ភ្នំពេញៈ អ្នកពាក់ព័ន្ធ​ការដ្ឋាន​សំណង់​ខ្មែរ-ចិន​ ៣ ​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៥ ខែ​កុម្ភៈ ​ករណី​រលំ​ដងសន្ទូច​គ្រឿងចក្រ​ធ្លាក់​ត្រូវ​រថយន្ត​ស្ថានទូត​អាមេរិក​ និង​របួស​មន្ត្រី​ស្ថានទូត​ម្នាក់​កាលពី​រសៀល​ថ្ងៃទី​ ៤ ខែ​កុម្ភៈ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

លោក​ ប៊ុន សត្យា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​មនុស្ស​ពាក់ព័ន្ធ​ការដ្ឋាន​សំណង់​មាន​ខ្មែរ និង​ចិន​នោះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​ថ្ងៃទី​ ៥ កុម្ភៈ ដើម្បី​ប្រគល់ជូន​តុលាការ​ចាត់ការ​តាមច្បាប់​។

លោក​ថ្លែងថា​៖ «​ពួកគាត់​កំពុង​ត្រូវ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​សាកសួរ​បន្ត​ហើយ​»​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី-ភ្នំពេញ​លោក​ គុជ គឹមឡុង បញ្ជាក់​ពី​ម្សិលមិញ​ថា ជន​ពាក់ព័ន្ធ​ទាំង​ ៣ ​នាក់​ក្នុង​ករណី​រលំ​ដងសន្ទូច​គ្រឿងចក្រ​នេះ​កំពុង​ត្រូវបាន​តុលាការ​សាកសួរ​។

យោងតាម​មន្ត្រី​តុលាការ​ដែល​ស្រង់​សម្តី​ដោយ Fresh News បាន​ឲ្យ​ដឹងថា អ្នកពាក់ព័ន្ធ​ទាំង​ ៣ ​នាក់​នោះ​រួមមាន ឈ្មោះ​ Fan Yuang Hang ភេទ​ប្រុស អាយុ​ ៤១ ​ឆ្នាំ​ជនជាតិ​ចិន​ស្នាក់​នៅក្នុង​កន្លែង​ការដ្ឋាន​សំណង់​កើតហេតុ​។ ឈ្មោះ ZHang Jing Zhu ភេទ​ប្រុស អាយុ​ ៤៩ ​ឆ្នាំ ​ជា​មេការ​ខួង​ដី និង​ដងសន្ទូច​របស់​ក្រុមហ៊ុន ហ៊ុយប៉ាង កាន់​លិខិត​ឆ្លងដែន​លេខ EE3484029​។ ឯ​ម្នាក់ទៀត​ឈ្មោះ ញឹច សុខា ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ​ ជនជាតិខ្មែរ​ជា​អ្នកបញ្ជា​ដងសន្ទូច​។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ​លោក​ ថេង សុថុល អភិបាលខណ្ឌ ចំការមន​ថ្លែង​ថា ជុំវិញ​បញ្ហា​នេះ សមត្ថកិច្ច​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការងារ​ជំនាញ​ជា​អ្នក​ឃាត់ខ្លួន​។ រីឯ​ការងារ​សាងសង់ អាជ្ញាធរ​ដែនដី​មាន​ភារកិច្ច​ផ្នែក​ត្រួតពិនិត្យ​លើ​សំណង់​មានច្បាប់​ ឬ​គ្មាន​ច្បាប់​។ ចំពោះ​អគារ​សំណង់​ដែល​មាន​បញ្ហា​នេះ​ត្រូវ​ផ្អាក​ការសាងសង់​ជា​បណ្តោះអាសន្ន​សិន ដើម្បី​រង់ចាំ​ការដោះស្រាយ​ហើយ​ម្យ៉ាង​វា​ពាក់ព័ន្ធ​នឹង​មន្ត្រី​ស្ថានទូត​អាមេរិក​។ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ​ដែនដី​ត្រូវតែ​ធ្វើការ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ដែល​ត្រូវ​ឃាត់ខ្លួន​មេការសំណង់​នោះ​ប្រគល់​ទៅ​ផ្នែក​សន្តិសុខ​ (​នគរបាល​) ​ជា​អ្នកចាត់ការ​។

លោក​បន្តថា តាមពិត​ទៅ​ការដ្ឋាន​សំណង់​នោះ​មិនទាន់​បាន​សាងសង់​អ្វី​ឡើង​ទៅលើ​ទេ​ និង​ទើបតែ​ចាប់ផ្តើម​ចាក់គ្រឹះ​ផ្នែក​ខាងក្រោម​ដី​ហើយ​នៅលើ​ដី​ក៏​មិនទាន់​មាន​អ្វី​ដែរ តែ​បាន​បញ្ចប់​គ្រឹះ​ខាងក្រោម​ដី​ហើយ​។ ប៉ុន្តែ​ការដ្ឋាន​សំណង់​នោះ​គឺ​លោក​បាន​ស្រាវជ្រាវ​ និង​ពិនិត្យ​ឃើញ​ថា សំណង់​នោះ​មាន​ច្បាប់​អនុញ្ញាត​សាងសង់​ និង​ច្បាប់​បើក​ការដ្ឋាន​ត្រឹមត្រូវ តែ​ដោយសារ​ជួប​បញ្ហា​បែប​នេះ​អាជ្ញាធរ​ត្រូវ​ផ្អាក​ការសាងសង់​បណ្តោះអាសន្ន​សិន​។

លោក​បញ្ជាក់ថា​៖ «​នៅក្នុង​ឡាន​នោះ​មាន​ជនជាតិ​អាមេរិក​ដែល​ជា​មន្ត្រី​ស្ថានទូត​ ប៉ុន្តែ​គាត់​របួសស្រាល​ទេ​ដោយសារ​ខ្សែកាប​វាត់​ត្រូវ​កញ្ចក់​ហើយ​កញ្ចក់​បែក​លើ​គាត់​»​។

លោក​ សុខ សំអ៊ុត នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទន្លេបាសាក់​ប្រាប់​ថា​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​ ៩ ​ព្រឹក​ថ្ងៃទី​ ៤ ខែ​កុម្ភៈ​ស្ថិត​នៅ​ចំណុច​សំណង់​អគារ​ខុនដូ ផ្លូវ​ថ្មី សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​ទៅ​មិន​ទាន់​ហេតុការណ៍​នោះទេ​។ ប៉ុន្តែ​បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ និង​ពី​ប្រភព​ព័ត៌មាន​ដែល​សមត្ថកិច្ច​ប្រមូល​បាន​គឺ​ជនរងគ្រោះ​ជា​មន្ត្រី​ស្ថានទូត​អាមេរិក​ត្រូវរបួស​ដៃ​ដោយសារ​កញ្ចក់​រថយន្ត​ខ្ទាត​ត្រូវ​។

ពាក់ព័ន្ធ​វិស័យ​សំណង់​នេះ​លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​សំណង់ ថ្លែងថា​តាម​ដែល​លោក​ពិនិត្យ​មើល​ទៅ​វិស័យ​សំណង់​នៅតែ​មាន​បញ្ហា​ជា​បន្តបន្ទាប់ ដូចជា​ករណី​បញ្ហា​គ្រោះថ្នាក់​ការងារ បញ្ហា​គុណភាព​សំណង់ ដែល​ក្រុមហ៊ុន​សាងសង់​មួយ​ចំនួន​គាត់​ប្រើប្រាស់​សម្ភារ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ច្បាស់លាស់​។ បញ្ហា​ទាំងអស់​នេះហើយ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ប្រឈម​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​សំណង់​។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​ប្រឹងប្រែង​រក​វិធីសាស្ត្រ​ក្នុង​ការទប់ស្កាត់​គ្រោះថ្នាក់​ក៏ដូចជា​បញ្ហា​ដែល​បាន​ជួបប្រទះ​កន្លងមក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ឥឡូវនេះ​ឃើញ​មាន​អគារ​មួយចំនួន​ដែល​គណៈកម្មការ​ស្រាវជ្រាវ​ឃើញថា​ខុស​បច្ចេកទេស​ហើយ​អគារ​ទាំងអស់​នោះ​ត្រូវ​ផ្អាក​។ នេះ​ជា​យន្តការ​មួយ​ដ៏ល្អ​សម្រាប់​ភាគី​ពាក់ព័ន្ធ​»៕