ភ្នំពេញៈ ជនប្រុស-ស្រី​ ២ ​នាក់​ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៤ មករា ក្រោយពី​ចាប់ខ្លួន​បាន​ ១ ​ថ្ងៃ​ តាម​ដីកា​របស់​តុលាការ​នៅ​ភូមិ​ត្រពាំងឈូក ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​ពាក់ព័ន្ធ​នឹង​ការនាំ​នារី​ខ្មែរ​ទៅ​ប្រទេស​ចិន ដោយ​ខុសច្បាប់​ដែល​បាន​ប្រព្រឹត្ត​នា​ខែ​កក្កដា​ឆ្នាំ​មុន​។

លោក​ឧត្តមសេនីយ៍ទោ ប៉ាក យូលាង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ប្រាប់​កាលពី​ថ្ងៃទី​ ១៤ មករា ថា ជនសង្ស័យ​ប្រុស-ស្រី​ ២ ​នាក់​នោះ ឈ្មោះ​ កាន គ្រីន ភេទ​ស្រី អាយុ​ ៣០ ​ឆ្នាំ​និង​ឈ្មោះ​ ឡាច ម៉ៅ ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ស្រែរំដួល ឃុំ​ដងក្តារ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។

ជនសង្ស័យ​ទាំង​ ២ ពាក់ព័ន្ធ​នឹង​បទល្មើស​នាំ​ស្ត្រី​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ចិន​នោះ គឺ​ខាង​នាយកដ្ឋាន​របស់​លោក​អនុវត្តតាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ដែល​បង្គាប់​ឲ្យ​ចាប់ខ្លួន ដោយ​លោក​ រស់ សាម៉ីឌី ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​រឿង​នោះ​ខ្ញុំ​មិនដឹងថា ក្រុម​ជនសង្ស័យ​នាំ​មនុស្ស​ខុសច្បាប់​ឆ្លងដែន​ទៅ​ប៉ុន្មាន​នាក់​ទេ​។ តែ​ខាង​ខ្ញុំ​បាន​បញ្ជូន​ពួកគាត់​ទៅ​តុលាការ​ហើយ​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ១៤ មករា​)»​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ គុជ គឹមឡុង មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ​។

ដោយឡែក​លោកស្រី អៀម វណ្ណី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ទទួល​ផែនការ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ប្រាប់​នៅ​ថ្ងៃទី​ ១៤ មករា ថា ជនសង្ស័យ​ទាំង​ ២ ​នាក់​ខាងលើ​គឺ​កម្លាំង​សមត្ថកិច្ច​គ្រាន់តែ​សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​ក្នុងនាម​អាជ្ញាធរ​ដែនដី​ប៉ុណ្ណោះ​។ «​ករណីនេះ​ខ្ញុំ​មិនដឹងថា ពួកគេ​នាំ​មនុស្ស​ប៉ុន្មាន​នាក់​ទេ ខ្ញុំ​គ្រាន់​ដឹងថា​ពាក់ព័ន្ធ​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ប្តី​នៅ​ប្រទេស​ចិន​»​។

លោក​ ប៉ាក ជាតិ អធិការ​ស្រុក​ស្ទឹងត្រង់​ប្រាប់​ដែរ​ថា នៅ​វេលា​ម៉ោង​ ១៣ និង​ ១៥ ​នាទី ថ្ងៃទី​ ១៣ ខែមករា សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រួមទាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​សហការ​ជាមួយ​កម្លាំង សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ ២ ​នាក់​តាម​ដីកា​ដែល​ការចាប់​នេះ​ធ្វើឡើង​នៅ​ទីកន្លែង​ដូច​រៀបរាប់​ខាងលើ​។

ជន​ទាំង​ ២ ​នាក់​ពាក់ព័ន្ធ​ពី​បទ​នាំយក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន និង​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​ដែល​ប្រព្រឹត្ត​នៅ​ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃទី​ ៩ ខែ​កក្កដា ឆ្នាំមុន​។

ទោះយ៉ាងណា​មិន​មាន​ប្រភព​ណាមួយ​បញ្ជាក់​ឲ្យ​ដឹង​ពី​ចំនួន​ស្ត្រី​ខ្មែរ​ប៉ុន្មាន​នាក់ ដែល​ត្រូវ​បាន​គេ​នាំយក​ឆ្លងដែន ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ចិន​នោះទេ​។

ករណី​ជួញដូរ​មនុស្ស​នេះ​ត្រូវ​បាន​លោកស្រី ធីម ណារិន មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា សកម្មភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​ខេត្ត​កំពង់ចាម​បាន​កក្រើក​ខ្លាំង​នៅ​អំឡុង​ឆ្នាំ​ ២០១៤ ​តែ​លោកស្រី​មិនបាន​ចាំ​តួលេខ​ទេ​។ ប៉ុន្តែ​សកម្មភាព​ជួញដូរ​បាន​ថយចុះ​ជា​បណ្តើរៗ​ដោយ​នៅក្នុង​ឆ្នាំ ២០១៩ ​កន្លងមក​មានតែ​ ២ ​ករណី​ប៉ុណ្ណោះ​ ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​មួយ​នេះ​។

លោកស្រី​ ណារិន បញ្ជាក់​ថា​៖ «​ដោយសារ​តែ​ពេល​ស្ត្រី​ដែល​ចង់​ទៅ​ចិន គាត់​ទៅធ្វើ​លិខិត​បញ្ជាក់​នៅ​សាលាឃុំ​ហើយ​ពេលនោះ​មន្ត្រីឃុំ​ពន្យល់​ពួកគាត់​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​ប្រទេស​ចិន​។ អ៊ីចឹង​វា​ថយចុះ​ចំនួន​អ្នក​ទៅ​ចិន​ហើយ​មេខ្យល់​ក៏​អត់​ហ៊ាន​បោក​ដែរ​»៕