តាកែវៈ ប្រធានការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ខេត្ដ​តាកែវ លោក ម៉ាក់ សេរីវឌ្ឍនា បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ត្រូវ​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ដ​តាកែវ​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​សាកសួរ​ក្រោយ​ចាប់​ខ្លួន​ករណី​បាញ់​តដៃ​សមត្ថកិច្ច​ពេល​បង្ក្រាប​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​សៅរ៍។

លោក​បាន​ថ្លែងថា នគរបាល​ខេត្ត​កាលពី​ថ្ងៃ ៤ ឧសភា បានចុះ​បង្ក្រាប​មុខ​សញ្ញា​ចែក​ចាយ​និង​ប្រើ​គ្រឿង​ញៀន​នៅ​ភូមិ​ក្រាំង​ក្រចាង ឃុំ​ពារាម ស្រុក​បាទី ខេត្ត​តាកែវ ប៉ុន្តែ​ជន​សង្ស័យ​បាន​បាញ់​តដៃ​រហូត​ដល់​សមត្ថកិច្ច​បាញ់​ឡើង​លើ​ច្រើន​គ្រាប់​ដើម្បី​គំរាម​វិញ​រួច​ក៏​ចរចា ទើប​ឃាត់​ខ្លួន​បាន​ម្នាក់។

លោក​ថា៖ «ជនសង្ស័យ​យើង​នឹង​បញ្ជូនទៅ​សាលាដំបូង​ខេត្ដ​ព្រឹក​ស្អែក (ថ្ងៃ​ចន្ទ) យើង​ពិនិត្យ​ឃើញ​ថា ជន​សង្ស័យ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន។ពេល​បង្ក្រាប​យើង​ក៏​ឃើញ​មាន​តម្រុយ​ជន​សង្ស័យ​ផ្សេង​ទៀត​ដែរ»។

លោក​បានឱ្យដឹងថា នគរបាលបាន​ប្រើពេល​ចរចា​ជាង ៣ ម៉ោង​ទើប​ចាប់​ជន​សង្ស័យ​បាន​ម្នាក់​ឈ្មោះ យឹម វណ្ណឌី អាយុ ២២ ឆ្នាំ រស់​នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​បាទី ខេត្ត​តាកែវ និង​ដក​ហូត​បាន​អាវុធ​ខ្លីម៉ាក Glock ១ ដើម ដាវ ២ និង​ថ្នាំញៀន​មួយ​ចំនួន។

លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាលជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការ​បង្ក្រាប​ករណី​នេះ​ជា​បទពិសោធ​មួយ។

លោក​ថា៖ «ចាំ​ឱ្យ​សមត្ថកិច្ច​ជំនាញ​និយាយ​គ្នា តើ​ទទួលបាន​ពិសោធ​អី​ខ្លះ​សំខាន់​យើង​ការពារ​ទាំង​ពលរដ្ឋ ទាំង​ជន​ល្មើស និង​សមត្ថកិច្ច​អត់​មាន​គ្រោះថ្នាក់​ទាំង​អស់​គ្នា នោះ​យើង​ល្អ​ហើយ។ យើង​ឃាត់​ខ្លួន​មុខ​សញ្ញា​ដែល​បាញ់​ត​នោះ​បាន​ម្នាក់ ហើយ​បងប្អូន​កំពុង​ស្រាវជ្រាវ​បន្ដ»។

លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្ដ​តាកែវ​ប​ដិសេធ​ធ្វើ​អត្ថាធិប្បាយ កាល​ពី​ម្សិលមិញ ដោយ​បញ្ជាក់​ថា៖ «ថ្ងៃ​អាទិត្យ​ឱ្យគេ​សម្រាក​ខ្លះ​ផង​លោក​អើយ»៕