ភ្នំពេញៈ គណៈកម្មាធិការលើកលែងទោស និងបន្ធូរបន្ថយទោសនឹងប្រជុំសម្រេចជាចុងក្រោយនៅថ្ងៃនេះសម្រាប់បញ្ជីឈ្មោះអ្នកទោសដែលនឹងត្រូវស្នើសុំព្រះរាជទានពីព្រះមហាក្សត្ររបស់កម្ពុជាព្រះបាទ នរោត្តម សីហមុនី ជាការជ្រើសរើសចេញពីបញ្ជីដែលបានដាក់ពាក្យទាំងអស់ ៥៦០ នាក់។
អ្នកទោសមកពីខេត្តចំនួន ១៩ និងមណ្ឌលកែប្រែចំនួន ៤ រួមទាំងព្រៃសផងកំពុងស្វែងរកការកាត់បន្ថយទោស និងលើកលែងទោសក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកនៅដើមខែវិច្ឆិកាខាងមុខនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងថាគណៈកម្មាធិការបានជួបប្រជុំគ្នាកាលពីម្សិលមិញប៉ុន្តែមិនទាន់បានធ្វើការវាយតម្លៃមណ្ឌលកែប្រែក្នុងរាជធានីភ្នំពេញនៅឡើយទេ។ លោកបានថ្លែងថា លោកមិនបានចាំទេថាតើទណ្ឌិត សេង ចិន្តា ដែលមានក្ដីក្ដាំជាមួយគ្រួសារលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននោះមាននៅក្នុងបញ្ជីនេះឬអត់នោះទេ។
ភរិយារបស់ ឧកញ៉ា ខូវ ជូលី អ្នកស្រី ចិន្តា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីឆ្នាំ ២០១១ ពីបទប៉ុនប៉ងធ្វើឃាតភរិយា និងកូនស្រីរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល។
ប្រធានរដ្ឋសភាលោក ហេង សំរិន និងតំណាងរាស្រ្តគណបក្សប្រឆាំងលោក អេង ឆៃអ៊ាង បានចុះហត្ថលេខាលើលិខិតមួយដែលលេចធ្លាយមកកាសែតភ្នំពេញប៉ុស្តិ៍កាលពីខែមុនបានស្នើសុំការលើកលែងទោសអ្នកស្រី សេង ចិន្តា និងបានលើកឡើងថាមានការខ្វះខាតភ័ស្តុតាងនៅក្នុងសំណុំរឿងរបស់លោកស្រី។
អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារលោក សន កែវ បានថ្លែងថាមានអ្នកទោសនៅពន្ធនាគារចំនួន ១២ ដែលត្រូវបានពិនិត្យរហូតមកទល់ពេលនេះគឺមិនមានឈ្មោះសមាជិកគណបក្សប្រឆាំងដែលជាប់ពន្ធនាគារនោះទេ។
លោក សន្តិភាព បានបន្ថែមថាអ្នកទោសដែលបានជាប់ពន្ធនាគារ ២ ភាគ ៣ នៃទោសរបស់ខ្លួននឹងមានសិទ្ធិស្នើសុំការលើកលែងទោសខណៈអ្នកដែលទើបតែជាប់ពន្ធនាគារបាន ១ ភាគ ៣ អាចស្នើសុំបន្ធូរបន្ថយទោសបាន៕ PS