ឧត្តរមានជ័យៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ឧត្តរមានជ័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​កាលពីថ្ងៃ​ទី​ ១៨ ខែឧសភា ពាក់ព័ន្ធ​ករណី​​ចាប់រំលោភ​សេពសន្ថវៈ​យុវតី​ម្នាក់​រួច​សម្លាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ ១៥ ឧសភា នៅ​ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។

លោក យិន ណារ៉េត ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ឧត្តរមានជ័យ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ ១៨ ឧសភា​ថា ជនសង្ស័យ​ឈ្មោះ អឿម សារី ហៅ​ ស្រី អាយុ​ ២៣ ​ឆ្នាំ​។ ចំណែក​យុវតី​រងគ្រោះ ឈ្មោះ ង.ស.ណ អាយុ​ ១៧ ​ឆ្នាំ​ (​ឈប់រៀន​) ពួកគេ​រស់នៅក្នុង​ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។

លោក​ប្រាប់ថា​៖ «​យើង​មិនត្រូវ​ការរក​បក្ខពួក​អី​ទេ ព្រោះ​ជនសង្ស័យ​សារភាព​​ថា គេ​ធ្វើ​សកម្មភាព​ម្នាក់ឯង ហើយ​មាន​ភ័ស្តុតាង​ស៊ីចង្វាក់​នឹង​ចម្លើយ​សារភាព​ផង​។ ​ដូច្នេះ​យើង​មិន​លំបាក​ក្នុង​ការប្រើ​ពេលវេលា​ស្រាវជ្រាវ​ច្រើន​ទេ​។ ​រឿងនេះ​គាត់​ថា គាត់​ពិតជា​បាន​ប្រព្រឹត្ត​លើ​នារី​រងគ្រោះ​មែន​»​។

លោក​បាន​បន្តថា ក្រោយពេល​សាកសួរ និង​កសាង​សំណុំរឿង​រួច សមត្ថកិច្ច​ត្រូវបញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​​រសៀល​ថ្ងៃទី​ ១៩ ឧសភា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ណារ៉េត បាន​រៀបរាប់​តាម​សម្ដី​សាច់ញាតិ​ជនរងគ្រោះ​ថា យុវតី​រូបនេះ ត្រូវបាន​ម្តាយ​ស្លាប់ចោល ហើយ​ឪពុក​របស់​នាង​បាន​យកប្រពន្ធ​ថ្មី​ទៀត ដើម្បី​បាន​មើលថែរក្សា​កូន​ក្នុង​គ្រួសារ​ក្រីក្រ​ដែល​មាន​កូន​ ៤ ​នាក់​ ក្នុង​នោះ​មាន​ស្រី​ ៣ ​នាក់​។

​ចំណែក​យុវតី​រងគ្រោះ ជា​កូនពៅ រីឯ​បងប្រុស​បន្ទាប់​របស់​នាង​ជា​មនុស្ស​សរសៃប្រសាទ​។ រវាង​យុវតី​រងគ្រោះ និង​ជនសង្ស័យ​គឺជា​មនុស្ស​ស្គាល់គ្នា ព្រោះ​ជា​អ្នករស់នៅ​ក្នុងភូមិ​តែមួយ តែ​មិន​ធ្លាប់មាន​ទំនាក់ទំនង​​ស្នេហា​អ្វី​ជាមួយគ្នា​ទេ​។

លោក​បាន​បន្តថា ចំពោះ​ជនសង្ស័យ​បាន​ឆ្លើយថា នៅ​ព្រឹក​ថ្ងៃកើតហេតុ ថ្ងៃទី​ ១៥ ឧសភា គេ​បានឃើញ​នារី​រងគ្រោះ​ជិះ​កង់​តែម្នាក់ឯង​ទៅរក​បេះ​ផ្លែ​ព្រីង​ក្នុងព្រៃ​ដាច់ស្រយាល​ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជា​ ១០ ​គីឡូម៉ែត្រ ដោយ​នាង​បាន​ទុក​កង់​ចោល​នៅលើ​ផ្លូវលំ​ដីក្រហម​។ ខណៈនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅតាម​ក្រោយ ហើយ​ដោយសារ​ឃើញ​នៅក្នុង​ព្រៃ​ស្ងាត់​ល្អ ជនសង្ស័យ​​ក៏​បាន​ចាប់​ជនរងគ្រោះ​សម្រាត ហើយ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​តែម្តង​។

បើតាម​លោក ណារ៉េត ក្រោយពី​ចាប់រំលោភ​បាន​សម្រេច​រួចហើយ ជនសង្ស័យ​បាន​ចាប់​ជនរងគ្រោះ​អូស​ទៅ​ត្រពាំងទឹក​នៅ​ក្បែរ​នោះ ហើយ​បាន​យក​អាវ​ក្រៅ​របស់​នាង​រុំមុខ រួច​ចាប់​ក្បាល​ជនរងគ្រោះ​ជ្រមុជ​ចូល​ក្នុង​ទឹក​ត្រពាំង​ជម្រៅ​ត្រឹម​ចង្កេះ​មនុស្ស​ចាស់​។ ​

បន្ទាប់ពី​ដឹងថា ជនរងគ្រោះ​ស្លាប់ ក្រោយ​​ពេល​ជ្រមុជ​ចូល​ទឹកបាន​ប្រមាណ​ជា​កន្លះ​​ម៉ោង ជនសង្ស័យ​ក៏បាន​លើក​សាកសព ហើយ​រុញ​ទៅ​លាក់​នៅក្នុង​គុម្ពោធ​ព្រៃ​ក្នុង​ត្រពាំងទឹក​ដដែល​នោះ​។

លោក​បន្តថា បន្ទាប់មកទៀត​ជនសង្ស័យ​​បាន​យក​កង់​កញ្ចាស់​របស់​ជនរងគ្រោះ​ទៅ​ទម្លាក់​ក្នុង​ស្រះ​ទឹក​ ១ ​កន្លែង​ទៀត​ដែលមាន​ចម្ងាយ​ប្រមាណ​ជា​ ២០០ ​ម៉ែត្រ​ពី​កន្លែងកើតហេតុ រួច​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ភូមិ​វិញ​។

ចំណែក​សាច់ញាតិ​ជនរងគ្រោះ ដោយសារ​បាត់​មុខ​មិនឃើញ​នាង​ត្រឡប់​មកផ្ទះ​វិញ ក៏មាន​ការឆោឡោ​ផ្អើល​ដល់​អ្នកភូមិ ទើប​មាន​ការជួយ​​ស្វែងរក​ដល់​កន្លែង​កើតហេតុ ហើយ​​ពេល​ចុះ​រាវ​ក្នុង​ត្រពាំងទឹក ទើប​រកឃើញ​សាកសព​យុវតី​រងគ្រោះ​នៅក្នុង​គុម្ពោត​ព្រៃ​តែម្ដង​។

លោក​បន្តទៀតថា ក្រោយ​រក​សាកសព​ឃើញ សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​បាន​បើក​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ហើយ​ក៏​ដាក់​កម្លាំង​ឃ្លាំមើល​នៅក្នុង​ភូមិ​ដែល​ជនសង្ស័យ និង​ជនរងគ្រោះ​រស់នៅ​។

លុះដល់​ព្រឹក​ថ្ងៃទី​ ១៨ ឧសភា ប្រហែល​​ជា​ជនសង្ស័យ​ដឹងខ្លួន ដោយសារ​ឃើញ​នគរបាល​ដាក់​កម្លាំង​យាម​តាម​គោលដៅ​គេ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេច​ចេញ​ពី​ភូមិ តែ​ត្រូវ​សមត្ថកិច្ច​របស់​លោក​ចាប់បាន​នៅ​​តាមផ្លូវ​តែម្តង​។

លោក​បន្ថែមថា ក្រោយ​ចាប់ខ្លួន​គឺ​សមត្ថកិច្ច​បានឱ្យ​ជនសង្ស័យ​នាំ​ទៅ​​រក​វត្ថុតាង​នៅ​កន្លែង​កើតហេតុ​ដែល​រួមមាន កង់​កញ្ចាស់​របស់​ជនរងគ្រោះ​ ១ ខោលីអូ​ ១ និង​អាវ​ក្នុង​ដែល​ជនសង្ស័យ​សម្រាត​ហើយ​លាក់ទុក​ក្នុងព្រៃ​។ ​ដូច្នេះ​ដោយ​ផ្អែកលើ​ភ័ស្តុតាង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​គឺ​ស៊ីចង្វាក់​គ្នា​ដែល​បញ្ជាក់ថា​ជនសង្ស័យ​ពិតជា​បាន​រំលោភ​សម្លាប់​យុវតី​រងគ្រោះ​ពិតមែន​៕