ព្រះសីហនុៈ មន្ត្រីនគរបាលជាតិកម្ពុជាបាននិងកំពុងសាកសួរជនបរទេសចំនួន ១៦ នាក់ដែលជានាវិកនៅលើនាវា ១ គ្រឿង របស់ប្រទេស កាមេរូន (Cameroon) បន្ទាប់ពីសមត្ថកិច្ចបានឃាត់កាលពីថ្ងៃទី ២៧ ខែកុម្ភៈដោយចោទថា បានរំលោភលើដែនសមុទ្រកម្ពុជា ហើយថាសំណុំរឿងនាវានេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនៅរសៀលថ្ងៃទី ២ ខែមីនា។
លោក តេង សួន អគ្គស្នងការរងនគរបាលជាតិថ្លែងពីម្សិលមិញថា ក្រោយពីសមត្ថកិច្ចសាកសួរជនបរទេសទាំង ១៦ នាក់នេះនៅខេត្តព្រះសីហនុរួចរាល់ហើយ សមត្ថកិច្ចជំនាញក៏បានបញ្ជូនពួកគេទៅសាលាដំបូងខេត្តព្រះសីហនុនៅរសៀលថ្ងៃទី ២ ខែមីនាដែរដើម្បីបន្តនីតិវិធីសាកសួរ។
លោកបញ្ជាក់ថា៖ «ជនបរទេសដែលនៅនាវាជានាវិកទាំង ១៦ នាក់នេះ គឺពាក់ព័ន្ធការរំលោភលើដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាត និងការបំពានបម្រាមរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ»។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថ្លែងពីម្សិលមិញស្រដៀងនឹងការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ខាងលើនេះដែរ។ លោកបញ្ជាក់ថា៖ «មន្ត្រីជំនាញយើងកំពុងសាកសួរ [ពីម្សិលមិញ] ដោយត្រៀមបញ្ជូនទៅតុលាការខេត្តព្រះសីហនុនៅល្ងាចថ្ងៃទី ២ ខែមីនា នេះ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិពីម្សិលមិញថ្លែងថា បច្ចុប្បន្ននាវា MT-COURAGEOUS ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនទឹកឃាត់ និងកំពុងធ្វើការសាកសួរ ហើយត្រៀមបញ្ជូនទៅព្រះរាជអាជ្ញាអមតុលាការខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងចាត់ការតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា៖ «តុលាការសម្រេចឲ្យមានការស៊ើបអង្កេតបន្ត ឬរុញឲ្យទៅសមត្ថកិច្ចជំនាញណាធ្វើការបន្តទៀត គឺជាការសម្រេចរបស់តុលាការ ព្រោះពេលនេះជិតហួសពីដៃសមត្ថកិច្ចហើយ»។
លោកបន្ថែមថាក្រុមនាវិកទាំង ១៦ នាក់នេះ មិនមានផ្ទុកមេរោគ COVID-19 ទេ ដោយក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់។ ប៉ុន្ដែពួកគេបានជាប់ពាក់ព័ន្ធការបំពានដែនសមុទ្រកម្ពុជា និងការបំពានបម្រាមរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលបានផ្ទេរទំនិញផ្សេងៗទៅកាន់ទូកដឹកទំនិញរបស់កូរ៉េខាងជើង។
លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ត ព្រះសីហនុថ្លែងពីម្សិលមិញថា សាលាដំបូងខេត្តព្រះសីហនុមិនទាន់បានទទួលសំណុំរឿងនេះនៅឡើយ ដោយសមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរ។
លោកថា៖ «បើសិនជាមកដល់ដៃតុលាការ ខ្ញុំនឹងជម្រាបជូនតាមក្រោយទៀត»។
សេចក្តីប្រកាសព័ត៌មានរបស់នគរបាលជាតិនៅថ្ងៃទី ១ មីនា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញបានឲ្យដឹងថា សមត្ថកិច្ចកម្ពុជាបានរកឃើញ និងឃាត់នាវាបរទេស ១ គ្រឿងកាលពីថ្ងៃទី ២៧ កុម្ភៈ ដែលបានបោះយុថ្កាបំពាន ដែនសមុទ្រកម្ពុជា។ តាមការអះអាងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រកឃើញថានាវានោះបានបោះយុថ្កានៅចំណុចនិយាមការនៅចន្លោះកោះតាង និងកោះប៉ូឡូវ៉ៃ។
អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដោយផ្អែកតាមការបំភ្លឺរបស់អ្នកទទួលខុសត្រូវលើនាវាបានបញ្ជាក់ជូនសមត្ថកិច្ចកម្ពុជាថា នាវាដែលត្រូវបានឃាត់នេះមានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាននាវិកចំនួន ១៦ នាក់។ នាវានេះបានទទួលបញ្ជាឲ្យចេញពីកំពង់ផែ KAO HSIUNG នៃកោះតៃវ៉ាន់កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០។ លុះដល់ថ្ងៃទី ២៦ ខែកុម្ភៈនាវានេះបានបោះយុថ្កានៅចំណុចនិយាមការ N10០05.1300'', E103០07.8593'' ដើម្បីរង់ចាំបទបញ្ជាជាថ្មីពីថៅកែ។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល នគរបាលកម្ពុជាឲ្យដឹងទៀតថា តាមព័ត៌មាន និងឯកសាររបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាវា MT-COURAGEOUS នេះធ្លាប់ធ្វើសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (សេចក្តីសម្រេចលេខ ២៣៧៥ និង ២៣៩៧ អនុម័តនាខែកញ្ញា ឆ្នាំ ២០១៧) ក្នុងការដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ដែលហាមឃាត់ការផ្ទេរពីនាវាទៅនាវា (SHIP-TO- SHIP / STS) ទៅទូកដឹកទំនិញរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា៖ «បច្ចុប្បន្ន នាវា MT-COURAGEOUS ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ឃាត់ និងបញ្ជូនទៅព្រះរាជអាជ្ញាអមតុលាការខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងចាត់ការតាមច្បាប់»៕