ស្វាយរៀង: ប្រធាន​មន្ទីរ​សុខាភិបាល ​ខេត្ត​ស្វាយរៀង​លោក កែរ រដ្ឋា បាន​បញ្ជូន​ឈ្មោះ​គ្រូពេទ្យ​ចំនួន ៣៩៣ នាក់ ដែល​ប្រកប​មុខរបរ​រកស៊ី​ដើរ​ចាក់​ថ្នាំ និង​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​យ៉ាង​អនា​ធិបតេយ្យ នៅ​​តាម​​ភូមិ ស្រុក ដោយ​​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរសុខាភិបាល​ខេត្ត ឬ​ក្រសួងសុខាភិបាល ទៅ​សា​លាដំបូង​ខេត្តស្វាយរៀ​ង​​។

លោក កែរ រដ្ឋា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​គ្រូពេទ្យ​ចំនួន ៣៩៣ ​នាក់ ទៅ​សាលាដំបូង​ខេត្ត ស្វាយរៀង​ កាលពី​ថ្ងៃទី ២១ ខែ​ឧសភា​​រួចរាល់​ហើយដើម្បី​តម្កល់​ទុក​ជា​​ការព្រមានរាល់​សកម្ម​ភាព​របស់​គ្រូពេទ្យ​ ដែល​​គ្មាន​សញ្ញា​​​​​​បត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល​ខេត្តឬ​ក្រសួ​ង​សុខាភិបាល​ទាំងខណៈ​ពួក​គា​ត់​​បាននិងកំពុង​រកស៊ី​ដើរ​ចាក់​ថ្នាំ​ព្យាបាល​ពលរដ្ឋ​តាម​ភូមិ និង​តា​ម​មូល​ដ្ឋា​ន​​យ៉ាង​អនា​ធិបតេយ្យ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។

លោក​បន្តថា គ្រូពេទ្យ​ទាំងនេះធ្លាប់​បា​ន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ប្រជាពលរដ្ឋ​រហូតដល់​ស្លា​ប់​ចំនួន ៦ ឬ​ ៧​ ករណី​ មកហើយ ក្នុង​រយៈពេល ៥ ឆ្នាំ ​ចុង​ក្រោយនេះហើ​យ​​​ក៏មាន​ថ្នាំ​ខ្លះ​អាច​បង្ក​ផល​លំបា​ក​ដល់​សុខភាព​មនុស្ស​យូរ​អង្វែ​ង​​ដែរ ប៉ុន្ដែ​ពួកគាត់​មិន​ត្រូវបាន​ជាប់ទោស​ទណ្ឌ​អ្វី​ទេ ដោយ​សារ​គ្មាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ ក៏​ដូចជា​ភាព​ខ្វះ​ចន្លោះពី​មន្ត្រី​ជំនាញ ក្នុងការ​ស៊ើប​អង្កេត​បញ្ហា​ទាំង​នេះ។

លោក​បញ្ជាក់​ថា៖ «ក្រុមគ្រូពេទ្យ​ទាំងនេះយើ​ង​​មិនអាច​ទទួល​យកទៅ​បណ្ដុះ​​បណ្ដាល​ជា​ផ្លូវការ ហើយ​ឲ្យ​គាត់​ប្រ​កប​មុខ​រប​រ​ហ្នឹង​ទៀត​បានទេព្រោះ​គ្រូពេទ្យ​មួយ​ចំនួ​ន​ មាន​អាយុ​ច្រើន គ្មាន​សញ្ញា​បត្រ​ដែល​អាច​បន្ត​ការ​សិក្សា និង​​អ្នកខ្លះ​គ្មាន​ពេលវេលា ប៉ុន្ដែ​យើង​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​ដែលមាន​អាយុ​តិច​ និង​មាន​​ពេ​ល​វេលា​គ្រប់គ្រាន់​ អាច​រៀន​បន្ត​ ដើម្បី​ទទួល​បាន​ចំណេះដឹង និង​​សញ្ញាបត្រ​ត្រឹមត្រូវ»។

លោក កុយ ផាន់ អតីត​គ្រូ​ពេ​ទ្យ​ដែល​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​បង្អែ​ក​​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយ​រៀង កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា លោក​ជាម​ន្ត្រី​គ្រូពេទ្យ​ចូល​និ​វត្តន៍ ប៉ុន្ដែ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ​តែងតែ​ហៅ​លោក​ឲ្យ​ទៅ​ជួយ​ព្យាបាល​ជំងឺ និង​ចាក់​ថ្នាំ ប៉ុន្ដែ​​មិនដែល​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ។

លោក​បន្តថា លោក​ធ្លាប់​ព្យាបាល​មនុស្ស​រាប់​ពាន់​នាក់​រួចមកហើយ គ្មាន​អ្នករង​​គ្រោះ​ដោយសារ​លោក​ទេ ព្រោះ​​​លោក​ព្យាបាល​តែ​ជំងឺ​ឈឺ​តិចតួច ​ចំពោះ​អ្នកមាន​ជំងឺធ្ងន់ៗ លោក​ប្រាប់​ឲ្យ​ទៅរក​ពេទ្យ​មាន​ជំនាញ​ច្បាស់លាស់។ «ខ្ញុំ​ដើរ​ចាក់​ថ្នាំ​រាល់​តែ​ថ្ងៃ​ហ្នឹង ហើយ​​ឥឡូ​វ​នេះ គេ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចសន្យា ឲ្យ​ខ្ញុំ​ឈប់​ដើរ​ចាក់​គេ​ទៀត​ទៅ ហើយ​បើ​គេ​ឲ្យ​ខ្ញុំ​ឈប់ខ្ញុំ​ក៏​ឈ​ប់​​ទៅ គ្មានអ្វី​ទេ តែ​គ្រាន់តែ​កន្លង​មក​ហ្នឹង ខ្ញុំ​ព្យាបាល​មិន​ដែល​មាន​​បញ្ហា​អ្វី​ទេ»។

លោក ថា​ញ់ វ៉េ​ន គ្រូពេទ្យ​ដែល​ដើរ​ព្យាបាល​ពលរដ្ឋ​តាម​មូលដ្ឋាន​ម្នាក់​ទៀត​នៅ​ឃុំរ​ម៉ាំង​ថ្កោល ស្រុក​ស្វាយទាប​បាន​ថ្លែងថា លោក​ព្យាបា​ល​អ្នកភូមិ​ជិត ៤០ ឆ្នាំ ​ហើយមិន​ដែល​មា​ន​បញ្ហា​អ្វី​កើត​ឡើង​ទេ។ មុខវិជ្ជា​ពេទ្យ​នេះ លោក​ធ្លា​ប់រៀន​កាល​ពី​​ជំនាន់ ​ប៉ុល ពត ក្រោយមក​អ្នកភូមិ​តែងតែ​មក​ពឹង​លោក​ឲ្យ​ជួយ​មើល និង​ព្យាបាល​ជំងឺ​ឈឺ​ក្បាល​បន្ដិច​បន្ដួច។

លោក​បន្តថា ប្រសិនបើ​មាន​ជំងឺធ្ងន់ៗ លោក​នឹង​ប្រាប់​អ្នក​ជំងឺ​ឲ្យ​ទៅ​មន្ទីរពេទ្យធំៗឬ​កន្លែ​ង​មាន​ជំនាញ​ត្រឹមត្រូវប៉ុន្ដែ​ចំ​ពោះ​​​ជំងឺ​តិចតួច​ លោក​ផ្សំ​ថ្នាំ​ឲ្យ​គាត់​ហូប​ តាម​ស្ថានភាព​ជំងឺ​ធម្មតា​។ «ខ្ញុំ​បាន​រៀន​តាំង​ជំនាន់​ ប៉ុល ពត ហើយ​អ្នកភូមិ​ក៏​ចេះ​តែ​​មក​​ពឹង​​ខ្ញុំ ហើយ​ជំងឺ​ណាធ្ងន់ៗ ខ្ញុំ​ក៏​អត់​ហ៊ាន​ព្យាបាល​ដែរ។ កន្លងមក​ខ្ញុំ​រកស៊ី​ចាក់​ថ្នាំ​តាម​ភូមិ ហើយ​ខ្ញុំ​មាន​មុខរបរ​ខ្ញុំ​មួយ​ទៀតហើ​យ​​ឥឡូវនេះ មន្ទីរ​សុខា​ភិបាល​គេ​ព្រមាន​ខ្ញុំ​ហើយ កុំ​ឲ្យ​ខ្ញុំ​ដើរ​ចាក់​ថ្នាំ​អ៊ីចឹង​ទៀត»។

លោក ទេព ផល្លា អ្នក​នាំ​ពា​ក្យ​​សាលាដំបូង​ខេត្តស្វាយរៀង បាន​​​ឲ្យដឹងថា លោក​មិន​ទាន់​បាន​ទទួល​ប​ញ្ជី​​ឈ្មោះ​របស់​គ្រូពេទ្យ​ទាំង​នេះ​ទេដោយ​សារ​តែ​កា​ល​ពី​ម្សិល​មិញគឺ​ជា​​ថ្ងៃ​​អាទិត្យ​ដែល​​ជា​ថ្ងៃ​ឈប់​សម្រាក។

លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​លោក​ស្រីឱ វណ្ណឌី​នអគ្គនា​យិកា​បច្ចេ​កទេស​សុខាភិ​បាល និង​ជា​អ្នក​នាំ​ពាក្យ​ និង​​លោក ឡូ វាស​នា​គិរី អ្នក​នាំពាក្យ​ក្រសួង​សុខា​​ភិបា​ល ​មិន​​អាច​ទាក់​ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ។

លោកស្រី អ៊ាង គឹម​លី មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុ​ស្ស​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកប្រ​ចាំ​ខេ​ត្ត​​ព្រៃវែង និង​​ខេត្ត​ស្វាយ​រៀង​ បាន​ថ្លែង​កាលពីម្សិល​មិញ​ថា នៅតាម​មូល​ដ្ឋា​ន​ភូមិ ឃុំ ស្រុក ឬ​តំបន់​ជនបទ​ភាគ​ច្រើន​ មាន​គ្រូ​ពេទ្យ​ប្រចាំ​ភូមិ​ដើរ​ចាក់​ថ្នាំ ប៉ុន្ដែ​លោ​ក​ស្រី​មិន​ច្បាស់​ថា ក្រុម​គ្រូពេទ្យ​ទាំងនោះ ​មាន​ជំនាញ ឬ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។​

លោកស្រី​បន្តថា លោកស្រី​គាំទ្រ​ចំពោះ​ចំណា​ត់ការ​នេះព្រោះ​កន្លងមកធ្លាប់​មា​ន​​ពល​រដ្ឋ​​រងគ្រោះ​​​ដោយសារ​គ្រូពេទ្យ​ប្រ​ចាំ​​ភូមិ ទាំង​នោះ ប៉ុន្ដែ​មិនត្រូវ​បាន​មន្ត្រី​ជំនាញ​ដាក់​ទោស​ទណ្ឌ​ដល់​ពួកគាត់​ទេ។

លើសពីនេះ លោ​កស្រី​ជំរុញ​លើក​ទឹកចិត្ត​គ្រូពេទ្យ ​ដែលនៅ​ក្មេង​ឲ្យ​ទៅ​​បន្ត​ការសិក្សា​បន្ថែម​ទៀត ដើម្បី​យក​សញ្ញាបត្រ និង​ចំណេះដឹងហើយ​ចំពោះ​គ្រូ​ពេទ្យ​​ដែល​មាន​វ័យចាស់ គ្មាន​ច្បាប់ ឬ​សញ្ញាបត្រ​ត្រឹម​ត្រូវ​គួរ​បញ្ឈប់​​សកម្មភាព​ពួកគាត់​ទាំងអស់។

លោក​ស្រី គឹម​លី ប​ញ្ជាក់​ថា​៖​ «យើង​ធ្លាប់​មាន គឺ​ធ្លាប់​ដឹង​ពី​រឿង​នេះ​ច្រើន​ហើយ គឺ​មិន​ថា តែ​ខេត្ត​ស្វាយរៀង​មួយ​ទេ គឺ​ខេត្ត​ផ្សេងៗ​ទៀត​ ក៏មាន​ច្រើន​ករណី​ដែរ ហើយ​បើតាម​ខ្ញុំ​ដឹង គឺ​នៅ​ខេត្ត​ព្រៃវែង​កាលពី​ប៉ុន្មា​ន​ថ្ងៃ​មុន​នេះ​គឺមាន​ស្ដ្រី​ម្នាក់សម្រា​ល​កូន​នៅ​កន្លែង​ឯកជន​មួយ ​កន្លែ​ង​ហ្នឹង​ដូចជា​មិនមែនជា​គ្លី​និ​ក​​ដែ​ល​មាន​ជំនាញ​ទេគឺ​ពេល​គាត់​សម្រា​ល​ទៅបា​ន​​​ធ្លាក់​ឈា​ម​មក​ច្រើន​ណាស់ ​រហូត​ដល់​​ស្លាប់ ប៉ុន្ដែ​គ្មាន​អ្នក​ដឹង​ថា អ្នក​ណា​ខុស អ្នកណា​ត្រូវ​ទេ ឬ​អ្នកណា​ត្រូវ​ទទួល​ទោស​ទេ»៕