កំពង់ធំៈ ​នគរបាល​ខេត្ត​កំពង់ធំ​បាន​បញ្ជូន​យុវជន​សង្ស័យ​ ៣ ​នាក់​ ទៅ​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ម្សិលមិញ បន្ទាប់ពី​​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​អំពើ​​មនុស្សឃាត ក្រោយពេល​មាន​ពិធី​រាំ​ធុងបាស់​មួយ​កាលពី​យប់​​ថ្ងៃទី​ ៧ ​មីនា​ នៅ​ភូមិ​ស្ពានគ្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

លោក​ ទិត្យ សំណាង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ឱ្យដឹងពី​ម្សិលមិញ​ថា ជនសង្ស័យ​​ទាំង​ ៣ ​នាក់ ទី​១- ​ឈ្មោះ កុយ មករា​អាយុ​ ២០ ​ឆ្នាំ ,​ទី​២- ​ឈ្មោះ​ ឡោម លុច អាយុ​ ២០ ​ឆ្នាំ និង​​ឈ្មោះ​ នឿង សាញ់ អាយុ​ ២១ ​ឆ្នាំ​។ រីឯ​យុវជន​រងគ្រោះ​ឈ្មោះ លន គង់ស៊ីអ៊ីម ហៅ ចើប អាយុ​ ១៩ ​ឆ្នាំ​ជា​កសិករ​។ ​ពួកគេ​មាន​លំនៅ​ភូមិ​ជីអាប់ ឃុំ​ចំណារក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

លោក​ប្រាប់ថា ក្រុម​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​របស់​លោក​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តកំពង់ធំ​នៅ​រសៀល​ថ្ងៃទី​ ១០ ខែមីនា បន្ទាប់ពី​នគរបាល​ស្រុក​ស្ទោង​បញ្ជូន​ពួកគេ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​កំពងធំ​បាន​ប៉ុន្មាន​ម៉ោង និង​​ក្រោយពី​សមត្ថកិច្ច​លោក​បញ្ចប់​នីតិវីធី​ស៊ើបសួរ​។

លោក​ថា​៖ «​រឿងនេះ​យើង​មិនទាន់​សន្មត​ថា​មនុស្ស​ ៣ ​នាក់​នេះ​ជា​អ្នក​សម្លាប់​ជនរងគ្រោះ​នៅឡើយ​ទេ គ្រាន់តែ​ថា​អ្នក​ទាំង​ ៣ ​ស្ថិត​ក្នុង​ក្រុមមនុស្ស​​បង្ក​បទល្មើស​នោះឯង​។ ​ព្រោះ​​ពេលនោះ​យប់​ងងឹត​មិនដឹងថា​នរណា​ជា​ជនដៃដល់​ពិតប្រាកដ​ទេ ដូច្នេះ​ហើយ​យើង​ត្រូវការ​សួរ​ពួកគេ​បន្តទៀត​។ ​ធម្មតា​ពេល​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​មិនសូវ​ប្រាប់​សមត្ថកិច្ច​អស់​ទេ តែ​យ៉ាងណា​តុលាការ​នឹង​ចាត់ការ​តាម​នីតិវិធី​​បន្តទៀត​»​។

លោក វ៉ន សុភ័ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​បាន​​រៀបរាប់​ពី​ម្សិល​ថា មុន​កើតហេតុ​នៅក្នុង​ភូមិ​ស្ពានគ្រង​មាន​ពិធី​រាំ​ធុងបាស់​។ លុះ​ចប់​កម្មពិធី​​មនុស្សម្នា​ក៏​ទៅផ្ទះ​រៀងៗ​ខ្លួន​។ ​ប៉ុន្តែ​មិនដឹងថា ក្រុម​ជនបង្ក​ និង​ក្រុម​ជនរងគ្រោះ​ទាស់សម្តី​គ្នា​យ៉ាងណាទេ​ក៏​ស្រាប់តែ​ណាត់​មក​វ៉ៃ​គ្នា​នៅ​ថ្នល់ជាតិ ឆ្ងាយ​ពី​កន្លែង​រាំ​ជាង​ ១ ​គីឡូម៉ែត្រ​។

លោក​បន្តថា ពេល​កំពុង​វ៉ៃ​គ្នា​ស្រាប់តែ​ជនរងគ្រោះ​ឈ្មោះ លន គង់ស៊ីអ៊ីម បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​មកដល់ ហើយ​គាត់​ស្គាល់​មនុស្ស​ម្នាក់​ក្នុងចំណោម​ទាំង​ ២ ​ក្រុម​នេះ​។ ពេល​នោះ​​ជនរងគ្រោះ​បាន​ចូលទៅ​ឃាត់​​កុំ​ឱ្យគេ​វ៉ៃ​បុរស​ដែល​គាត់​បាន​​ស្គាល់​នោះ​។ ​តែ​ក៏​ត្រូវគេ​វ៉ៃ​នឹង​​វត្ថុ​រឹង​ចំក្បាល​ផ្នែក​ខាងក្រោយ​បណ្តាល​ឱ្យ​របួសធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង តែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

លោក​ប្រាប់ តាម​សម្តី​អ្នកឃើញ​​ហេតុការណ៍​ថា​៖ «​ពេលនោះ​​យប់​ងងឹត​មិនដឹងថា នរណា​វ៉ៃ​ត្រូវ​ជនរងគ្រោះ​ទេ ប៉ុន្តែ​បក្ខពួក​បង្ក យើង​ចាប់បាន​ ៣ ​នាក់​»​។

បើតាម​លោក​ សុភ័ណ ក្រោយ​​កើតហេតុ​ប្រមាណ​ ២០ ​នាទី​​សមត្ថកិច្ច​ស្រុក​ស្ទោង និង​មាន​ការដឹកនាំ​ពី​លោក​ ទិត្យ សំណាង​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ចុះ​អន្តរាគមន៍ ហើយ​ភ្លាមៗ​នោះ​ក៏បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ ៣ ​នាក់​។ រីឯ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​បានគេច​​ខ្លួន​អស់ តែ​សមត្ថកិច្ច​កំពុង​បន្ត​តាមរក​បក្ខពួក​នៅឡើយ​។

ករណី​ដោយឡែក​មួយទៀត​​នៅ​យប់​ថ្ងៃទី​ ៧ មីនា​នោះ ​ក៏​​មាន​សកម្មភាព​វ៉ៃ​គ្នា​កើតឡើង​​ផងដែរ នៅក្នុង​ភូមិ​សង្គ្រោះ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បណ្ដាលឱ្យ​យុវជន​ម្នាក់​ឈ្មោះ​ នៀត អាយុ​ ១៨ ​ឆ្នាំ​ ត្រូវ​គេ​កាប់​របួស​ស្រាំ​លលាដ៍ក្បាល​។ នេះ​​បើតាម​លោក​ ជា ពឿន នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កំពង់ធំ​ប្រាប់​កាលពី​​ម្សិលមិញ​។

លោក​បានឱ្យដឹងថា បច្ចុប្បន្ន​ជនរងគ្រោះ​រូបនេះ​កំពុង​ត្រូវ​​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ (​ពេទ្យ​លោកសង្ឃ​) ​ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​៕