កណ្ដាលៈ បុរស​ជា​ជនសង្ស័យ​​ ៤ ​នា​ក់​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​សា​​លា​ដំ​បូ​ង​ខេត្ត​កាលពី​​ម្សិល​មិញ​​ក្រោយពីឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​នៅ ទីកន្លែង​ផ្សេង​ៗ​គ្នា​ចាប់​ពី​ថ្ងៃ ​១ ​​កុម្ភៈ​ដល់​​ថ្ងៃ​ ៣ ​កុម្ភៈ​ ពាក់​ព័ន្ធ​នឹង​ករណី​ព្រួត​គ្នា​សម្លាប់​​មិត្ត​ភក្ដិ​ម្នាក់​ប្រ​ព្រឹត្ត​កាលពី​​ថ្ងៃ​ ១២ ​​មករា។

លោក​ ទូច​ អុីណាន​ មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពីម្សិល​មិញ​ថា​ ក្រុម​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ ​ទី១​- ឈ្មោះ ព្រំ វ៉ា់ដា អាយុ​ ៣១ ឆ្នាំ, ទី​២- ​ឈ្មោះ ​ព្រំ សម្បត្ដិ ​(ហៅ​យួន) ​អាយុ​ ១៩ ​ឆ្នាំ,​ទី៣- ​ឈ្មោះ​ ប៉ោង​ សំណាង​ (ហៅ​ពៅ)​ អាយុ​ ១៨ ​ឆ្នាំ ​និង​ទី៤- ឈ្មោះ ​ម៉ម​ ហ័ត​ អាយុ ២៥ ឆ្នាំ។ ​រីឯ​បុរស​រង​គ្រោះ​ឈ្មោះ​ខន​សា​រ៉ាត់​អាយុ​ ១៩ ​ឆ្នាំ​។

លោក​ប្រាប់​ថា​​៖​ «​ក្រុម​ជន​ទាំង​ ៤ ​នា​ក់​​ បាន​សារភាព​ពីសកម្ម​ភាព​សម្លាប់​ជន​រងគ្រោះ​ក្នុង​រឿង​គំនុំ​​ទំនាស់​ពាក្យ​សម្តី​គ្នា​។​ ពួកគេ​ថា ​​ជន​រង​គ្រោះ​​និ​យាយ​កុហក​»។

លោក​រំឭក​ ប្រាប់​តាម​​ចម្លើយ​ជន​សង្ស័យ​ថា ​ពួកគេ​​ជា​មិត្តភក្ដិជា​មួយ​គ្នា​​។ នៅ​មុន​ពេល​កើត​ហេតុ​ពួកគេ​​ទាំង​ ៤ ​នាក់​បាន​បបួល​ជន​រង​គ្រោះ​​ឈ្មោះ​​ ខ​​ន ​​សា​រ៉ាត់ ​​ទៅ​ច្រៀង​ខា​រ៉ា​អូ​ខេ​ហើយ​ពួកគេ​​បាន​សួរ​ជនរ​ង​គ្រោះ​ថា​ មាន​លុយ​ប៉ាវ​អត់ ​ពេល​នោះ​ជនរ​ង​គ្រោះ​ឆ្លើយ​ថា​រឿង​លុយ​កាក់​មិន​អី​ទេ​។​ បន្ទាប់​ពី​មាន​ការ​អះ​អាង​​ពី​​ជនរងគ្រោះ​បែប​នេះ​ ក្រុម​ជន​សង្ស័យ​បាន​នាំ​គ្នា​ទៅ​កន្លែង​ខារ៉ា​អូ​ខេ​នោះ។​

លោក​បន្ត​ថា ​ពេល​ទៅ​ដល់​កន្លែង​ខារ៉ាអូខេ​ហើយ ​ក្រុម​ជនសង្ស័យ​បាន​សួរប​ញ្ជាក់​ទៅ​ជន​រង​គ្រោះ​ថា ​ប្រាកដ​​ជា​មានលុយ​ប៉ាវ​ពួក​គេ​​មែន​ឬ​?​ ​ពេល​នោះ​ជន​រង​គ្រោះ​​បាន​ឆ្លើយ​បញ្ជាក់​ប្រាប់​ថា​គេ​​គ្មាន​លុយ​ទេ។ លុះ​និយាយ​ប្រាប់​ក្រុម​ជន​សង្ស័យ​​រួច​ភ្លាម​ជន​រង​គ្រោះ​បាន​ដើរ​ទៅ​និយាយ​ទូរ​ស័ព្ទ​នៅ​​វាល​ស្រែ​ម្នាក់​ឯង។

ដោយ​ឃើញ​សភាព​បែប​នេះ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​ បាន​ទៅ​ក្បែរ​ជន​​រងគ្រោះ​​ហើយ​យក​ដៃ​ម្ខាង​ក្រៀក​​ក​ជន​រង​គ្រោះ​​ បន្ទាប់​មក​ក៏​​មាន​ការ​ប្រ​វាយ​ប្រតប់​គ្នា​។​ចំណែក​​ឯ​បក្ខពួក​​ ៣ ​នាក់​ទៀ​ត​ឃើ​​ញ​​ដូច្នេះ​ស្រាប់​តែ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ដោះ​ខ្សែ​ក្រ​វាត់​​ពី​ចង្កេះ​រឹត​ក​​រហូត​ដល់​ស្លាប់​នៅ​ម៉ោង ១២ យប់។​

លោក​​បញ្ជាក់​បន្ថែម​ថា​​ បន្ទាប់​ពី​ដឹង​ថា​ ជនរង​គ្រោះ​ស្លាប់​ ​ក្រុម​​ជន​សង្ស័យ​​បាន​នាំ​គ្នា​ចាប់​ជើង​ទាំង​ ២ ​របស់​ជន​រង​គ្រោះ​អូស​បញ្ច្រាស់​សំដៅ​​រក​កន្លែង​លាក់​សាក​សព​។ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​យក​ចំបើង​ទៅ​គ្រប​លើជនរង​គ្រោះ​រួច​រត់​គេច​ខ្លួន​អស់។

លុះ​ដល់ថ្ងៃ​ ៣០​ មករា​ ពលរដ្ឋ​បានប្រទះ​​ឃើញ​សាក​សព​​ជនរង​គ្រោះ​នៅ​វាល​ស្រែ​ក្នុង​ភូមិ​ ត្រ​ពាំង​បាគូ​ ឃុំត្រពាំង​វែង​​ ស្រុ​ក​​​កណ្តាល​ស្ទឹង​ ក៏​​រាយ​ការណ៍​ប្រាប់​មន្ត្រី​អាវុធហត្ថ​ស្រុក​ទើ​ប​មាន​ការ​រាយ​ការណ៍​បន្ត​ទៅ​កាន់បញ្ជា​ការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ហើយ​ក៏មានការចុះ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​តែ​ម្តង។

លោក​ប្រាប់​ថា​ បន្ទាប់​ពី​សមត្ថ​កិច្ច​របស់​លោក​កំណត់​​មុខ​សញ្ញា​បាន​​ហើយ​ក៏​បើក​ប្រតិ​បត្តិ​ការ​​ដោយ​សហការ​​ជា​មួយ​កង​​រាជ​អាវុធ​​ហត្ថ​ខេត្ត​ព្រៃវែង​ និង​ភ្នំ​ពេញចុះ​ស្រាវ​ជ្រាវ​អស់​​ពេល​ ៣ ​ថ្ងៃ​​ទើប​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​បាន​ម្នាក់​នៅ​ខេ​ត្ត​ព្រៃវែង រី​ឯ ​២ នា​ក់​ចាប់​នៅ​ខេត្ត​កណ្ដាល ហើយ​ម្នាក់​ទៀត​ ចាប់​បាន​នៅ​ភ្នំពេញ៕