ភ្នំពេញ: បញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូចទ័ពពិសេសឆត្រយោង ៩១១) បានច្រានចោលព័ត៌មានដែលផ្សាយថាយោធិនក្នុងបញ្ជាការដ្ឋានរបស់ខ្លួនជាអ្នកបាញ់សម្លាប់មន្ត្រីនគរបាលរាជធានីភ្នំពេញក្នុងទំនាស់គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌពោធិ៍សែនជ័យពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំមុន។
ការបដិសេធនេះ បន្ទាប់ពីមានសារព័ត៌មានអនឡាញ និងអ្នកលេងហ្វេសប៊ុកបង្ហាញអត្តសញ្ញាណជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ អាយុ ៣៨ ឆ្នាំ ជាយោធិនរបស់បញ្ជាការដ្ឋានទ័ពពិសេសមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ហើយកំពុងរត់គេចខ្លួននៅខេត្តមណ្ឌលគិរីពាក់ព័ន្ធឃាតកម្មនេះ។
លិខិតបដិសេធរបស់បញ្ជាការដ្ឋានទ័ពពិសេសចុះថ្ងៃទី ៥ មករា ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានពីម្សិលមិញឱ្យដឹងថា ក្នុងនាមមេបញ្ជាការមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានបញ្ជាការដ្ឋានទ័ពពិសេសសូមបដិសេធ និងបញ្ជាក់ថា ឃាតករដែលបានបាញ់សម្លាប់មន្ត្រីនគរបាលក្នុងទំនាស់គ្រោះថ្នាក់ចរាចរណ៍នោះពុំមែនជាយោធិននៅក្នុងបញ្ជាការដ្ឋានទ័ពពិសេសទេ។
លិខិតបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា សូមបដិសេធដាច់អហង្ការចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook មួយចំនួនដែលចេះតែស៊ែរបន្តគ្នា និងប្រឌិតព័ត៌មានក្លែងក្លាយថា ជនល្មើសរូបនោះជាយោធិនរបស់បញ្ជាការដ្ឋានទ័ពពិសេស និងមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយស អង្គភាពរបស់យើងខ្ញុំ ហេតុនេះសូមម្ចាស់គណនី Facebook ទាំងនោះកែតម្រូវព័ត៌មាននោះជាថ្មីឡើងវិញ រង់ចាំសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។
លិខិតដដែលបន្ថែមថា៖ «បើសិនជានៅតែមានម្ចាស់ Facebook ណាបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគ្មានប្រភពជាក់លាក់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពរបស់យើងខ្ញុំ យើងខ្ញុំទូទាំងបញ្ជាការដ្ឋានទ័ពពិសេសសូមប្ដឹងដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែកមុខរកម្ចាស់គណនី Facebook នោះយកមកផ្តន្ទាទោសចំពោះមុខច្បាប់ជាធរមាន»។
លោក ចាប ភក្ដី មេបញ្ជាការទ័ពពិសេសបានថ្លែងពីម្សិលមិញថា លោកមិនមានមតិបន្ថែមទេ ព្រោះមន្ត្រីជំនាញបានចេញសេចក្ដីបំភ្លឺជុំវិញការផ្សព្វផ្សាយបំផ្លើស និងខុសពីការពិតទាំងអស់នេះរួចរាល់ហើយ។
លោកថា៖ «យើងបានឆ្លើយបំភ្លឺរួចរាល់ហើយ គឺសាច់រឿងមានដូចក្នុងខ្លឹមសារលិខិតហ្នឹង»។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានថ្លែងពីម្សិលមិញថា លោកកំពុងដឹកនាំកម្លាំងនគរបាលព័ទ្ធចាប់ខ្លួនជនសង្ស័យ ដែលបានរត់មកលាក់ខ្លួនក្នុងព្រៃនៃស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោកថា៖ «ឥឡូវនេះ (ថ្ងៃទី ៦ មករា) ខ្ញុំកំពុងនៅក្នុងព្រៃជ្រៅ ដើម្បីដឹកនាំកម្លាំងសមត្ថកិច្ចយើងជាច្រើននាក់ឡោមព័ទ្ធចាប់ខ្លួនឃាតករម្នាក់។ ដូច្នេះមិនទាន់មានលទ្ធផលអ្វីទេ ពោលគឺយើងកំពុងដេញតាមចាប់នៅក្នុងព្រៃតែម្ដង»។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់បានសរសេរនៅលើគណនីឈ្មោះ «វណ្ណៈ ធរណិន្ទ» បានរៀបរាប់ថា ឃាតកររូបនេះមានឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ អាយុ ៣៨ ឆ្នាំជាអតីតទាហានកុម្ម៉ង់ដូ ស្នាក់នៅភូមិ ១៦ សង្កាត់ផ្សារកណ្ដាល ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមហ្វេសប៊ុកដដែលកាលពីដើមឆ្នាំ ២០០៣ ឈ្មោះ អ៊ា ណារ៉េន និងបក្ខពួកធ្លាប់បាញ់សម្លាប់លោក ឱម រដ្ឋសាឌី ទីប្រឹក្សាសម្ដេចក្រុមព្រះប្លន់យកទូរស័ព្ទដៃ ១ គ្រឿង នៅជិតផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ ក្រោយមកសមត្ថកិច្ចចាប់ខ្លួន អ៊ា ណារ៉េន និងបក្ខពួកផ្ដន្ទាទោសដាក់ពន្ធនាគារ ហើយពីឆ្នាំ ២០១៨ ជនសង្ស័យបានចេញពីពន្ធនាគារវិញ។
ទាក់ទងនឹងករណីនេះដែរកាលពីថ្ងៃ ៤ ខែមករា ឆ្នាំនេះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ កែ ចាន់មាន អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរដែលជាអ្នកបើករថយន្ត Luxus RX300 ដឹកជនដៃដល់ឈ្មោះ អ៊ា ណារ៉េន ខណៈមានការបាញ់សម្លាប់មន្ត្រីនគរបាលឈ្មោះ រ៉េត ស៊ីណែត ហៅ ញ៉ក់ ដែលសង្ស័យផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ និងទំនាស់ពាក្យសម្ដីគ្នាតិចតួច៕