ភ្នំពេញៈ សមត្ថកិច្ច​ការិយាល័យ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៥ មេសា ឆ្នាំ​ ២០២០ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​សែក​អត់​សាច់ប្រាក់​ចំនួន ១៥០ ០០០​ ដុល្លារ​។

ក៏ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងថា ជុំវិញ​ការបញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ​នេះ​គឺ​លោក​មិនទាន់​បាន​ទទួល​របាយការណ៍​ពី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនអាច​ឆ្លើយ​ប្រាប់​បានទេ ដោយសារ​ខ្ញុំ​មិនទាន់​បាន​របាយការណ៍​»​។

ទោះយ៉ាងណា​មន្ត្រី​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ១ ​រូប ​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក​បាន​ឃាត់ខ្លួន និង​បញ្ចូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផូ ណូរិន អាយុ​ ៤៦ ​ឆ្នាំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ​នៅ​រសៀល​ថ្ងៃទី​ ៧ ​មេសា ប៉ុន្តែ​លោក​មិនបាន​ប្រាប់​លម្អិត​ទេ ដោយ​គ្រាន់តែ​ថា ឃាត់​ខ្លួន​ជនសង្ស័យ​នេះ​​គឺធ្វើ​ឡើង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ដែល​បាន​ប្តឹង​មក​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​។

លោក​បាន​បញ្ជាក់ថា​៖ «​រឿង​ចាប់​នេះ​ខ្ញុំ​ចង់​បាន​ស្នាដៃ​ហើយ ប៉ុន្តែ​ជា​គោលការណ៍​ខ្ញុំ​មិនអាច​ជម្រាប​ព័ត៌មាន​នេះ​ជូន​បានទេ​»​។

នៅពេល​ទាក់ទង​សួរ​តាម​តេឡេក្រាម​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញារង គុជ គឹមឡុង ជុំវិញ​ការចោទប្រកាន់​ពី​តុលាការ​លើ​ជនសង្ស័យ​យ៉ាងណា​នោះ លោក​មិនបាន​ឆ្លើយតប​ទេ​រហូត​ដល់ពេល​ព្រលប់​ថ្ងៃ​ម្សិលមិញ​។

ទាក់ទិន​នឹង​ការចេញ​សែក​គ្មាន​សាច់ប្រាក់​នេះ​បើ​តាម​បណ្ដាញ​ព័ត៌មាន Fresh News កាលពី​ម្សិលមិញ​បាន​សរសេរថា កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផូ ណូរិន នៅ​ថ្ងៃទី​ ៥ ខែមេសា បន្ទាប់ពី​ទទួល​បាន​បណ្តឹង​ពី​ជនរងគ្រោះ​ទាក់ទង​នឹង​រឿង​ចេញ​មូលប្បទានបត្រ​គ្មាន​ប្រាក់​សរុប ១៥០ ០០០ ដុល្លារ ​ដោយ​បណ្ដឹង​នោះ​មានភ្ជាប់​ទាំង​ឯកសារ សែក​ស្អុយ​មក​ធ្វើ​ជា​ភ័ស្តុតាង​ផងដែរ​។

បើតាម​ Fresh News ដែល​យោងតាម​ប្រភព​បាន​អះអាង​ថា ជនសង្ស័យ​ខាងលើ​បាន​ប្រើល្បិច​បញ្ចុះបញ្ចូល​ឲ្យ​ជនរងគ្រោះ​ជឿទុកចិត្ត​លើ​ខ្លួន​ទើប​ឈានដល់​ប្រើ​កលល្បិច​ចេញ​សែក​ស្អុយ​បោក​ជនរងគ្រោះ ទើប​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ចាត់ការ​តាមច្បាប់​តែ​ម្តង​៕