ឧត្តរមានជ័យៈ នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​ឧត្តរមានជ័យ​បាន​បញ្ជូន​បុរស​គ្រូ​ព្យាបាល​ម្នាក់​​ទៅ​​សាលា​ដំបូង​ខេត្ត​ពី​​រសៀល​ម្សិលមិញ ​ក្រោយ​ពី​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី​ចាក់​ថ្នាំ​​បណ្តាល​ឲ្យ​​ស្រ្តី​ម្នាក់​ស្លាប់​កាល​ពី​ថ្ងៃទី ​១០​ សីហា ​នៅ​ភូមិ​ជ្រឹង​ខាង​លិច​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ។

លោក ​ឡឹក ​សុខា ​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា​ បុរស​សង្ស័យ​នោះ ​ឈ្មោះ ​ស្រឿង ​ប៊ុនរិទ្ធ​ អាយុ ​៦១ ​ឆ្នាំ។ ​រីឯ​ស្រ្តី​​រងគ្រោះ​ឈ្មោះ ​ឈូក​ ម៉ៅ ​អាយុ ​២៤ ​ឆ្នាំ ​ទាំង​ជន​សង្ស័យ ​និង​ស្រ្តី​រងគ្រោះ​មាន​លំនៅ​ក្នុង​ភូមិ​-សង្កាត់​ខាង​លើ​។

លោក​បាន​ប្រាប់​ថា៖​ «​ជន​សង្ស័យ​គឺ​ខាង​សមត្ថកិច្ច​របស់​ខ្ញុំ​បាន​បញ្ជូន​ទៅ​តុលា​ការ​នៅ​រសៀល​ថ្ងៃ​នេះ​ហើយ ​(ថ្ងៃទី ​១២​ សីហា​)​។​ តាម​បទល្មើស​ខ្ញុំ​សរសេរ​​ក្នុង​កំណត់​ហេតុ​ថា​​ជា​ករណី​ឃាតកម្ម​ដោយ​អចេតនា​»​។

លោក ​ហម ​ភារម្យ ​អធិការ​នគរបាល​ក្រុង​សំរោង ​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​តាម​សម្តី​សាច់​​ញាតិ​ស្រ្តី​រងគ្រោះ​កាល​ពី​ម្សិលមិញ​ថា​ មូលហេតុ​នៃ​ការ​ស្លាប់​​នោះ​​គឺ​មុន​កើត​​ហេតុ​កាល​ពី​ម៉ោង​ប្រមាណ ​១ ​រសៀល ​ថ្ងៃទី ​១០ ​ខែ ​សីហា​ ស្រ្តី​រងគ្រោះ​​មាន​ជំងឺ​ទាស់​សរសៃ ​(កូន​ខ្ចី)​។ ពេល​នោះ​ឪពុក​ម្តាយ​គាត់​ក៏​បាន​ទៅ​ហៅ​គ្រូ​ព្យាបាល​ជា​​ជន​សង្ស័យ​ឲ្យ​មក​​ចាក់​​ថ្នាំ​។​ លុះ​​ពេល​ទៅ​ដល់​ផ្ទះ​ស្រ្តី​រងគ្រោះ​ជន​សង្ស័យ​បាន​ព្យួរ​សេរ៉ូម​ឲ្យ​ស្រ្តី​រងគ្រោះ​នោះ​​ ។

លោក​បន្ត​តាម​សម្តី​សាច់​ញាតិ​ថា ​ លុះ​ម៉ោង​ប្រហែល ​៤​ រសៀល ​ថ្ងៃ​ដដែល​ក៏​អស់​សេរ៉ូម បន្ទាប់​មក​នៅ​ម៉ោង​ ​៦ ល្ងាច ជន​សង្ស័យ​បាន​ឲ្យ​ថ្នាំ ​៣ មុខ​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ។ លុះ​ដល់​ម៉ោង ​៧​ និង ​៤៥ នាទី​យប់​ថ្ងៃ​ដដែល ​ស្រាប់​​តែ​ស្រ្តី​រងគ្រោះ​ប្រកាច់​ស្លាប់​តែ​ម្តង​។​

លោក​អធិការ​បាន​បន្ត​ថា ​បន្ទាប់​មក​សាច់​ញាតិ​ស្រ្តី​ជន​រងគ្រោះ​ បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​សង្កាត់​កូន​ក្រៀល​ ហើយ​សមត្ថកិច្ច​ក៏​បាន​រាយការណ៍​បន្ត​​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ទើប​មាន​ការ​ចាត់​បញ្ជូន​គ្រូពេទ្យ​​ជំនាញ​ឲ្យ​សហការ​ជា​មួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលកូន​ក្រៀល ចុះ​ពិនិត្យ​ដល់​​កន្លែង​កើត​ហេតុ។​

បើ​តាម​លោក​ ហម ​ភារម្យ ក្រោយ​​ពី​មន្រ្តី​ជំនាញ​សុខាភិបាល​ពិនិត្យ​បច្ចេកទេស​បាន​រក​ឃើញ​ថា ជនសង្ស័យ​ពុំមាន​សញ្ញាបត្រ​ និង​លិខិត​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល​​ខេត្ត​​ទេ​ហើយ​ក៏​គ្មាន​វិជ្ជាជីវ​:​ជា​ពេទ្យ​ដែរ​៕