
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម កាលពីថ្ងៃទី ០៦ ឧសភា។ រូបថត ប៉ូលីស
កំពង់ចាម៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ចាមបានបញ្ជូនជនសង្ស័យ ៥ នាក់ ទៅតុលាការនៅរសៀលថ្ងៃទី ៩ ខែឧសភានេះ ក្នុងនោះមាន ៣ នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និង ២ នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។
លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាមទទួលបន្ទុកផែនព្រហ្មទណ្ឌបានឲ្យដឹងថា នៅថ្ងៃទី ៩ ខែឧសភានេះ សមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនសង្ស័យទាំងអស់ ៥ នាក់ ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី ៦ និងថ្ងៃទី ៧ ខែឧសភា។
លោកបានថ្លែងថា៖ «នីតិវិធីយើងបានបញ្ជូនទៅដល់តុលាការរសៀលថ្ងៃនេះហើយ ទាំងអ្នកទទួលផលចោរកម្ម ទាំងអ្នកលួចមានស្ថានទម្ងន់ទោស រឿងអង្គហេតុលួចមានស្ថានទម្ងន់ទោសនេះ គឺជនសង្ស័យបម្រុងកាច់កម៉ូតូទេ ប៉ុន្តែដោយម្ចាស់ទាន់ អីចឹងទៅវាទាញកាំភ្លើងបាញ់បណ្តោយ អីចឹងបានយើងយកទាំងវត្ថុតាងដែលកាច់កម៉ូតូហ្នឹងមក»។
លោកថា ជនសង្ស័យចំនួន ៣ នាក់ ត្រូវបានឃាត់ខ្លួននៅភូមិវាលស្បូវ ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្នកទាំងនោះ ទី១ ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរៈ ហៅ ឡុង សម្បត្តិ ហៅ ឡុង ធា អាយុ ៤៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត,ទី២ ឈ្មោះ ដេត សុផល អាយុ ៤៣ ឆ្នាំ មានលំនៅក្នុងភូមិអម្ពិលតាពក ឃុំអម្ពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងទី៣ ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ ៤៨ ឆ្នាំ មានលំនៅក្នុងភូមិវាលស្បូវ ឃុំអម្ពិល ស្រុកកំពង់សៀម។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ៣ គ្រឿង (ធុនសេ ១២៥ ចំនួន ២ គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន ១ គ្រឿង), ស្លាកលេខម៉ូតូចំនួន ១៤ សន្លឹក, អាវុធខ្លីចំនួន ១ ដើម (ម៉ាក K59), គ្រាប់ចំនួន ១០ គ្រាប់,សោកាច់ចំនួន ២៣ គ្រាប់ និងសម្ភារវត្ថុតាងពាក់ព័ន្ធ ១ ចំនួនទៀត។
បើតាម លោក ហេង វុទ្ធី ដែលបានស្រង់សម្ដីសារភាពរបស់ជនសង្ស័យទាំង ៣ បានឲ្យដឹងថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ និងលួចម៉ូតូ ចំនួន ១៥ លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលលួចបាន គឺយកទៅលក់ឲ្យមុខសញ្ញាទទួលផលចោរកម្មនៅរាជធានីភ្នំពេញ។
លោក វុទ្ធី បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ ឡាំ ឆុន នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១ កម្លាំងជំនាញនគរបាលខេត្តកំពង់ចាម ដោយមានការសហការពីកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃក៏បានបន្តចុះស្រាវជ្រាវហើយបានឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មបានចំនួន ២ នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលទទួលផលចោរកម្មទាំង ២ នាក់នោះ ឈ្មោះ សួន រស្មី អាយុ ២៨ ឆ្នាំ មានលំនៅក្នុងភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ និងឈ្មោះ អ៊ួង សុខគា អាយុ ២៣ ឆ្នាំ មានលំនៅក្នុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រីឯវត្ថុតាងដែលដកហូតបានពីអ្នកទាំង ២ នេះ រួមមាន រថយន្តចំនួន ១ គ្រឿង ម៉ាកកាមរីពណ៌សពាក់ស្លាកលេខ ២AQ-៩០៦៨ (ស្លាកលេខក្លែងក្លាយ)។
ទូរស័ព្ទដៃចំនួន ២ គ្រឿង និងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរស័កិ្ដ អនុសេនីយ៍ឯក ឋានៈមន្ត្រីអត្តលេខ ៥៧៤៤៧៕