ភ្នំពេញៈ នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​កាល​ពី​ម្សិលមិញ​បាន​បញ្ជូន​ជន​ជាតិ​ចិន​ចំនួន ៦៩ នាក់ ទៅ​ប្រទេស ​ចិន​ វិញ បន្ទាប់​ពី​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ស្វាយរៀង នៅ​ក្នុង​ខែ​មករា​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ អ៊ីនធឺណិត។

លោក អ៊ុក ហៃ​សីឡា ប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនា​យក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា ជន​ជាតិ​ចិន​ទាំង ៦៩ នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ចកម្ពុជា​ឃាត់​ខ្លួន បទ​ឆបោក និង​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាល​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ ២០១៩ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

លោក​បន្ដថា៖ «ពាក់ព័ន្ធ​បទល្មើស​ដូច​យើង​បានធ្វើ​នាពេល​កន្លង​អ៊ីចឹង។ កាល​ពី​ដើម​ឆ្នាំ​ ២០១៩ អគ្គ​ស្នងការ​ដ្ឋាន​នរបាល​ជាតិ សហការ​ជាមួយ​ស្នង​ការ​នគរបាល​និង​ព្រះរាជ​អាជ្ញា​ខេត្ត​ស្វាយរៀង​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ជន​បរទេស​ដែល​មាន​សញ្ជាតិ​ចិន​ទាំង ៦៩ មក​រក្សា​ទុក​ទីនេះ ចាប់​តាំង​កាល​ពី​ថ្ងៃទី ២១ ខែ​មករា ឆ្នាំ ២០១៩ នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ពាក់ព័ន្ធ​ករណី​ក្លែង​បន្លំ​តាម​ប្រព័ន្ធ​ទូរគមនា​គមន៍ ដូចជា​ហៅ​មក​បោក​បញ្ឆោត​តាម​ទូរស័ព្ទ ជំរិត​ទារ​ប្រាក់ នា​ពេល​កន្លង​មក»។

ការចាប់​បញ្ជូន​ជនជាតិ​ចិន​ទាំងនេះ​ធ្វើឡើង ខណៈពេលដែល​សមត្ថកិច្ច​កម្ពុជា​បាន​និង​កំពុង​យក​ចិត​ទុក​ដាក់​ទប់​ស្កាត់​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ​ស្រប​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​បារម្ភ​អំពី​ជន​ជាតិ​ចិន​ខ្លះ​ខណៈ​បាន​ឃើញ​ពួកគេ​ប្រព្រឹត្ត​បទ​ល្មើស​ជាច្រើន​ដូចជា ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​គ្នាឯង ការ​ធ្វើ​ទារុណ​កម្ម និង​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើមលោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​បាន​ថ្លែង​ថា ជន​ជាតិ​ចិន​នៅ​កម្ពុជា​មួយ​ចំនួន​ទាំង​រកស៊ី​ឬ​ធ្វើការ​ជា​ជន​សុចរិត ប៉ុន្តែ​ក៏មាន​មួយ​ចំនួន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា​ដែរ។

លោក​បន្ដថា ករណីនេះ​មន្ត្រី​រដ្ឋាភិបាល​ចិន​ក៏​ធ្លាប់បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់​វិធានការ​តឹង​រ៉ឺង​ចំពោះ​ជន​ជាតិ​ចិន​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ​ផង​ដែរ។

លោក​បញ្ជាក់ថា៖ «រដ្ឋា​ភិបាល​កម្ពុជា ពិតជា​បាន​ខិតខំ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​គ្រប់​រូបភាព ហើយ​យើង​ឃើញ​មាន​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ពិតជា​បាន​ខិតខំ​ប្រឹងប្រែង។ តែ​យើង​ក៏​ឃើញ​មាន​ភាព​ចន្លោះ​ប្រហោង​ដោយសារ​ជន​ជាតិ​ចិន​មក​យ៉ាង​គំហុក​ធ្វើ​ឲ្យ​សមត្ថភាព​អាជ្ញាធរ​របស់​យើង​អាច​ក្តាប់​មិន​ជុំ និង​អាជ្ញាធរ​អនុវត្ត​ច្បាប់​មួយ​ចំនួន​តូច គាត់​ទទួល​ផល​ប្រយោជន៍​ពី​ជន​ជាតិ​ចិន​ហើយ​ធ្វើគ​ឬ​ថ្លង់​ទៅ​លើ​សកម្មភាព​មួយ​ចំនួន​ដែល​ជន​ជាតិ​ចិន​ខ្លះ​បាន​ប្រព្រឹត្ត»។

កាលពី​ចុង​ឆ្នាំមុន សមត្ថកិច្ច​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ជន​ជាតិ​ចិន ២៣៥ នាក់​ទៅ​ប្រទេស​ចិន​វិញ បន្ទាប់​ពី​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ក្រសួង​មហាផ្ទៃ​រួម​ជាមួយ​សមត្ថកិច្ច​ខេត្ត​តាកែវ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ បាន​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ ២៦ វិច្ឆិកា​នៅ​ទីតាំង ៤ កន្លែង​ផ្សេងគ្នា ក្នុង​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ក្នុង​នោះ​មាន​ស្រី ៣៦ នាក់ និង​រឹប​អូស​សម្ភារ​សម្រាប់​ប្រព្រឹត្ត​ល្មើស ជាច្រើន​ទៀត។

លោក សុខ ផល រដ្ឋលេខា​ធិការ​ក្រសួងមហាផ្ទៃ​កាលពី​ខែ​កញ្ញា​ឆ្នាំ ២០១៨ ធ្លាប់បាន​លើក​ឡើង​ថា ជន​ជាតិ​ចិន​នៅ​កម្ពុជា​កើន​ឡើង​ដល់​ជាង ២០ ម៉ឺន​នាក់​ដែល​ចំនួន​នេះ​មិន​បូក​បញ្ចូល​ជាមួយ​អ្នក​ការទូត អ្នក​ទេសចរ និង​អង្គការ​សង្គម​ស៊ីវិល។ ក្នុង​ចំណោម​ជន​ជាតិ​ចិន​ទាំង ២០ ម៉ឺន​នាក់​នេះ មាន​ជាង ៧៨ ០០០ នាក់ កំពុង​រស់​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​មាន​ត្រឹម​តែ​ជាង ២ ម៉ឺន​នាក់​ប៉ុណ្ណោះ​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ៕