ព្រះវិហារៈ កម្លាំង​នគរបាល​ខេត្តព្រះវិហារ​ពី​ម្សិលមិញ​បាន​បញ្ជូន​ជន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ គ្រឿងញៀន​ឆ្លងដែន​ ២ ​នាក់​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ ២០០ ​គីឡូក្រាម​។

លោក​ ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ​ និង​ជា​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ជនប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​ទាំង​ ២ ​នាក់​នោះ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង មហាផ្ទៃ រួមសហការ​ជាមួយ​កម្លាំង នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ចាប់ខ្លួន​នៅ​ចំណុច​កំពង់ស្រឡៅ ​ស្រុក​ឆែប​ ខេត្តព្រះវិហារ​។

សមត្ថកិច្ច​ចាប់ខ្លួន​ជន​ទាំង​ ២ ​នេះ​កាលពី​ថ្ងៃទី​ ២៦ ខែ ​កក្កដា ឆ្នាំ​ ២០២០ បន្ទាប់ពី​សមត្ថកិច្ច ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ ២០០ ​គីឡូក្រាម​ ដែល​ពួកគេ​បាន​ដឹកជញ្ជូន​តាម​រ៉ឺម៉ក​កង់​ ៣​ ឥណ្ឌា​។

ទោះយ៉ាងណា​លោក​ ម៉ក់ ជីតូ មិនបាន​ប្រាប់​ឲ្យ​ដឹង​អំពី​អត្តសញ្ញាណ​នៃ​ជនសង្ស័យ​ទាំង​ ២ ​នោះ​ទេ​កាលពី​ម្សិលមិញ ដោយ​លោក​ថ្លែងថា​៖ «​នៅពេលនេះ​សមត្ថកិច្ច​យើង​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​បណ្ដាញ​របស់​ពួកគេ​។ ដូច្នេះ​ខ្ញុំ​សុំ​មិន​ប្រាប់​ឲ្យ​ដឹង​អំពី​អត្តសញ្ញាណ​របស់​ពួកគេ​ទាំង​ ២ ​ជា​បណ្ដោះអាសន្ន​សិន​។ ពួកគេ​ទាំង​ ២ ​គឺជា​ជនជាតិ​ខ្មែរ ហើយ​គ្រឿងញៀន​ទាំង​ ២០០ ​គីឡូក្រាម​នោះ គឺ​ពួកគេ​នាំចូល​ពី​ប្រទេស​ឡាវ​តាមផ្លូវ​ទឹក​។ ពួកគេ​ជា​ក្រុម​ចាស់​ដែល​សមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​ជាយូរ​មកហើយ​»​។

បើតាម​មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនេះ ការបង្ក្រាប​ចាប់​ជនប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ ២ ​នាក់​នោះ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ទាំងអស់​។ ក្រៅពី​នេះ​ក៏មាន​ការចូលរួម​សម្របសម្រួល​ផ្នែក​ច្បាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពង់ស្ពឺ និង​ខេត្តព្រះវិហារ​។

លោក​បន្តថា នៅពេល​នេះ​ជនប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ទាំង​ ២ ​រួមទាំង​វត្ថុតាង​គ្រឿងញៀន ម៉េតំហ្វេតាមីន​ ២០០ ​គីឡូក្រាម និង​មធ្យោបាយ​ដឹកជញ្ជូន​រ៉ឺម៉ក​កង់​៣​ឥណ្ឌា​ ១ ​គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្ត​ព្រះវិហារ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ព្រះវិហារ ដើម្បី​មាន​ចំណាត់​ការបន្ត​តាម​នីតិវិធី​។

ជុំវិញ​ករណីនេះ​លោកស្រី ជុំ កន្និយ៉ា ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្តព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​អាទិត្យ​ថា ជនសង្ស័យ​ ២ ​នាក់​ដែល​ពាក់ព័ន្ធ​សំណុំរឿង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នោះ កំពុង​ស្ថិតក្រោម​នីតិវិធី​នៃ​ការស៊ើបសួរ​របស់​តុលាការ​នៅឡើយ​។

គួរ​បញ្ជាក់ថា ការផលិត ចរាចរណ៍ ជួញដូរ​គ្រឿងញៀន​លើ​ពិភពលោក និង​ក្នុង​តំបន់​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា នៅតែមាន​ការប្រែប្រួល​កើនឡើង​ឥត​ឈប់ឈរ ហើយ​ល្បិចកល​លួចលាក់​ធ្វើ​សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​កាន់តែ​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​មុន​។

កត្តា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​នៅតែ​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ដ៏អាក្រក់ និង​ការគំរាមកំហែង​ពី​ការចរាចរ​ឆ្លងកាត់ និង​ហូរ​ចូល​គ្រឿងញៀន​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​តាម​បញ្ញើ​ប្រៃសណីយ៍ ក៏ដូចជា​ការប៉ុនប៉ង​ផលិត​កែច្នៃ​គ្រឿងញៀន និង​ការរីករាលដាល​នៃ​ការប្រើប្រាស់​គ្រឿងញៀន​នៅ​ផ្ទៃ​ក្នុងប្រទេស​។

គិត​ចាប់ពី​ថ្ងៃទី​ ១ ខែ​មករា ដល់​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២០ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​សរុប​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ ៦១៦៩ ​ករណី និង​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​ ១២ ២៧៤ ​នាក់​។ ក្នុងនោះ​មាន​ស្រី្ត​ចំនួន​ ៧៦៤ ​នាក់ និង​មាន​ជនបរទេស​ចំនួន​ ១៧៨ ​នាក់​មាន​ ១៤ ​សញ្ជាតិ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​ ២ ខែ​សីហា ឆ្នាំ​ ២០២០​។

វត្ថុតាង​សារធាតុ​ញៀន​គ្រប់ប្រភេទ​ដែល​រឹបអូស​បាន​មាន​ចំនួន​ជាង​ ២៩០ ​គីឡូក្រាម និង​ ៧៨៩ ​កញ្ចប់​តូច កញ្ឆា​ជាង​ ២៥០ ​គីឡូក្រាម និង​សម្ភារ​ចាប់យក​មាន​រថយន្ដ​ ៧៦ ​គ្រឿង ម៉ូតូ​ ១ ៥២៩​ គ្រឿង ទូរស័ព្ទ​ ៤ ២៩១ ​គ្រឿង ជញ្ជីង​ ២៧៦ ​គ្រឿង អាវុធខ្លី​ ១៦ ​ដើម អាវុធ​វែង​ ១៧ ​ដើម​។

ដោយឡែក តុលាការ​ប្រជាជន​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​ ៣១ ​ខែ​ កក្កដា ឆ្នាំ ២០២០ បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​ស្ត្រី​ខ្មែរ​ម្នាក់ ឈ្មោះ​ មៀច ​ស្រីនាង ​អាយុ​ ២៧ ​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ពី​បទ​ «​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា-វៀតណាម​»​។

នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ VNA ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ របាយការណ៍​ព័ត៌មាន​របស់ VNA ​បាន​រៀបរាប់ថា ស្ត្រីខ្មែរ​រូបនោះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​វៀតណាម​ចាប់​ឃាត់​ខ្លួន​នៅ​ព្រំដែន​អន្តរជាតិ​បាវិត-ម៉ុកបៃ ​ក្នុង​ទឹកដី​ខេត្ត​តៃនិញ​កាលពី​ថ្ងៃទី​ ២ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩ បន្ទាប់ពី​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉េតំហ្វេតាមីន​ ៥ ​កញ្ចប់​ដែលមាន​ទម្ងន់​ជិត​ ៥ ​គីឡូក្រាម​៕