កណ្ដាលៈ ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់​ ទៅ​សាលាដំបូង​ខេត្ត​ក្រោយពី​តាម​ចាប់ខ្លួន​បាន​ពីថ្ងៃ​ទី​ ២០ ​មិថុនា ពាក់ព័ន្ធ​ករណី​ព្រួត​វាយ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី​ ១១ ​មិថុនា​ នៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារលួង ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

លោក រឿន ណារ៉ា ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត​កណ្តាល​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​រូបនេះ​ឈ្មោះ ស៊ី ណាត អាយុ​ ៣៣ ​ឆ្នាំ​ ជា​កម្មករសំណង់​មាន​លំនៅ​ក្នុង​ភូមិ​ធ្លូកអណ្តូង ឃុំ​ស្លក្រាម ក្រុង-ខេត្ត​សៀមរាប​។ ជននេះ​ត្រូវបាន​សមត្ថកិច្ច​លោក​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ថ្ងៃទី​ ២២ ​មិថុនា ក្រោយពី​បំពេញ​សំណុំរឿង​ចប់​។

លោក​បាន​បន្តថា ជនសង្ស័យ​ និង​បក្ខពួក​បាន​រត់គេច​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​វាយ​ជនរងគ្រោះ​កាលពី​យប់​ថ្ងៃទី​ ១១ ​មិថុនា​ នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល តែ​ត្រូវ​សមត្ថកិច្ច​របស់​លោក​សហការ​ជាមួយ​នគរបាល​ខេត្ត​សៀមរាប​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ម្នាក់​នៅ​​ភូមិកំណើត​របស់​គេ​កាលពី​ថ្ងៃទី​ ២០ ខែមិថុនា​។

លោក​ថ្លែងថា​៖ «​ក្រោយ​ឃាត់ខ្លួន និង​បញ្ចប់​កិច្ចការ​សាកសួរ​រួចរាល់​គឺ​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃនេះ​ (២២ ​មិថុនា​)​។

នៅ​មាន​ជនសង្ស័យ​ផ្សេងទៀត​ដែល​សមត្ថកិច្ច​ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នេះ​បន្តទៀត​»​។

លោក​ ពេញ វុទ្ធី នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ពី​ថ្ងៃទី​ ២១ មិថុនា ​ដែរ​ថា តាម​ព័ត៌មាន​ពី​គ្រួសារ​ជនរងគ្រោះ​ទាំង​ជនរងគ្រោះ និង​ក្រុម​ជនសង្ស័យ​មាន​ស្រុកកំណើត​នៅ​ខេត្ត​សៀមរាប​។ ​ប៉ុន្តែ​ពួកគេ​បាន​​មក​ធ្វើ​សំណង់​នៅ​ស្រុក​ពញាឮ​ខេត្តកណ្តាល​។ ​លុះ​នៅ​យប់​ថ្ងៃ​​ទី​ ១១ ​មិថុនា គ្នីគ្នា​ជនរងគ្រោះ​ ៣ ​នាក់ ​បាន​ឲ្យ​លុយ​ទៅ​ជនរងគ្រោះ​ដើម្បី​ទិញ​ម្ហូប តែ​ជនរងគ្រោះ​បែរជា​ទិញ​ស្រា​មក​ផឹក​។

លោក​បន្តថា ពេលនោះ​ក្រុម​ជនសង្ស័យ​បាន​ស្ដីបន្ទោស​ក៏​ទាស់សម្តី​គ្នា​ហើយ​ក្រុម​ជនសង្ស័យ​បាន​យក​ដែកគាស់ និង​ចបជីក​វាយ​ជនរងគ្រោះ​បណ្តាល​​ឲ្យ​របួសធ្ងន់​។ បន្ទាប់មក​ក្រុម​ជនសង្ស័យ​បាន​អូស​ជនរងគ្រោះ​​ទៅ​កន្លែង​ផ្សេង​រួច​គេចខ្លួន​។

លោក​ថា ពួកគាត់​វាយ​ជនរងគ្រោះ​ដួល​ហើយ​ក៏​លើក​ជនរងគ្រោះ​ទៅ​កន្លែង​ផ្សេង និង​យក​ប៉ែល​ចូក​ខ្សាច់​លុប​ឈាម ដើម្បី​បំបិទ​ភ័ស្តុតាង​ហើយ​នាំគ្នា​គេចខ្លួន​អស់​»​។

លោក​បាន​បន្តថា ភ្លាម​នោះ​ជនរងគ្រោះ​មិនទាន់​ស្លាប់​ទេ​។

លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ១២ មិថុនា ​ម្ចាស់​ការដ្ឋាន​សំណង់​បាន​រាយការណ៍​មក​សមត្ថកិច្ច​របស់​លោក​ទើប​សមត្ថកិច្ច​បាន​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាឮ ដើម្បី​សង្គ្រោះ​។ ប៉ុន្តែ​បន្ទាប់ពី​ព្យាបាល​បាន​ ១ ​យប់​គ្រូពេទ្យ​ប្រាប់​សាច់ញាតិ​ជនរងគ្រោះ​ថា អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ ទើប​ក្រុមគ្រួសារ​ដឹក​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​សៀមរាប តែ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ​។

លោក​បាន​បញ្ជាក់ថា ករណី​​នេះ​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​អស់​​ហើយ​ ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់ប្រាប់​ឈ្មោះ​ក្រុម​ជនសង្ស័យ​បានទេ ព្រោះ​សមត្ថកិច្ច​កំពុង​​ធ្វើការងារ​នេះ​បន្តទៀត​៕