង​សាំង​ឆាបឆេះ​រលាក​ពេញ​ខ្លួន​ដែរ ប៉ុន្តែ​របួសធ្ងន់ និង​កំពុង​ទទួល​ការសង្ក្រោះបន្ទាន់​ពី​គ្រូពេទ្យ​។ លោក​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ក្មេងប្រុស​រងគ្រោះ​បង្ហាញ​ថា ពិតជា​ស្លាប់​ដោយ​ត្រូវ​ភ្លើង​ឆេះ​មែន​។ ចំពោះ​តូប​ដែលជា​ទីតាំង​កើតហេតុ​នោះ​មិន​បាន​ឆេះ​ទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ប៉ុណ្ណោះ​៕