ភ្នំពេញៈ មន្ត្រី​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​បា​នឱ្យ​ដឹង​ថា​សមត្ថ​កិច្ច​ត្រូវ​បញ្ជូន​បុរសជន​សង្ស័យ​ជាតិ​ចិន​ម្នាក់​ទៅ​សា​លា​ដំ​បូ​ងភ្នំពេញនៅ​ថ្ងៃ​​ពុធ​ ​​(ទី ២៤ ​កក្កដា) នេះ ​បន្ទាប់​ពី​បាន​សាក​សួរ​រួច​ពាក់​ព័ន្ធ​នឹងករណី​សម្លាប់​​សង្សារ​ជាតិ​ចិន​ដូចគ្នា​រួ​ចដុត​សាក​សព​ចោល ប្រព្រឹត្ត​នៅ​ភ្នំពេញ​កាល​ពី​ខែ​មិថុនា។

លោក ង៉េង ជួ​ ប្រធាននា​យ​កដ្ឋានន​គរ​បា​លព្រ​ហ្មទណ្ឌក្រសួងមហាផ្ទៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ពី​ម្សិល​មិញថា ក្រោយពី​ឃាត់​ខ្លួន​ ជន​សង្ស័យ​បាន​​សារភាព​​​ ​ហើយ​សមត្ថកិច្ច​បាន​ចោទ​គាត់​ពី​បទ​មនុស្ស​ឃាត។

​លោ​ក​ ​ង៉េង​ ​ជួ​ បញ្ជាក់​ថា៖ «គាត់​សា​រភា​ព​ហើ​យថា គា​ត់​​ពិត​ជា​បាន​សម្លាប់​សង្សារ​របស់​គាត់​មែន»។​

តាម​ហ្វេ​សប៊ុ​ក​​នាយ​កដ្ឋាន​​នគរ​បាល​ព្រហ្មទ​ណ្ឌបានឲ្យដឹង​ថាជនសង្ស័​យ​មា​នឈ្មោះ​ ​Yang Yang​ អា​យុ ២​៨ ​ឆ្នាំ​ ​បាន​ស​ម្លាប់​សង្សា​រ​ខ្លួ​ន​ឯង​ទាំង​មា​នកូ​នក្នុង​ផ្ទៃ ១ ​ខែ​រួចដុ​ត​សាក​ស​ពចោ​ល​នៅក្បែ​រស្ពា​ន​ព្រែ​ក​ព្នៅខណ្ឌជ្រោយច​ង្វា​រ​​​កា​ល​ពី​យ​ប់​ថ្ងៃទី​ ២​​​៩ ​ខែមិថុនា​​ ​ ហើ​យត្រូ​វបាន​ចាប់​ខ្លួន​កា​លពី​​ ២២ ​កក្ក​ដានៅ​​​ក្រុ​មហ៊ុ​ន ​TH​E PAR​K ​W​AY ផ្លូ​វ​លេ​ខ​ ២​៧​៣​ ​ស​ង្កាត់​ទួល​សង្កែ​ទី​១ ​ខណ្ឌ​ឫ​ស្សី​កែវ បន្ទាប់​ពីគេ​ច​ខ្លួ​ន​មួយ​រយៈ​​ក្រោយ​ធ្វើ​សកម្មភាព។

​ហ្វេ​ស​ប៊ុក​នគរ​បាល​ដដែ​ល​ថា​ តាម​ចម្លើយ​សារភា​ព​របស់​ជន​សង្ស័យថា​ គេបា​ន​ចូ​ល​ម​ក​ក​ម្ពុ​ជានៅ​ឆ្នាំ ​២​០​១​៦ ហើ​យ​​​បា​ន​​ធ្វើការ​ក្នុង​ក្រុមហ៊ុន THE PARK WAY និង​បាន​ស្គា​ល់​គ្នាជា​មួ​យ​នារីរង​គ្រោះឈ្មោះ​ Mi​ao Xiaolin ក្នុងឆ្នាំ​ ២០១​៨ ​ហើយ​ក៏​​ស្រឡាញ់​គ្នា​ជា​សង្សារ។​

ហ្វេ​សប៊ុ​ក​​បន្ត​ថា នៅ​ថ្ងៃ​ទី២​៩​ ​ខែ​មិ​ថុនា ​​ឆ្នាំ​ ២០​១៩ ជ​ន​ស​ង្ស័​យបា​ន​ឲ្យនារី​រ​ង​​​គ្រោះ​រម្លូត​​កូ​​ន​ចេញ​ពី​ព្រោះ​គេ​មា​នប្រ​ព​ន្ធ​រួ​ច​ហើយ ប៉ុន្តែ​នាង​មិ​ន​ព្រម​​ក៏​ឈ្លោះគ្នា​ ហើ​យ​ជន​ស​ង្ស័​យ​បានច្រាន​ជ​ន​រ​ង​គ្រោះ​ឲ្យដួល​លើ​​ឥដ្ឋ​ស​ន្លប់ហើ​យខ្លួន​​បានយកក​ន្សែង​ពោះ​គោរឹត​ក​សម្លាប់។

បើ​តា​ម​ហ្វេ​សប៊ុ​ក​ដដែល​ថាប​ន្ទា​ប់ម​ក​ជ​នសង្ស័យបា​នទៅ​ទិ​ញ​វ៉ា​លីស​មួ​យ​នៅ​ផ្សា​រថ្មី​យក​មកដាក់សា​ក​សព​។ លុះដ​ល់​​​ម៉ោ​ង​ប្រហែ​ល ៨​ យ​ប់​ ថ្ងៃ​កើ​ត​ហេ​តុ​ខ្លួន​ក៏ដឹកវ៉ា​លីសមា​ន​សាក​​សព​តាម​រថ​យន្ត​​ម៉ាក​ Lexus​RX​330 ​ពណ៌​ស​ពាក់​ស្លាក​លេ​ខភ្នំ​ពេញ 2AM​1​334​ និង​ទិញ​សាំ​ង​ ១ ដប ធ្វើដំណើរ​ទៅ​ដុ​ត​ចោល​នៅចំ​ណុ​ច​ដី​ឡូតិ៍​លី​យ៉ុងផា​ត់​ហើយ​គេ​ចខ្លួ​នទៅ​​ប្រទេ​សចិន​នៅថ្ងៃ​ទី ៦ ​ខែក​ក្កដា​ ឆ្នាំ ២០១៩។

លោក​​ គង់​ ប៊ុន​លី​​ ចៅ​សង្កាត់​បាក់​ខែង​ធ្លាប់បាន​ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣០ មិថុនាថា​ សព​មាន​សភាព​ដេក​ផ្កាប់​មុខ ​ត្រូវ​ជន​ដៃដល់​ដុត​ឆេះ​ខ្លោច​ដៃ​ និង​ជើង​រាល​ដល់​ត្រឹម​ជង្គង់។

លោក​ថា​ តាម​សាក្សី​​ជាក្រុ​ម​កម្មករ​បូមខ្សាច់​​នៅ​ក្បែរ​នោះថា ​ហេតុការណ៍​នេះកើត​ឡើង​នៅ​ម៉ោង​​ជាង ​៩ យប់ ថ្ងៃ​ទី ២​៩ ខែ ​មិថុនា​​​ ដោយ​ពេល​នោះ​ពួក​គេ​បាន​ឃើញ​ពន្លឺ​ភ្លើង​ឆេះក៏​ទៅ​មើល​​ឃើញ​គេដុតសាក​សព​​ហើយ​​​បាន​​ប្រាប់​ថៅ​កែ​បូម​ខ្សាច់​ និង​បានទូ​រ​ស័ព្ទ​ប្រាប់​សមត្ថ​កិច្ច​តែ​ម្តង​។ ប៉ុន្តែ​មុន​ពេល​ពួក​គេ​ទៅ​ដល់កន្លែង​ភ្លើង​ឆេះ​បាន​ឃើញ​រថ​យន្ត​ម៉ាក​ឡិច​ស៊ិស ​R​X​3​3​0​ ពណ៌ស​ ១ ​គ្រឿង​​បើក​ចេញ​ពីម្ដុំ​នោះ ដោយ​មិន​បើក​ភ្លើង​ចង្កៀង​ផងដែរ៕